នៅសល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះនឹង​​​ដល់​​​ឱសាន​​​វាទ​​​សម្រាប់​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ហើយ

ប្រភព៖ Cambodia Daily

ដោយនៅសល់ពេល១០ថ្ងៃទៀតនឹងដល់ពេលកំណត់ដែលរដ្ឋាភិបាលបានដាក់ឱសានវាទសម្រាប់ការិយាល័យសិទ្ធិមនុស្សអង្គការសហរប្រជាជាតិឲ្យចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បើពុំដូច្នោះទេត្រូវបិទតែម្តងនោះ គ្មានសញ្ញាណាបង្ហាញថា ភាគីទាំងពីរបានខិតកាន់តែជិតទៅរកការឈានដល់កិច្ចព្រមព្រៀងនេះទេ។

ទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) និងក្រសួងការបរទេសសុទ្ធតែបានលើកឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេកំពុងតែបន្តការចរចាពាក់ព័ន្ធអនុស្សរណៈយោគយល់គ្នា(MoU) ដែលមានការកែប្រែ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ថា តើការពិភាក្សាទាំងនោះមានការវិវឌ្ឍយ៉ាងណានោះឡើយ។

លោកស្រី រ៉ាវីណា ហ្សាម ដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានលើកឡើងតាមរយៈអីុម៉េលមួយកាលពីថ្ងៃសុក្រថា “ការចរចាស្តីអំពី MoUរបស់យើងកំពុងតែបន្តក្នុងលក្ខណៈបែបស្ថាបនា”។

លោកស្រីបានបន្ថែមថា លោកស្រី គ្រីស្ទីន ភីកគ័ររីង (Christine Pickering) អ្នកនាំពាក្យការិយាល័យនេះប្រចាំប្រទេសកម្ពុជា នឹងតាមដានបញ្ហានេះ។

លោកស្រី គ្រីស្ទីន ភីកគ័ររីង បានលើកឡើងថា លោកស្រី វ៉ានហៀ លី (Wan-Hea Lee)  តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាគ្មានអ្វីបន្ថែមទេពាក់ព័ន្ធនឹងការចរចាេនះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងកាលពីម្សិលមិញថា ក្រសួងសង្ឃឹមថា កិច្ចព្រមព្រៀងនឹងមានការចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ ប៉ុន្តែក៏បានបដិសេធមិននិយាយថា តើភាគីទាំងពីរមានបានផ្តល់សម្បទានណាមួយឬក៏អត់នោះឡើយអំឡុងកិច្ចពិភាក្សានេះ។

លោកបានមានប្រសាសន៍ថា “ការពិភាក្សាកំពុងតែបន្ត។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរអាចចុះកិច្ចព្រមព្រៀងនេះបាននៅដំណាច់ឆ្នាំនេះ នោះគឺមានន័យថា ចុះ MoU នៅដំណាច់ឆ្នាំនេះ”។

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរលិខិតផ្ញើទៅកាន់លោក ហ្សេដ រ៉ាអែដ អាល់ហូ៊សេន (Zeid Ra’ad Al Hussein ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីចុងខែវិច្ឆិកា ដោយជម្រាបលោកថា ប្រសិនបើការិយាល័យមួយនេះបដិសេធមិនព្រមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីស្តីអំពីលក្ខខណ្ឌរបស់រដ្ឋាភិបាលនៅថ្ងៃទី៣០ ខែធ្នូ ទេនោះ ការិយាល័យនេះនឹងត្រូវបិទតែម្តង។

លោក ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតនេះថា “លើសពីពេលណាៗទាំងអស់តំណាង និងអ្នកនាំពាក្យ [របស់ OHCHR] បានបញ្ចេញអត្តចរិតគឃ្លើន និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនអាចទទួលយកបាន”។

លោកបានលើកឡើងទៀតថា ប្រសិនបើការិយាល័យរបស់អង្គការសហប្រជាជាតិមួយនេះមិនចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីអមដោយភាសាបន្ថែមអំពីការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេនោះ រដ្ឋាភិបាល “គ្មានជម្រើសក្រៅពីអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនស្តីពីអនាគតនៃវត្តមានដោយផ្ទាល់របស់ OHCHR នៅកម្ពុជានោះឡើយ”។

បណ្តាអង្គការសិទ្ធិមនុស្សបានលើកឡើងថា ការគំរាមរបស់រដ្ឋាភិបាលនៅក្នុងការបិទការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺគ្រាន់តែជាចំណាត់ការថ្មីមួយក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីបង្ក្រាបការរិះគន់ និងបំបិទមតិប្រឆាំងមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ដ៏សំខាន់ប៉ុណ្ណោះ។

លោក អីុនីយ៉ាន អីុឡានហ្គូ (Iniyan Ilango)  អ្នកគ្រប់គ្រងផ្នែកតស៊ូមតិសម្រាប់វេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍(Asian Forum for Human Rights and development) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា សហគមន៍ការទូតដែលរហូតមកទល់ពេលនេះនៅតែមិនបានសំដែងកង្វល់ជាសាធារណៈណាមួួយជំុវិញបញ្ហានេះនោះចាំបាច់ត្រូវការពារការិយាល័យសិទ្ធិមនុស្សមួយនេះ។

លោកបានបញ្ជាក់ថា ប្រទេសចំនួន៣៩បានមកជួបប្រជុំគ្នាអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែកញ្ញាដើម្បីសំដែងកង្វល់របស់ពួកគេជុំវិញស្ថានភាពកាន់តែយ៉ាប់យឺុននៅកម្ពុជា ដែលរដ្ឋាភិបាលបានច្រានចោលការលើកឡើងដែលថា រដ្ឋាភិបាលមិនស្វាគមន៍ចំពោះការជ្រៀតជ្រែករបស់បរទេសនៅក្នុងកិច្ចការរបស់ខ្លួន។

លោកបានថ្លែងថា “វាមានសារៈសំខាន់ដែលប្រទេសទាំងនេះតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងអាចឆ្លើយតបតាមផ្លូវការទូតចំពោះការប៉ុនប៉ងណាមួយដើម្បីធ្វើឲ្យវត្តមានរបស់ OHCHR ចុះខ្សោយនៅក្នុងប្រទេសនេះ”។

លោកបានបន្ថែមថា ” OHCHR មានតួនាទីសំខាន់ក្នុងការនិយាយអំពីការរំលោភបំពានហើយតួនាទីនេះមិនគួរត្រូវបានបំបិទនោះទេ។ ប្រសិនបើសហគមន៍អន្តរជាតិនៅតែស្ងាត់ស្ងៀម ពេលវត្តមានរបស់ OHCHR នៅកម្ពុជាត្រូវបានធ្វើឲ្យុចុះខ្សោយ វានឹងបង្កើតឲ្យមានស្ថានភាពអវិជ្ជមានខ្លាំងសម្រាប់ផ្នែកផ្សេងៗទៀតទូទាំងពិភពលោក”។

ខណៈអនុស្សរណៈនៃការយោគយល់គ្នាលើកមុនរវាងអង្គការសហប្រជាជាតិ និងក្រសួងការបរទេសបានផុតសុពលភាពប្រហែល១ឆ្នាំកន្លងមកនេះ ឱសានវាទរបស់រដ្ឋាភិបាលកើតឡើង បន្ទាប់ពីលោកស្រី វ៉ានហៀ លី បានលើកឡើងដោយរិះគន់ការសម្រេចរបស់រដ្ឋាភិបាលកាលពីខែតុលា ក្នុងការរារាំងមិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលចូលប្រទេសវិញប៉ុណ្ណោះ។

ការលើកឡើងរបស់លោកស្រី ដែលអំពាវនាវឲ្យរដ្ឋាភិបាលពន្យល់ ឬក៏កែប្រែការសម្រេចរបស់ខ្លួនត្រូវបានចុះផ្សាយដំបូងនៅក្នុងកាសែត ខេមបូឌា ដេលី ហើយត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងៗទៀត។ លោកស្រី វ៉ានហៀ លី បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនបានចុះផ្សាយការលើកឡើងរបស់លោកស្រីនៅក្នុងបរិបទស្របច្បាប់នោះឡើយ។

លោកស្រីបានសរសេរនៅក្នុងអីុម៉េលមួយកាលពីថ្ងៃទី២៩ខែវិច្ឆិកាថា “ជាការឆ្លើយតបចំពោះសំណួរថា តើការរារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញគឺជាការរំលោភសិទ្ធិមនុស្ស ឬក៏អត់នោះ ខ្ញុំបានពន្យល់ថា មាត្រា១២នៃអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ផ្តល់សិទ្ធិសេរីភាពក្នុងការដើរហើរ”។

លោកស្រីបានបន្ថែមថា “ការលើកឡើងរបស់ខ្ញុំត្រូវបានរាយការណ៍ដោយគ្មានការពន្យល់អំពីខ្លឹមសារស្របច្បាប់នៃសិទ្ធិនេះឡើយ ជាហេតុមើលទៅទំនងជាការតតាំង នឹងរដ្ឋាភិបាល។ ខ្ញុំអាចយល់បាន ហេតុអ្វីបានជាអ្នកខ្លះប្រហែលជាមើលឃើញថា ការលើកឡើងទាំងនោះ ជាសញ្ញានៃ ‘ការមិនគោរព’ និង ‘ភាពគឃ្លើន’ ដោយតាមពិតគ្មានបំណងយ៉ាងដូច្នេះសោះនោះ”។

លោកស្រីបានបន្ថែមទៀតថា “ខ្ញុំជឿជាក់យ៉ាងម៉ុតមាំថា មិត្តភក្តិ និងដៃគូពិតប្រាកដ គឺអ្នកណាដែលសច្ចៈ ពេលមានបញ្ហាប្រឈមហើយចេះជួយគ្នាដើម្បីជម្នះបញ្ហាទាំងនោះ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងមើលឃើញការងាររបស់យើងតាមរយៈការខិតខំនេះ”៕ស៊ុយឈាង

អ្នកអាចរកប្រភពដើមនៅទីនេះ
រូបភាពដោយ Khmer Times