ប្រភព៖ postkhmer
ភ្នំពេញៈ ការរំលោភយកដីធ្លីដែលកើតមានជាច្រើនក្នុងប្រទេសកម្ពុជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្លូវចិត្តរបស់ស្រ្តី និងនាំឲ្យអត្រានៃអំពើហិង្សាក្នុងគ្រួសារកើនឡើងខ្ពស់។ នេះបើតាមរបាយការណ៍ថ្មីមួយចេញកាលពីម្សិលមិញ។
របាយការណ៍ដែលមានចំណងជើងថាស្រ្តីកម្ពុជានៅក្នុងជម្លោះដីធ្លីដែលបានសិក្សាវាស់ស្ទង់ទៅលើស្រ្តីចំនួន ៦១២ នាក់ដែលត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ខ្លួនបានរកឃើញថា ៩៨ ភាគរយនៃជម្លោះដីធ្លីគឺមានផលប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់ពួកគេ។
ជិតពាក់កណ្តាលនៃស្រ្តីទាំងនោះបានពិចារណាបញ្ចប់ជីវិតរបស់ខ្លួន និង ១៨ ភាគរយបានប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួន។ ចំពោះជនរងគ្រោះម្នាក់ផលប៉ះពាល់ផ្លូវចិត្តបានកើតឡើងចំពោះរូបគាត់ហើយពេលខ្លះបានធ្វើឲ្យគាត់ភ្លេចភ្លាំងសូម្បីតែដាំទឹកក៏ទុកឲ្យរីងហួតអស់ដោយមិនដឹងខ្លួនក៏មាន។
របាយការណ៍ដែលចងក្រងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងធ្វើឡើងទៅលើខេត្តចំនួន ១២ នេះបានឲ្យដឹងថា សមត្ថភាពរបស់ស្រ្តីក្នុងការបំពេញតួនាទីយេនឌ័រប្រពៃណីក្នុងការផ្តល់ម្ហូបអាហារ និងជម្រកសម្រាប់គ្រួសារគឺមានការជាប់ពាក់ព័ន្ធមិនអាចផ្តាច់បានពីសន្តិសុខនៃដីធ្លីរបស់គាត់។ សន្តិសុខដីធ្លីនេះត្រូវបានធ្វើឲ្យរង្គោះរង្គើទៅលើប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០ ម៉ឺននាក់ដោយសារការរំលោភយកដីធ្លីពីក្រុមហ៊ុន និងអាជ្ញាធរ។
របាយការណ៍នេះក៏បានបង្ហាញផងដែរថាជាង ៧៥ ភាគរយនៃអ្នកផ្តល់សម្ភាសមានអារម្មណ៍ថាស្ថានភាពសិទ្ធិកាន់កាប់ដីធ្លីបច្ចុប្បន្នរបស់ពួកគេមិនមានសុវត្ថិភាពហើយជិត ៩៥ ភាគរយបានជួបការគំរាមកំហែងពីអាជ្ញាធរ និងមួយភាគបីនៃពួកគេគឺជួបអំពើហិង្សាលើរាងកាយ។
ស្រ្តីភាគច្រើនបានរាយការណ៍ថាបន្ទាប់ពីមានជម្លោះដីធ្លីខ្លួនជួបការលំបាកចំពោះលទ្ធភាពនៃការទិញម្ហូបអាហារគ្រប់គ្រាន់សម្រាប់គ្រួសារហើយតម្រូវការព្យាបាលជំងឺគឺមានកម្រិតខ្ពស់មិនអាចបំពេញបាន។
ប៉ុន្តែផលប៉ះពាល់នេះគឺលើសពីត្រឹមតែស្ថានភាពសេដ្ឋកិច្ច។ ២៣ ភាគរយនៃស្រ្តីដែលត្រូវបានសិក្សាវាស់ស្ទង់បាននិយាយថាពួកគាត់ជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ។ ពាក់កណ្តាលនៃពួកគេមិនដែលជួបអំពើហិង្សាក្នុងគ្រួសារពីមុនពេលមានជម្លោះដីធ្លីដោយសារជម្លោះដីធ្លីនេះគឺជាម្ជុលចាក់ដោតទំនាក់ទំនងក្នុងគ្រួសាររបស់ពួកគេ។
ការកើនឡើងនៃការផឹកស្រាជាមួយដៃគូដោយសារភាពតានតឹងក្នុងអារម្មណ៍បន្ទាប់ពីការបាត់បង់ដី ការឈ្លោះគ្នាអំពីការគ្មានប្រាក់ចំណូលក្នុងគ្រួសារ និងបញ្ហាស្រេ្តសខ្លាំងឡើងត្រូវបានរៀបរាប់ថាជាមូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ។
លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថាស្ត្រីមួយចំនួនធំក៏ត្រូវបានរាយការណ៍ផងដែរថាពួកគាត់បានប្រើអំពើហិង្សាដាក់កូនចៅរបស់គាត់បន្ទាប់ពីមានការរឹបអូសយកដីធ្លីរបស់ពួកគាត់។
លោកថ្លែងថា៖ «ឪពុកម្តាយពួកគាត់គ្មានជម្រើសណាផ្សេងទៀតទេគឺពួកគាត់មានតែបង្ខំឲ្យកូនស្វែងរកការងារធ្វើ»។
លោកបាននិយាយបន្ថែមថាផលប៉ះពាល់នេះគឺមានចំនួនមួយភាគបីនៃអ្នកដែលបានឆ្លើយសំណួរ។
ទោះបីជាមានការយំបង្ហូរទឹកភ្នែកពីជនរងគ្រោះដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ និងជម្លោះដីធ្លីនៅបឹងកក់ព្រមទាំងមានការបង្ហាញរូបថតស្ត្រីដែលជាសមាជិកនៃជនជាតិដើមភាគតិចដែលទទួលរងទុក្ខលំបាកវេទនាពីការអភិវឌ្ឍរបស់ក្រុមហ៊ុនក្តីក៏តំណាងរបស់រដ្ឋាភិបាលកាលពីម្សិលមិញមិនបានបង្ហាញសកម្មភាពអ្វីនោះទេ។
លោកស្រី សាក់ឃឿន សាវាទី អគ្គលេខារងនៅក្រសួងកិច្ចការនារីបានថ្លែងថាទោះបីជាអំពើហិង្សាក្នុងគ្រួសារអាចបណ្ដាលមកពីការរំលោភយកដីធ្លីក្តីក៏លោកស្រីបានច្រានចោលបញ្ហានេះហើយថាវាជាបញ្ហាសម្រាប់ប៉ូលិស ឬក្រសួងផ្សេងទៀត។
លោកស្រីថ្លែងថា៖ «អំពើហិង្សាក្នុងគ្រួសារនៅក្នុងជម្លោះដីធ្លីគឺមិនស្ថិតនៅក្រោមអាណត្តិរបស់ក្រសួងកិច្ចការនារីនោះទេ»។ «ជាការពិតណាស់យើងមានការអាណិតអាសូរចំពោះអ្នកទាំងនោះប៉ុន្តែអ្នកអាចអនុវត្តតាមនីតិវិធីច្បាប់»។ «អ្នកអាចប្រើប្រាស់សិទ្ធិរបស់អ្នកប៉ុន្តែធ្វើឱ្យប្រាកដថាការប្រើសិទិ្ធរបស់អ្នកវាមិនរំលោភលើសិទ្ធិរបស់អ្នកដទៃ»។ លោកស្រីបន្តថាស្ត្រីរងគ្រោះទាំងនោះគួរតែសម្លឹងមើលទៅលើចំណុចវិជ្ជមាននៃជម្លោះដីធ្លីនោះ។ «ប្រហែលជាអ្នកអាចមានគំនិតច្នៃប្រឌិតកាន់តែច្រើន»។
លោក វុទ្ធី វណ្ណារ៉ា មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរិះគន់របាយការណ៍នេះដោយថ្លែងថា៖ «នេះគឺមិនអាចទទួលយកបានទេ។ វាមិនអាចជាតំណាងបានទេប្រសិនបើអ្នកស្ទាបស្ទង់មតិដល់ចំនួន ៦០០ នាក់»។
លោកថារបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលបានដោះស្រាយបញ្ហាដីធ្លីនោះទេ៕