(Khmer) មន្ត្រី​​​ឆ្លើយ​តប​​​​ថា ‘កុំសួរ​​​’ ពាក់ព័ន្ធ​ការ​​​ដំឡើង​​​ឋានន្តរស័ក្តិ​​​អង្គរក្ស​​​ដែល​វាយ​​​តំណាងរាស្ត្រ​​​​បក្ស​ប្រឆាំង​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អ្នកនាំពាក្យក្រសួងការពារជាតិមួយរូបបាននិយាយកាលពីម្សិលមិញថា អ្នកយកព័ត៌មានគ្មានសិទ្ធិសួរពីមូលហេតុអង្គរក្សរបស់លោក ហ៊ុន សែន ពីរនាក់ ដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបយ៉ាងធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំមុន ត្រូវបានដំឡើងឋានន្តរស័ក្ដិជាវរសេនីយ៍ឯកកាលពីខែមុនឡើយ។

លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា “បញ្ហាដែលរដ្ឋាភិបាលដំឡើងឋានន្តរស័ក្ដិដល់ពួកគេគឺដោយសារមើលឃើញគុណសម្បត្តិរបស់ពួកគេម្នាក់ៗ”។

នៅពេលសួរថាតើគុណសម្បត្តិទាំងនោះជាអ្វីនោះ លោក ឈុំ សុជាតិ បានថ្លែងថា “មិនបាច់សួរទេ។ ខ្ញុំមិនឆ្លើយឡើយ”។ វាជាបញ្ហារបស់ក្រសួងការពារជាតិ។ អ្នកគ្មានសិទ្ធិសួរពីរឿងនេះទេ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ស៊ុត វណ្ណី អាយុ៤៥ឆ្នាំ ស្ថិតក្នុងចំណោមអង្គរក្សរបស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកាលពីដើមឆ្នាំនេះ ពីបទជាប់ពាក់ព័ន្ធក្នុងការវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។

ការវាយដំនេះកើតឡើងបន្ទាប់ពីតំណាងរាស្ត្រទាំងពីររូបនេះត្រូវបានទាញចេញពីក្នុងរថយន្ត ខណៈដែលពួកគាត់បានបើករថយន្តកាត់បាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភា ដែលបានបណ្ដាលឱ្យលោកទាំងពីរបាក់ឆ្អឹង ធ្មេញ និងបែកក្រដាសត្រចៀក។

អង្គរក្សទាំងបីនាក់នេះត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីអនុវត្តទោសមិនបាន១ឆ្នាំផង។

នៅក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដល់ពីរសប្ដាហ៍ផងបន្ទាប់ពីពួកគេត្រូវបានដោះលែង  និងដែលអ្នកកាសែតទទួលបាននៅសប្ដាហ៍នេះ ម៉ៅ ហឿន និង ស៊ុត វណ្ណី ដែលទើបតែពន្ធនាគារបាន១ខែ  ត្រូវបានដំឡើងឋានន្តរស័ក្ដិពីរវសេនីយ៍ទោ ទៅជាវរសេនីយ៍ឯកក្នុងជួរកងយោធពលខេរមភូមិន្ទ។

គេនៅមិនទាន់ច្បាស់ថាតើពួកគេទាំងពីរនាក់នឹងនៅតែបម្រើការងារក្នុងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ដដែលឬយ៉ាងណា។

លោក គង់ សភា មានប្រសាសន៍កាលពីម្សិលមិញថា នឹងនោតែពិបាកទទួលបានយុត្តិធម៌លុះណាតែគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឆ្នាំ២០១៨។ លោកបានថ្លែងថា “ខ្ញុំគិតថា នេះជាវប្បធម៌និទណ្ឌភាពរបស់គណបក្សកំពុងកាន់អំណាច ព្រមទាំងរដ្ឋាភិបាល។ពួកគេតែងតែដំឡើងឋានន្តរស័ក្តិនរណាដែលប្រព្រឹត្តបទល្មើសលើតំណាងរាស្ត្រ។ នេះគឺជាវប្បធម៌ជាដដែលៗ។ខ្ញុំមិនខឹងអ្នកដែលបានប្រព្រឹត្តបទល្មើសទេ។ ប៉ុន្តែខ្ញុំ មានអារម្មណ៍មិនកក់ក្ដៅចំពោះអ្នកនៅពីក្រោយ ដែលបានបង្កើតវប្បធម៌ជំរុញ្ទឹកចិត្តដល់ជនល្មើសទាំងនេះ”៕