ក្រុង​សន្យា​ដោះស្រាយ​សំណង​ជូន​អ្នក ​បុរីកីឡា​ ដែល​កំពុង​តវ៉ា

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​កំណត់​យក​រយៈពេល ៨ ថ្ងៃ​ដើម្បី​ចុះ​សិក្សា​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​ការ​ទាមទារ​សំណង​ដែល​អ្នក​បុរី​កីឡា​ប្រមាណ​ពី​ ៤០-៥០ ​គ្រួសារ​មិន​ទាន់​បាន​ទទួល​នៅ​ក្នុង​ជម្លោះ​ខ្វែង​គំនិត​គ្នា​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​បុរី​កីឡា​ទោះបី​យ៉ាង​ណា​ក៏ដោយ​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​នូវ​​សំណង​នេះ​មិន​ទាន់​ទុក​ចិត្ត​ទៅ​លើ​ការ​សន្យា​នោះ​ទេ។

កាលពី​ព្រឹក​ម្សិលមិញ​​អ្នក​បុរី​កីឡា​ប្រមាណ​ជា​ ៣០ ​នាក់​បាន​ធ្វើ​ពិធី​បួងសួង​នៅ​ខាង​មុខ​អគារ​បុរី​កីឡា​ដើម្បី​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ជា​អំណាច​នៃ​ដួង​ព្រលឹង​ជួយ​ជំរុញ​​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ ទន្ទឹម​គ្នា​នោះ​ពួកគេ​​ក៏​បាន​ដាក់​បណ្តា​សា​ដល់​​អាជ្ញាធរ​ផង​ដែរ​ឲ្យ​ជួប​តែ​សេចក្តី​ទុក្ខ​លំបាក​បើ​សិន​ជា​មិន​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ផ្ទះ​សំបែង​របស់​ពួកគេ​។ នៅ​ម៉ោង​ប្រហែល​ ៩ ​ព្រឹក​ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​​រ៉ឺម៉ក​កង់បី​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សមត្ថកិច្ច​ប្រហែល​ជា​ ២០ ​នាក់​។

អ្នកស្រី​ សុក ស្រីអូន តំណាង​អ្នក​បុរី​កីឡា​ ៣២ ​គ្រួសារ​ដែល​​មិន​ទាន់​បាន​ទទួល​សំណង​ពី​ការ​បណ្តេញ​ចេញ​តាំងពី​ឆ្នាំ​ ២០១២ ​មក​នោះ​បាន​ឲ្យ​ដឹង​ក្រោយ​ពី​ជួប​ជាមួយ​ភាគី​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ម្សិលមិញ​ថា​សាលា​រាជធានី​សន្យា​ថា​កំណត់​យក​ថ្ងៃ​ទី​ ២៦ ខែ​ធ្នូ​ឆ្នាំ​ ២០១៦ ដល់​ថ្ងៃ​ទី​ ៣ ​ខែ​មករា​ឆ្នាំ​ ២០១៧ ​សម្រាប់​ដោះស្រាយ​សំណង​នានា​ដែល​អ្នក​បុរី​កីឡា​ទាមទារ​។

អ្នកស្រី​ថ្លែង​ថា​៖ ​«​ខ្ញុំ​ទាមទារ​ផ្ទះ​អភិវឌ្ឍន៍​នៅ​នឹង​​កន្លែង​រង់ចាំ​មើល​ដល់​ថ្ងៃ​ហ្នឹង​សិន​គាត់​ថា​អាច​ខុស​ថ្ងៃ​គ្នា​បន្តិច​បន្តួច​វា​ដូចជា​សង្ឃឹម​ថា​ ៥០ ​ភាគរយ​ចុះ​ទាមទារ​ចង់​តែ​បាន​ហ្នឹង​»​។

អ្នក​បុរីកីឡា​ម្នាក់​ទៀត​អ្នកស្រី ស សន ដែល​តំណាង​​ឲ្យ​អ្នក​បុរី​កីឡា​​ ១៣ ​គ្រួសារ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​​អាជ្ញាធរ​ស្នើ​ឲ្យ​ទៅ​រស់នៅ​ភូមិ​អណ្តូង​ឯ​ជាយ​រាជធានី​ភ្នំពេញ​នោះ​បាន​ថ្លែង​ថា​អ្នកស្រី​មិន​ទទួល​សំណើ​នេះ​ទេ​ហើយ​ថា​ការ​ដោះស្រាយ​នោះ​​ថ្ងៃ​ខាង​មុខ​អ្នកស្រី​គឺ​ទាមទារ​ឲ្យ​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ អ្នកស្រី​ថ្លែង​ថា​ទៅ​រស់នៅ​ភូមិ​​អណ្តូង​មួយ​គ្រួសារ​បាន​បន្ទប់​មួយ​ទំហំ​​ ៤ ​ម៉ែត្រ​គុណ​នឹង​ ៥ ​ម៉ែត្រ​​ និង​ទឹកប្រាក់​ពី​ ២០០០ ដុល្លារ​ដល់​ ៧០០០ ​ដុល្លារ​តាម​​ស្ថានភាព​គ្រួសារ​។

អ្នកស្រី​បន្ថែម​ថា​៖ ​«​ឲ្យ​តែ​គាត់​ដោះស្រាយ​សំណង​សមរម្យ​មក​ទទួល​យក​ហើយ​​បើ​នៅ​តែ​ឲ្យ​នៅ​ភូមិ​អណ្តូង​ទេ​មិន​អាច​យក​ទេ​ពួក​យើង​មិន​អាច​ទទួល​យក​បាន​ចង់​អភិវឌ្ឍន​នឹង​កន្លែង​យើង​ប្រកាន់​ជំហរ​តាម​កិច្ចសន្យា​របស់​សម្តេច និង​ក្រុមហ៊ុន​​»​។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្តី ឲ្យ​ដឹង​ថា​សាលា​រាជធានី​បាន​ពន្យល់​ប្រជាពលរដ្ឋ​ទាំង​នោះ​ពី​ដំណើរការ​ដោះស្រាយ​បញ្ហា​នៅ​បុរី​កីឡា​នេះ​ដោយ​​អាជ្ញាធរ​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​ដោយ​សាលា​រាជធានី​មាន​ក្រុម​ការងារ​ដើម្បី​សិក្សា និង​ដោះស្រាយ​បញ្ហា​នេះ​តែ​ត្រូវ​ការ​ពេលវេលា​មិន​អាច​លឿន​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ​ទេ​។

លោក​បន្ថែម​ថា​៖ ​«​អ្នក​នៅ​សល់​ប៉ុន្មាន​ហ្នឹង​យើង​ក៏​នៅ​បន្ត​ដោះស្រាយ​ជាមួយ​គាត់​ដែរ​ហើយ​នីតិវិធី​ដោះស្រាយ​យើង​មាន​ក្រុម​ការងារ​វាយតម្លៃ​យើង​ជូន​ដំណឹង​ឲ្យ​គាត់​ដឹង​ហើយ​រង់ចាំ​មើល​ថា​ឈ្មោះ ឬ​ក្រុម​របស់​គាត់​ណា​មួយ​ស្ថិត​ក្នុង​ការ​ដោះស្រាយ​នៅ​ពេល​ណា​»​។

យ៉ាងណា​មិញ​មាន​អតីត​អ្នក​បឹងកក់​ក៏​បាន​ទៅ​កាន់​សាលា​រាជធានី​ដែរ​តែ​មិន​បាន​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ទេ​ និង​មាន​ការ​រុញ​ច្រាន​គ្នា​ជាមួយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​មួយ​ប្រាវ​ផង​ដែរ​តែ​មិន​មាន​អ្នក​រងរបួស​ទេ​។

ត្រង់​ចំណុច​នេះ​លោក ម៉េត មាសភក្តី មាន​ប្រសាសន៍​ថា​ការ​រុញ​ច្រាន​គ្នា​នេះ​មិន​មាន​ជា​ចេតនា​ហិង្សា​ណា​មួយ​នោះ​ទេ​ដោយ​​គ្រាន់​តែ​កម្លាំង​សន្តិសុខ​ព្យាយាម​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​​​សាធារណ​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​មូលហេតុ​ដែល​អតីត​អ្នក​បឹងកក់​មិន​បាន​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ព្រោះ​​អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ទទួល​សំណង និង​បាន​យល់ព្រម​ចាកចេញ​រួច​ទៅ​ហើយៗ​ថ្វីដ្បិត​តែ​យ៉ាង​នេះ​ក្តី​​ក៏​មិនមែន​មាន​ន័យ​ថា​អាជ្ញាធរ​បោះបង់​ពួកគាត់​នោះ​ទេ​ដោយ​​អាជ្ញាធរ​នៅ​តែ​បន្ត​ជួយ​ពួកគាត់​តាមរយៈ​ការ​បន្ត​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ដែល​ពួកគាត់​កំពុង​រស់នៅ​។

ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ​កាលពី​ម្សិលមិញ​សកម្មជន​ដីធ្លី​បឹងកក់​ម្នាក់​គឺ​អ្នកស្រី គង់ ចន្ថា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ទៅ​សាកសួរ​ទាក់ទង​នឹង​សំណុំ​រឿង​មួយ​ដែល​ប្តឹង​ដោយ​ស្រ្តី​បឹងកក់​ម្នាក់​ទៀត​ពី​បទ​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​កាលពី​ឆ្នាំ​ ២០១១​។

អ្នកស្រី​ គង់​ ចន្ថា​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​អ្នកស្រី​បាន​បញ្ជាក់​ទៅ​ចៅក្រម​ស៊ើបសួរ​ដោយ​អះអាង​ថា​អ្នកស្រី​មិន​នៅ​កន្លែង​​កើតហេតុ​ទេ​នៅ​ពេល​នោះ​តែ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់​អ្នកស្រី​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ព្រោះ​​តុលាការ​តម្រូវ​ឲ្យ​អ្នកស្រី​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ខែ​ម្តង​ពេល​ចាកចេញ​​ទៅ​ណា​​ឬ​ ​ក្រៅ​ប្រទេស​ត្រូវ​រាយការណ៍​ទៅ​តុលាការ​ហើយ​បើ​អ្នកស្រី​ផ្លាស់​ទី​លំនៅ​ក៏​ត្រូវ​ជូន​ដំណឹង​ទៅ​តុលាការ​ដែរ​។

អ្នកស្រី​បន្ថែម​ថា​៖ ​«​គេ​ឲ្យ​យើង​គោរព​តាម​លក្ខខណ្ឌ​របស់​គេ​ទាំង​បី​ហ្នឹង​តែ​ម្តង​ដែល​​​នេះ​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ដល់​សកម្មជន​ដីធ្លី​បឹងកក់​ ​ឬ​អ្នក​ផ្សេងៗ​ទៀត​ឲ្យ​តែ​ហ៊ាន​តវ៉ា​គឺ​ការ​បំបាក់​​ស្មារតី​មិន​ឲ្យ​ហ៊ាន​ចេញ​មុខ​តែ​ម្តង​»​។

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី គង់ ចន្ថា គឺ​អ្នកស្រី សាម សុគន្ធា មាន​ប្រសាសន៍​ថា​ការ​សម្រេច​ដាក់​ឲ្យ​កូន​ក្តី​អ្នកស្រី​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​នេះ​ជា​ជម្រើស​របស់​ចៅក្រម​ក្នុង​ការ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ស៊ើបអង្កេត​។

ទោះ​យ៉ាង​ណា​ក៏ដោយ​អ្នកស្រី​ថ្លែង​ថា​តុលាការ​មិន​បាច់​ដាក់​លក្ខខណ្ឌ​បែប​នេះ​ក៏​មិន​ជា​អ្វី​ដែរ​ដោយ​ថា​​កូនក្តី​អ្នកស្រី​មិន​ដែល​រត់​ទៅ​ណា​ទេ​៕

អ្នកអាចស្វែងរកប្រភពដើមនៅទីនេះ

រូបភាពដោយ ភ្នំពេញប៉ុស្តិ៍