ពលរដ្ឋខេត្តកំពតដាក់ញត្តិរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ប្រជាពលរដ្ឋចំនួន​ ៨នាក់ តំណាងអោយ៧២គ្រួសារដែលរស់នៅខេត្តកំពត បានដាក់ញត្តិសុំអោយក្រសួងចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេ និងបន្តវាស់ដីដែលនៅសល់។

ប្រជាសហគមន៍អោយដឹងថា៖ ការលើកគ្នាមកដាក់ញត្តិនេះព្រោះលោក សុខ គង់ បានដាក់សន្តិសុខរារាំងពលរដ្ឋមិនឲ្យធ្វើរបង ឬ ដាំដុះលើដីរបស់ពួកគាត់។

ករណីជម្លោះដីធីនេះ ស្ថិតនៅ ភូមិរលួស គីឡូ១២ ភូមិព្រែកចេក ឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រជាសហគមន៍អោយដឹងទៀតថា៖ មកទល់ពេលនេះពួកគេមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដែលចុះវាស់ដោយក្រុមនិស្សិតស្ម័គ្រចិត្តតាំងពីឆ្នាំ២០១២នៅឡើយ ហើយ ដីដែលនៅសល់អាជ្ញាធរខេត្តកំពតមិនបានវាស់បន្តទេ។

តំណាងក្រសួងដែនដីបានទទួលញត្តិរបស់ពួកគាត់ ហើយថានឹងទាក់ទងនៅអាជ្ញាធរខេត្ត ដើម្បីរកដំណោះស្រាយ៕