kem-ley

ក្រោយកែម ឡី ស្លាប់ ស្ងាត់អ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាលដោយនិយាយចំៗ

បច្ចុប្បន្នអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ហាក់បន្ទន់ឥរិយាបទចំពោះការរិះគន់ដោយនិយាយត្រង់ត្រង់ ពីអំពើពុករលួយ បក្សពួកនិយម ការដឹកនាំខ្វះទន្សនៈនយោបាយត្រឹមត្រូវ ហើយស្នេហាជាតិពិតប្រាកដ និងការកៀបសង្កត់សកម្មជនការពារសិទ្ធិក្នុងការទាមទារសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើម មកជាការរិះគន់តាមរយៈសំនេរប្រៀបធៀបន័យ ឬមិនចំចំណុចមិនល្អរបស់រដ្ឋាភិបាលនោះទេ។ ពួកគេហាក់បាក់ ស្បាតចំពោះការរិះគន់នូវចំណុចអាក្រក់របស់រដ្ឋាភិបាល បន្ទាប់ពីបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់ អស់រយៈពេលជាងបួនខែទៅហើយនោះ។

បើគេគិតត្រឹមថ្ងៃទី២៣វិច្ឆិកា គឺមានរយៈពេលជាងបួនខែហើយដែលលោក កែម ឡី បាត់រូបរាងពីទឹកដីកម្ពុជា តែយុត្តិធម៌ពិតប្រាកដមិនទាន់ត្រូវលាងត្រដាងនៅឡើយទេ ហើយអាថ៌កំបាំងនោះ ហាក់កំពុងសម្ងំកប់ក្នុងរនាំងនៃការការពាររបស់មនុស្សមួយក្រុម។

អ្នកវិភាគបញ្ហាសង្គមបណ្ឌិត សេង សារី លើកឡើងថា ការស្លាប់របស់បណ្ឌិត កែម ឡី បានបណ្តាលឱ្យការរិះគន់បែបស្ថាបនាធ្លាក់ចុះ ហើយបញ្ហាអសកម្មនានាក្នុងសង្គមហាក់ងើបឡើង និងមិនសូវមានអ្នកហ៊ានរិះគន់ចំៗទៀតនោះទេ។ ឃាតករដែលបាញ់សម្លាប់បណ្ឌិត កែម ឡី នោះត្រូវបានអ្នកវិភាគបញ្ហាសង្គមមើលឃើញថាគឺកំពុងគំរាមកំហែងចិត្តអ្នកវិភាគបញ្ហាសង្គមផ្សេងទៀត ឱ្យនៅទ្រឹងមួយកន្លែង បើទោះបីចង់សម្តែងមតិរិះគន់ក៏ត្រូវគិតដល់ផ្លូវមរណៈដែរ។

បណ្ឌិត សេង សារី បន្តថាក្រោយបណ្ឌិត កែម ឡី ស្លាប់ភ្លាម ពលរដ្ឋហាក់ហ៊ានងើបតវ៉ា និងបញ្ចេញ មតិរិៈគន់ចំពោះរដ្ឋាភិបាល ដែលអសមត្ថភាពការពារសុវត្ថិភាព និងបណ្តាលឱ្យឃាតករបាញ់សម្លាប់មនុស្សទាំងព្រឹក និងចំកណ្តាលទីក្រុង។ លោកបន្តថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី នេះមិនមែនជាករណីចុងក្រោយនោះទេ ប៉ុន្តែផ្ទុយទៅវិញបើសិនកម្ពុជានៅតែមានអ្នកវិភាគដែលហ៊ាននិយាយចំៗ ត្រង់ៗផ្អែកតាមតថភាព និងទិន្ន័យច្បាស់លាស់ទៀត ពួកគេអាចប្រឈមមុខនឹងការធ្វើបាប ឬឈានដល់ការបាញ់សម្លាប់ក៏ថាបាន។ ក្រោយបណ្ឌិត កែម ឡី ស្លាប់គេសង្កេតឃើញថាមានហេតុការណ៍ជាច្រើនកើតឡើងដូចជា ការចាប់សកម្មជនបឹងកក់អ្នកស្រីទេព វន្នី ដាក់គុកនិងការប្រើហិង្សាលើសកម្មជនការពារសិទ្ធិមនុស្ស នៃអង្គការ លីកាដូ លោក អំ សំអាត ពីសំណាក់សន្តិសុខសាលាក្រុងភ្នំពេញជាដើម។

ទាក់ទងទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃឧត្តមសេនីយ៍ ខៀវ សុភ័ក្ត្រ មានប្រសាសន៍ថាក្រសួងមហាផ្ទៃកំពុងប្រឹងប្រែងរកភស្តុតាង ជាបន្តទៀតដើម្បីកំណត់អត្តសញ្ញាណអ្នកនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ជួប សម្លាប់ ដែលជាឃាតករបាញ់សម្លាប់ កែម ឡី គឺមានចេទនាមិនឆ្លើយ និងព្យាយាមបង្វែរដានរបស់សមត្ថកិច្ចដោយលើកហេតុផលថា មានបងប្អូននៅថៃ និងកំាភ្លើងនោះទិញនៅប្រទេសថៃ។ ចំពោះកាមេរ៉ាសុវត្ថិភាពនោះវិញ គឺមិនមែនជាបញ្ហានោះទេ តែសំខាន់កុំព្យាយាមដាក់បន្ទុក ចំពោះសមត្ថកិច្ច និងតុលាការ។ «មិនពិបាកនោះទេ មិនមែនមកហែរហមរករឿងនោះទេ តែគួរតែមកអង្គុយ រកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃដើម្បី ធ្វើជាដើមបណ្តឹង ក្នុងសំណុំរឿងឃាតកម្មនេះ»។

តាមប្រសាសន៍របស់លោក ខៀវ សុភ័ក្ត្រ ហាក់ទទូចឱ្យសមាជិកគ្រួសាររបស់បណ្ឌិត កែម ឡី ដាក់ពាក្យប្តឹងទៅកាន់តុលាការ ហើយបើសិនមានភស្តុតាង ឬតម្រុយណាមួយសង្ស័យ ត្រូវតែប្រាប់មកសមត្ថកិច្ចដើម្បី ស្រាវជ្រាវបន្ថែម។ លោកបន្តថា ភរិយារបស់បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា មិនគួរចាក់ចេញពីប្រទេស ដោយមិនដាក់ពាក្យប្តឹង ឬមិនចាត់តំណាងណាមួយដើម្បីសហការជាមួយតុលាការបែបនេះទេ។
«បើគាត់រស់នៅដើម្បីរករឿងគេ ដើម្បីចង់ទម្លាក់គេ គឺប្រាកដជាមិនបានសុខហើយ តែគាត់អាចរស់នៅធម្មតាទៅ»។

ភរិយារបស់បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ត្រូវបានគេដឹងថា និរទេសខ្លួនសុំសិទ្ធិជ្រកកោននៅ ប្រទេសទីបី ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ។ លោកស្រី ប៊ូ រចនា ធ្លាប់ប្រាប់អ្នកសារព័ត៌មាន ថា លោកស្រី មិនរំពឹងថានឹងទទួលបានយុត្តិធម៌នោះទេ។

ជុំវិញការលើកឡើងរបស់លោក ខៀវ សុភ័ក្ត្រ នេះ ត្រូវបានប្រធានវេទិការអនាគតយុវជន លោក អ៊ូ វីរៈ សាទរ ប៉ុន្តែលោកលើកឡើងថាបើក្រសួងមហាផ្ទៃពិតជាមានចេទនា រកភស្តុតាងមែននោះ គឺមិនពិបាករកនោះឡើយ។ រីឯការរិះគន់បែបស្ថាបនា និងឱ្យបានស៊ីជម្រៅវិញ លោកអ៊ូ វីរៈ លោកលើកឡើងថា យុវជនគួរចេះប្រើចំណេះ និងការត្រិះរិះពិចារណាឱ្យបានត្រឹមត្រូវ និងច្បាស់ថាអ្វីដែលខ្លួនរិះគន់នោះ គឺផ្អែកតាមតថភាពសង្គម ការសិក្សាស្រាវជ្រាវ ហើយមានឯកសារច្បាស់លាស់។ លោកបន្តថា យុវជនខ្លះ មិនដែលអានសៀវភៅ សោះលេងតែហ្វេសប៊ុក (Facebook) និងមិនទាន់បានដឹងច្បាស់សាច់រឿងដែលកើតមានផងនោះ ប៉ុន្តែបែររិះគន់ទាំងស្រពិចស្រពិល។

ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលនេះដែរ លោក អ៊ូ វីរៈ បន្ដថាការបាញ់សម្លាប់ កែម ឡី គឺបានបំបាក់ស្មារតីពលរដ្ឋ និងអ្នកហ៊ានតវ៉ា ហើយក៏ជាហេតុផលមួយដែលអាចបណ្តាលឱ្យពលរដ្ឋភ័យខ្លាច និងមិនហ៊ាន រិះគន់ចំពោះរដ្ឋាភិបាល នូវចំណុចអសកម្មទៀតនោះឡើយ។ «មិនមែនទទួលឬមិនទទួលនោះទេ ជួនពេលខ្លះរិះគន់ត្រូវហើយក៏គេមិនអាចទទួលយកនោះដែរ។ តែសំខាន់យើងរិះគន់ដោយសុចរិតភាព និងច្បាស់លាស់ផ្នែកតាមការពិត»។

ឥរិយាបទនយោបាយ

ការប្រើយុទ្ធសាស្ត្រសិប្បនិមិត្តដើម្បីសម្លាប់បណ្ឌិត កែម ឡី ត្រូវបានអ្នកវិភាគបញ្ហាសង្គមលើកឡើងថា បានរុញប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងរណ្តៅនៃការបិទសេរីភាពនៃការបញ្ចេញមតិ។ គេសង្កេតឃើញថា បន្ទាប់ពីបណ្ឌិត កែម ឡី ស្លាប់ទៅ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងនគរឈឺចិត្តស្អិតទ្រូង ហើយការឈឺចាប់ នេះប្រហែលរត់គ្រប់សរសៃឈាមចំពោះពលរដ្ឋមានអត្តចរិកជាតិនិយម។ យ៉ាងណាក៏ដោយ ការឈឺចាប់នេះ ហាក់ស្ងាត់បន្តិចម្តងៗ ក្នុងស្រទាប់ផ្នត់គំនិតពលរដ្ឋខ្មែរ។ ហើយពលរដ្ឋម្នាក់ៗ ហាក់ផ្តើមខ្លាចការរិះគន់ចំពោះ ភាពអសកម្មការងាររបស់រដ្ឋាភិបាល។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត មានប្រសាសន៍ថា ការរិះគន់ចំពោះចំនុច អសកម្មរបស់រដ្ឋាភិបាល គឺជារឿងល្អ ហើយបក្សកាន់អំណាចតែងតែទទួលការរិះគន់ទាំងឡាយណាដែលមានសីលធម៌ សុជីវធម៌ និងមិនមានចេទនាចង់វ៉ៃបំបាក់រដ្ឋាភិបាល។ លោកបន្តថា ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ និងចូលរួមសកម្មភាពក្នុងសង្គម។ «រដ្ឋធម្មនុញ្ញមានហើយតើ ថាពលរដ្ឋមានសិទ្ធិរិះគន់ ប៉ុន្តែមិនមាន សិទ្ធិបរិហារកេរ្តិ៍គេនោះទេ។ បើបរិហារកេរ្តិ៍គេ គឺខុសច្បាប់»។

ទោះបីជាមានការបកស្រាយយ៉ាងនេះក៏ដោយ តែអ្នកវិភាគបញ្ហាសង្គមបណ្ឌិត សេង សារី យល់ថាការ កើតឡើងនូវករណីឃាតកម្មជាច្រើន គឺអាចជាប់ពាក់ព័ន្ធទៅនឹងការហ៊ានរិះគន់ចំៗនូវចំនុចអាក្រក់របស់រដ្ឋាភិបាល។ ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ ប្រហែលជាលោកផ្អែកតាមករណីឃាតកម្មក្រៅសំណាញ់ច្បាប់មួយចំនួន មានជាអាទិ៍ ការបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករដែលស្និទ្ធិនឹងគណបក្ស សម រង្ស៊ី ត្រូវបានឃាតករបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា នាខែមករា ឆ្នាំ២០០៤។ ការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ និងបរិស្ថានដ៏សកម្មមួយរូប គឺលោកឈុត វុទ្ធី នៅខែ មេសា ឆ្នាំ២០១២។ ហើយនៅពាក់កណ្តាលឆ្នាំ២០១៦ ការបាញ់សម្លាប់ បានកើតឡើងលើបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព។ លោកត្រូវបានឃាតករបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) ក្បែរស្តុបបូកគោ ភ្នំពេញ។

ចំពោះករណីឃាតកម្មក្រៅប្រព័ន្ធច្បាប់ទាំងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្ត្រ អះអាងប្រាប់ សារព័ត៌មានតោះអានថា ដរាបណាសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកជនដៃដល់ឃើញទេ នោះក្រសួងមហាផ្ទៃ និងតុលាការមិនបិទបញ្ចប់សំណុំរឿងទាំងនោះឡើយ។

ជុំវិញការបាញ់ប្រហារសម្លាប់បណ្ឌិត កែម ឡី ទាំងព្រឹកនោះ រដ្ឋាភិបាលកម្ពុជា ត្រូវបានពលរដ្ឋខឹងសម្បារមិនសប្បាយចិត្ត ហើយរងការរិះគន់យ៉ាងចាស់ដៃពីប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិថា ខ្វះសមត្ថភាពការពារសុវត្ថិភាពចំពោះអ្នកវិភាគបញ្ហាសង្គម ហើយករណីឃាតកម្មនោះ បានក្លាយជាផ្ទាំងស៊ីបនៃការឃ្លាំមើលរបស់ពលរដ្ឋខ្មែរ និងពិភពលោក។

ឥរិយាបទពលរដ្ឋខ្មែរក្រោយបណ្ឌិតកែម ឡីស្លាប់

គេសង្កេតឃើញថា បន្ទាប់ពីបណ្ឌិតស្លាប់ទៅ ពលរដ្ឋខ្មែរផ្តើមបែងចែកនូវបក្សពួកគ្នាកាន់តែខ្លាំងឡើងខ្លាំងឡើង ពិសេសអ្នកដែលមាននិន្នាការបក្សនយោបាយ។ មនុស្សមួយចំនួន ដែលធ្លាប់គិត និងតាំងខ្លួនឯងជាអ្នកកណ្តាល “ឧបេក្ខា” ឬជាមនុស្សដែលខ្លាចបំផុត ក៏ផ្តើមស្អប់ខ្ពើម និងហ៊ាននិយាយ ហ៊ានតវ៉ា ហ៊ានពាក់អាវអ្នកស្នេហាជាតិ និងតាំងចិត្តថាខ្លួនឯងត្រូវចូលរួមបញ្ចេញមតិរិះគន់។ ប៉ុន្តែការហ៊ានរិះគន់នេះ ត្រូវបានអ្នកវិភាគបញ្ហាសង្គម មើលឃើញថា ខ្វះមូលដ្ឋានការពិត និងមិនមានសីលចរិយាត្រឹមត្រូវ ជាលក្ខណៈវិទ្យាសាស្រ្ត។

យ៉ាងណាក៏ដោយ ការហ៊ានរិះគន់នេះ បានថយចុះបន្តិចម្តងៗ នៅពេលដែលរដ្ឋាភិបាលព្យាយាមពន្យល់ហេតុផលផ្សេងៗ។ រីឯមេបក្សជាប់ឆ្នោះឯណោះវិញ ហាក់យកចិត្តជាមួយពលរដ្ឋយ៉ាង ខ្លាំងតាមរយៈ ការចុះផ្ទាល់នៅតាមមូលដ្ឋាន និងបានស្នើឱ្យពលរដ្ឋ មិនត្រូវចាត់ទុកករណី ឃាតកម្មជារឿងនយោបាយនោះទេ។ នៅស្របពេលមេបក្សប្រឆាំង រិះគន់ខ្លាំងខ្លាំង និងចោទថា ឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី មានចរិកជាលក្ខណៈនយោបាយ និងមានអ្នកអំណាចនៅពីក្រោយខ្នង។

បើគេសង្កេតពិនិត្យគំនិតរបស់សកម្មជនបក្សយោបាយវិញ ផ្តើមបោះឈូងដាក់គ្នាឥតប្រណី ហើយបន្តិចម្តង បន្តិចម្តង អ្នកគណបក្សនយោបាយនិយម បានចាត់ទុកពលរដ្ឋដែលមាននិន្នាការនយោបាយខុសគ្នា ថា ជាសត្រូវរបស់ខ្លួន។ ហើយអ្នកដែលហ៊ានរិះគន់ចំពោះភាពអសកម្មរដ្ឋាភិបាលត្រូវបានគេចាត់ទុកថា ជាសកម្ម ជនបក្សប្រឆាំង ឬជាអ្នកប្រឆាំងផ្កាប់មុខ ទោះបីបើអ្នកនោះមិនមែនជាសកម្មជនបក្សនយោបាយក៏ដោយ។

ការបញ្ចេញមតិ និងសិទ្ធិសេរីភាព

នៅកម្ពុជាការបញ្ចេញមតិ គឺជារឿងត្រឹមត្រូវ និងមានធានាដោយច្បាប់។ រដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី៣ ស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាត្រា៤១ វាក្យខណ្ឌទី១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ហើយវាក្យខណ្ឌទី២ បានចែងថា ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្ដិយសរបស់អ្នកដទៃនោះឡើយ។ ហើយក្រៅពីរដ្ឋធម្មនុញ្ញ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៨ មាត្រា១៩ ចែងថា មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការសម្តែងមតិ។ សិទ្ធិនេះ រាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរក ការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែនទឹកដី ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។

អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោកបណ្ឌិតកែម ឡី កាលពីនៅរស់ធ្លាប់និយាយថា «បើអ្នកនយោបាយខ្លាចការរិះគន់ អ្នកនយោបាយនោះទេ គួរតែទៅដាំស្ពៃវិញល្អជាង»។ អ្នកវិភាគបញ្ហាសង្គមជាច្រើនយល់ឃើញថា ការរិះគន់នូវចំណុចមិនល្អរដ្ឋាភិបាល គឺជារឿងល្អ និងអាចជាកត្កាចលករសំខាន់ដើម្បីចូលរួមចំណែកស្ថាបនា និងពញ្ញាក់ស្មារតីអ្នកនយោបាយ មិនឱ្យលង់លក់ ជាមួយភាពអវិជ្ជមានរបស់ខ្លួន ម៉្លោះពលរដ្ឋ និងអ្នកវិភាគសង្គមមិនគួរខ្លាចនោះទេ៕

ប្រភព៖ tosread.com