លីកាដូ៖ សេរីភាពក្នុងការបញ្ចេញមតិរិះគន់នៅកម្ពុជាកំពុងធ្លាក់ចុះ

Mrs. Tep vanny supporters gathering in front of Office of United Nations High Commissioner for Human Rights to seek their intervention to release her.

អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ​ បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដោយរកឃើញថា​រដ្ឋាភិបាលកម្ពុជាកំពុងរំលោភបំពាន​ និងគំរាមកំហែង អ្នកដែលហ៊ានបញ្ចេញមតិរិះគន់ទៅលើរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងររយៈពេលពីរឆ្នាំចុងក្រោយនេះ។

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សមួយនេះបានលើកឡើងថា «ចាប់តាំង​ពីឆ្នាំ​២០១៥​ មក​ អ្នក​តំណាង​សហគមន៍​ជាច្រើន​ មេដឹកនាំ​សហជីព​ និង​សកម្មជន​បរិស្ថាន​ បាន​ទទួលរង​នូវ​ការ​ចោទប្រកាន់​ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​ ការ​កោះហៅ​ឲ្យ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ដែល​ជា​វិធីសាស្ត្រ​បំភិត​បំភ័យ​ដើម្បី​បំបិទ​មាត់​និង​បញ្ឈប់​ភាព​សកម្មនិយម​ និង​ការ​ជាប់​ពន្ធនាគារ​ តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែល​មាន​លក្ខណៈ​លំអៀង​ ចំពោះ​បុគ្គល​ដែល​អាជ្ញាធរ​យល់​ថាជា​ការ​គំរាម​កំហែង​ដល់ខ្លួន»

អ្នក​នាំពាក្យ​ក្រសួងយុត្តិ​ធម៌​​លោក ជិន ម៉ាលីន បានផ្ដល់បទសម្ភាសន៍ដល់ព័ត៌មានក្នុងស្រុកមួយថា« រដ្ឋាភិបាល​ធ្វើការ​អនុវត្តន៍​ច្បាប់​ស្មើគ្នា​ៗ ហើយថា​ការ​រក​ឃើញ​របស់​លីកាដូ​នេះ​ជា​ការ​រក​ឃើញ​តែ​មួយ​ជ្រុងប៉ុណ្ណោះ​ដែលមិន​បាន​សិក្សា​ស្ថានភាព​​បច្ចេក​ទេស​ផ្លូវ​​ច្បាប់។ លោក​លើក​ឡើង​ថា​ប្រទេស​នីតិរដ្ឋ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គឺ​ជាមធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​អនុវត្តន៍​ច្បាប់»។

លីកាដូបន្តថា​៖ ​«វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត»។​

លិកាដូលើកឡើងថាការ​បំភិត​បំភ័យ​ដើម្បី​បំបិទ​មាត់​អ្នកដែលហ៊ានតវ៉ា ឬអ្នកមិនគាំទ្ររាជរដ្ឋាភិបាល អាច​នឹងបន្ត​ទៀតទៅ​ថ្ងៃ​អនាគត​ ហើយ​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែងរបស់​អ្នក​សិទ្ធិ​មនុស្ស​ ដើម្បី​ការ​ពារ​សេរី​ភាព​ប្រជា​ពល​រដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​​កម្ពុជា៕