វគ្គបណ្តុះបណ្តាលសហគមន៍ស្តីពី ខ្មែរយូនីកូដនៅលើទូរស័ព្ទស្មាតហ្វូន

ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គម្រោងអាយស៊ីធី និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសហគមន៍នៃអង្គការសមាគមធាងត្នោត បានរៀបចំវគ្គបណ្តុះបណ្តាលសហគមន៍អំពី ការប្រើប្រាស់ខ្មែរយូនីកូដនៅលើទូរស័ព្ទស្មាតហ្វូត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ប្រជាសហគមន៍ លើការសរសេរអក្សរខ្មែរនៅលើទូរស័ព្ទឆ្លាត ឬស្មាតហ្វូនដោយប្រើប្រាស់ខ្មែរយូនីកូដ ឱ្យបានត្រឹមត្រូវ និងងាយស្រួលជាងមុន។
ខ្មែរយូនីកូដ គឺជាពុម្ពអក្សរស្តង់ដារអន្តរជាតិថ្មីមួយសម្រាប់ភាសាខ្មែរ ដែលផ្តល់លេខកូដជាក់លាក់សំរាប់ព្យញ្ជនៈ ស្រៈ លេខ និងសញ្ញាភាសាខ្មែរ ហើយអាចប្រើបានទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន។ លក្ខណៈពិសេសរបស់ខ្មែរយូនីកូដ គឺសរសេរតាមការប្រកប ដែលជួយឱ្យសរសេរបានលឿន និងត្រឹមត្រូវតាមលក្ខណៈវេយ្យាករណ៍ខ្មែរ។ លើសពីនេះទៅទៀត យើងក៏អាចមើល និងសរសេរអក្សរខ្មែរនៅលើបណ្តាញទំនងសង្គមដូចជាហ្វេសប៊ុក និងផ្សេងៗទៀតបានផងដែរ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីប្រជាសហគមន៍ចំនួន ១៥នាក់ដែលមកពីសហគមន៍គោលដៅចំនួន ០៣ គឺសហគមន៍ត្រពាំងរាំង ព្រែកតាគង់ និងជើងឯកក្រុម៤៕