ប្រជាពលរដ្ឋ ៩៦គ្រួសារមកពីភូមិសំរោងត្បួង ខណ្ឌព្រែកព្នៅ(ជាប់បឹងតាមោក) ស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់

នៅរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ៩៦គ្រួសារដែលមានជម្លោះដីធ្លីស្ថិតនៅក្នុងភូមិសំរោងត្បួង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ជាប់បឹងតាមោក) បានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយរឿងបញ្ហាដីធ្លីរបស់ពួកគាត់។
ការទាមទារនេះ គឺបន្ទាប់ពីមានការចុះទៅរុះរើ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យសាងសង់សំណង់ថ្មី ដោយអាជ្ញាធរបានលើកឡើងនូវហេតុផលចំនួន៣ ចំនុច៖
ទី១ ប្រជាពលរដ្ឋកំពុងរស់នៅលើដីចំណីផ្លូវ
ទី២ ប្រជាពលរដ្ឋកំពុងរស់នៅលើដីបឹង
និងទី៣ ប្រជាពលរដ្ឋកំពុងរស់នៅលើដីឯកជនរបស់អ្នកដទៃ។
តែទោះបីយ៉ាងណាប្រជាពលរដ្ឋបានអះអាងថាពួកគាត់រស់នៅទីនេះតាំងតែពីឆ្នាំ១៩៩០ មកម្លេះ តាំងតែកន្លែងនេះជាដីស្រែ។ ពួកគាត់បានអះអាងបន្តទៀតថាដីទាំងនេះគឺគាត់បានទិញពីគេ និងមិនដែលឃើញមានបុគ្គលឯកជនណាផ្សេងមកអះអាងដូចអាជ្ញាធរលើកឡើងនោះទេ។ រីឯការកំណត់ផ្ទៃបឹងវិញគឺទើបតែធ្វើឡើងក្នុងឆ្នាំ២០១៦ ចំណែកការកំណត់ដីចំណីផ្លូវគឺមិនមានភាពច្បាស់លាស់មិនដឹងធ្វើឡើងពីពេលណាឱ្យប្រាកដនោះទេ។ ដូច្នេះ វាហាក់បីដូចជាមិនសមទំនងក្នុងការចោទប្រកាន់ប្រជាពលរដ្ឋនោះទេ។

បន្ទាប់ពីមានការជជែកនៅខាងក្រៅសាលាខណ្ឌរួចមក តំណាងមន្ត្រីសាលាខណ្ឌព្រែកព្នៅ បានស្នើឱ្យប្រជាសហគមន៍ ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា ១៥ថ្ងៃក្រោយខាងសាលាខណ្ឌនឹងស្វែករកដំណោះស្រាយជូនប្រជាពលរដ្ឋ។