កូនៗរបស់ពលរដ្ឋតវ៉ាដីធ្លី មកពីខេត្តកោះកុង ធ្លាក់ខ្លួនមានជំងឺគ្រុនឈាម

កូនៗ​របស់​ពល​រដ្ឋ​រង​គ្រោះ​ដី​ធ្លី​ខេត្ត​កោះ​កុង​ដែល​ឡើង​មក​តវ៉ា​នៅ​ភ្នំ​ពេញ​ដោយ​សារ​ក្រុម​ហ៊ុន​រំ​លោភ​យក​ដី​នោះ​ បាន​ធ្លាក់​ខ្លូន​កើត​ជំងឺ​គ្រុន​ឈាម​ រលាក​បំពង់​ក​ រលាក​ពោះ​វៀន​ជា​ដើម​ បណ្តា​មក​ពី​ការ​ស្នាក់​នៅ​ ការ​បរិភោគ​អាហារ​មិន​ស្អាត​ខ្វះ​អនាម័យ​ និង​បរិយាកាស​នៃ​ការ​រស់​នៅ​មិន​បាន​សមរម្យ​។

ស្ត្រី​វ័យ​កណ្តាល​ស្ថិត​ក្នុង​សំលៀក​បំពាក់​ខោ​វែង​ពណ៌​បៃ​តង​និង​មាន​ ទឹក​មុខ​ស្រពោន​អង្គុយ​ផ្ទាល់​នឹង​ដី​ម្នាក់​ ជា​តំណាង​សហគមន៍​ផង​នោះ​ អ្នក​ស្រី​ ផាវ​ ញ៉ឺង​ និយាយ​ថា​ កូន​របស់​គាត់​កើត​គ្រុន​ឈាម​ ដោយ​សារ​អាជ្ញា​ធរ​មិន​អើ​រពើ​ យក​ពួក​គាត់​មក​ទុក​ចោល​នៅ​ក្បែរ​វត្ត​សាមគ្គី​រង្សី​ កន្លែង​ស្នាក់​នៅ​មិន​សម​រម្យ​ប​ណ្តាល​ឱ្យ​កូន​របស់​គាត់​ត្រូវ​មូស​ខាំ​កើត​គ្រុន​ឈាម​។ អ្នក​ស្រី​បន្ត​ទាំង​ទឹក​ភ្នែក​ថា​ «លទ្ធផល​ពេទ្យ​បង្ហាញ​ថា​កូន​មីង​មាន​ជំងឺ​រលាក​បំពង់ក​ រលាក​ពោះវៀន​ និង​គ្រុន​ឈា​ម​ ។ មីង​បារម្ភ​ណាស់​កូន​មិន​បាន​ធូរ​ស្រាល​ទេ​ លុយ​ក៏​គ្មា​ន​ ហើយ​ម្សិល​មិញ​ពេទ្យ​ប្រាប់​ថា​អស់​១៥​ម៉ឺន​ ថ្ងៃ​នេះ​មិន​ដឹង​អស់​ប៉ុន្មាន​នោះ​ទេ​»។

មិន​ខុស​ពី​អ្នក​ស្រី​ ផាវ​ ញ៉ឺង​ ឡើយ​ ស្ត្រី​សហគមន៍​រង​គ្រោះ​ម្នាក់​ផ្សេង​ទៀត​ ដែល​អង្គុយ​លើ​ឥដ្ឋរុំក្រ​មាខៀវ​ធ្វើ​ជាក្នើយ​ ដៃ​ទ្រ​កូន​កំពុង​ព្យូ​សេ​រ៉ូម​អ្នក​ស្រី​ សឹង​ កេត​ រៀប​រាប់​ថា​ កូន​គាត់​ឈឺ​អាច​បណ្តាល​មក​ពី​ការ​ហូប​ចុក​ និង​ការ​ស្នាក់​នៅ​មិន​ល្អ​ទើប​កូន​មីង​ឈឺ​។​ ពេទ្យ​ពិនិត្យ​ឈាម​ហើយ​ប្រាប់​ថា​ កូន​មីង​រលាក​បំពង់ក​ និង​រលាក​ថ្លើម​ មិន​ទាន់​រក​ឃើញ​ជំងឺ​គ្រុន​ឈាម​ទេ​ ពេល​នេះ​កំពុង​សម្រាក់​នៅ​ពេទ្យ​ឯក​ជន​មួយ​។ អ្នក​ស្រី​ថា​«យើង​អស់​ជំនឿ​លើ​តុលា​ការ​ហើយ​ សូម​រដ្ឋា​ភិបាល​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ពូក​យើង​ផង​ ដើម្បី​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ខ្ញុំ​មិន​ចង់​បាន​អ្វី​ទេ​សុំ​ត្រឹម​បាន​ដី​រ​បស់​ខ្ញុំ​មក​វិញ​តែ​ប៉ុណ្ណឹង​»។

ពល​រដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​លោក​ ប៊ុត​ ប្រុស​ ប្រាប់​សារព័ត៌​មាន​តោះ​អាន​ ថា កូនៗ​យើង​នៅ​ផ្ទះ​គ្មាន​អ្នក​ទំនុក​បម្រុង​ការ​សិក្សា​ឡើយ​ រស់​នៅ​ព្រាត់​ប្រាស់​គ្នា​ ឥឡូវ​កូន​តូច​របស់​យើង​ធ្លាក់​ខ្លូន​ឈឺ​ ។ បើ​រដ្ឋា​ភិបាល​មិន​មាន​ដំណោះ​ស្រាយ​ឱ្យ​ពួក​យើង​ នោះ​ពួក​យើង​មិន​ត្រឡប់​ទៅ​វិញ​ទេ​ «ឱ្យ​ពួក​ខ្ញុំ​ត្រឡប់​ទៅ​វិញ​យ៉ាង​ដូច​ម្តេច​ បើ​អស់​ដី​អស់​ស្រែ​ទៅ​ហើយ​ បើ​ទៅ​វិញ​មាន​តែ​អង្គុយ​ដាច់​ពោះ​ស្លាប់​»។

សារព័ត៌មាន​តោះ​អាន​ បាន​ទូរស័ព្ទ​ទៅ​លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនី​យកម្ម​ និង​សំណង់​ ដើម្បី​បំភ្លឺ​ជុំ​វិញ​ដំណោះ​ស្រាយ​រឿង​នេះ​ជា​ច្រើន​ដង​ ប៉ុន្តែ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល​។

តាម​ញ្ញត្តិ​ និង​ពាក្យ​បណ្តឹង​របស់​ពល​រដ្ឋ​រង​គ្រោះ​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​ចំនួន​១៤៧​គ្រួសារ​បាន​បាត់​បង់​ដី​ធ្លី ​ស្រែ​ចម្ការ​ ដោយ​សារ​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុម​ហ៊ុន​ កោះ​កុង​ស៊ូ​ហ្គ័រ​ និង​កោះ​កុង​ផ្លេន​ថេរសិន​ អ៊ីន​ដាស្រ្ទី​ ខម​ភេនី​ លី​មីត​ធីត​មាន​ផ្ទៃ​ដី​សរុប​៧៨២​,១៦​ហិចតា​។ ​ហើយ​ប្រជា​ពល​រដ្ឋ​ចំនូន​១៥​គ្រូសារ​ទៀត​បាត់​បង់​ដី​ធ្លី​ទំហំ​៥៩​,៣៩​ហិច​តា​ ដោយ​សារ​ការ​រំលោភ​យក​របស់​ក្រុម​ហ៊ុន​ ហេង​ហ៊ុយ​អេហ្រ្គីខ័ល​ឈ័រ​ គ្រុប​ ដែល​មាន​ទី​តាំង​នៅ​ស្រុក​ បទុម​សាគរ​ និង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​៕

ប្រភព៖ tosread