កងសន្តិសុខខណ្ឌដូនពេញរារាំងអតីតស្រ្តីបឹងកក់មិនឲ្យដាក់ញ្ញត្តិនៅ ធនាគារពិភពលោក

អតីតស្ត្រីរងគ្រោះដីធ្លីនៅតំបន់បឹងកក់ប្រមាណ ៣០នាក់ បានប្រមូលផ្ដុំគ្នានៅមុខធនាគារពិភពលោក ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឲ្យផ្អាកការផ្ដល់ជំនួយគ្រប់ប្រភេទ មករដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។

បណ្ដាញអតីតស្រ្តីបឹងកក់យល់ឃើញថា៖ ការផ្ដល់ជំនួយជាថ្មីរបស់ធនាគារពិភពលោកមកអោយកម្ពុជាមិនបានជំរុញឲ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សទេ និងបានរារាំងការតស៊ូមតិ ដើម្បីទាមទារដីធ្លីរបស់ពួកគេទៀតផង។

«ការសម្រេចមិនផ្ដល់ ឬ ផ្អាកការផ្ដល់ជំនួយឲ្យរាជរដ្ឋាភិបាលកន្លងមក បានជួយយ៉ាងច្រើនដល់ ការតស៊ូមតិរបស់យើងខ្ញុំទាំងអស់គ្នា ដើម្បីទាមទារដីធ្លីរបស់ពួកយើងមកវិញ»

ការដាក់ញ្ញត្តិមិនទទួលបានជោគជ័យទេ ខណៈពួកគាត់កំពុងជួបជុំគ្នាត្រូវបានកងសន្តិសុខខណ្ឌរារាំង និងចាប់អ្នកតំណាងចំនួន ០៨នាក់ និងម៉ូតូពីរគ្រឿងលើកដាក់ឡាន រួចដឹកយកនៅដាក់នៅក្បែរវត្តភ្នំ។ ក្រុមសន្តិសុខមិនបានអនុញ្ញាតិអោយស្ត្រីទាំងនោះចាកចេញពីទីនោះទេ រហូតដល់ម៉ោង ១១និង៣០ នាទី ថ្ងៃត្រង់ទើបអនុញ្ញាតិ។

គួរបញ្ជាក់ថា  ធនាគារពិភពលោក បាន​សម្រេច​ផ្តល់​កម្ចី​ឥត​ការ​ប្រាក់​ទំហំ​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​សម្រាប់ គម្រោង​លើកកម្ពស់​គុណភាព​អប់រំ​ ​ស្ថាបនា​ផ្លូវលំ​តាមជនបទ​ឲ្យ​កាន់តែ​ប្រសើរ និង ​ការ​ប្រែប្រួល​អាកាសធាតុ ដែលបានចេញផ្សាយកាលពី​ថ្ងៃ​ទី​១៧ ខែមេ​សា ឆ្នាំ២០១៧។

គួររំលឹកឡើងថា ក្នុងកំឡុងឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធឲ្យក្រុមហ៊ុនឯកជន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលធ្វើឲ្យប៉ះពាល់ជាង ៣០០០គ្រួសារក្នុងតំបន់នោះ៕

Picture by Vantha

Picture by Vantha

Picture by Vantha