(Khmer) សកម្មជនដីធ្លីផ្អាកធ្វើយុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលថាដោះលែងអ្នកជាប់ឃុំចុងខែនេះ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សកម្មជនមានជម្លោះដីធ្លីដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះ បានផ្អាកធ្វើយុទ្ធនាការនៅថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ ខណៈពួកគេរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាល ដែលថានឹងដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុកនិងលោក នី ចរិយា នៅចុងខែនេះ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សហគមន៍របស់អ្នកស្រីផ្អាកធ្វើយុទ្ធនាការអាវខ្មៅ បន្ទាប់ពីលោក ស ខេង បានលើកឡើងថា អ្នកជាប់ពាក់ព័ន្ធសំណុំរឿងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវដោះលែងឲ្យមានសេរីភាពនៅចុងខែធ្នូនេះ។

អ្នកស្រីថា៖ «ពួកខ្ញុំដកឃ្លានេះ កំពុងរងចាំយុត្តិធម៌ពីលោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលគាត់មានអនុសាសន៍ គាត់នឹងធ្វើការដោះលែងសង្គមស៊ីវិលឲ្យមានសេរីភាពនៅក្នុងចុងខែធ្នូ ចឹងខ្ញុំជឿជាក់ថាអ្វីដែលគាត់មានអនុសាសន៍ គាត់នឹងធ្វើទៅតាមគាត់និយាយចឹង»។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស សន ឲ្យដឹងដែរថា នៅសប្តាហ៍នេះសហគមន៍របស់អ្នកស្រីក៏ផ្អាកធ្វើយុទ្ធនាការអាវពណ៌ខ្មៅដែរ ដោយសារពួកគាត់កំពុងចាំមើលការសន្យារបស់រដ្ឋាភិបាលនៅក្នុងចុងខែនេះសិន ។

អ្នកស្រីថា៖ «ខែនេះបើសិនគាត់មិនដោះលែងសង្គមស៊ីវិល មន្ត្រី គ.ជ.ប អ្នកស្រីទេព វន្នី បង្ហាញភស្តុ​តាងកាំម៉ារ៉ាមកឲ្យប្រជាពលរដ្ឋដឹងពីបញ្ហាសម្លាញ់លោកបណ្ឌិត កែម ឡី ហ្នឹងទេ ដាច់ខែហ្នឹងពួកមីង ជាសហគមន៍នឹងជួបជុំគ្នាជាទ្រង់ទ្រាយធំ ធ្វើការតស៊ូមតិដោយអហិង្សារឿងដោះលែងសង្គមស៊ីវិលបន្តទៀតយើងមិនឈប់ទេ»។

កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ចេញពីកិច្ចប្រជុំបិទទ្វារចំនួនពីរដែលធ្វើឡើងរវាងលោក កឹម សុខា ជាមួយលោក ហ៊ុន សែន និងលោក ស ខេង។ នៅថ្ងៃនោះ លោក ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងការចរចារវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងលោកមេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងលោក នី ចរិយា ផងដែរ។

បន្ទាប់ពីមានការចរចារវាងនោះនៅថ្ងៃទី៨ ខែធ្នូ មេឃុំមកពីគណបក្សប្រឆាំង គឺលោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាព។

សូមបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។

ចំណែកមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុកផងដែរនោះ ក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី៕

ប្រភព៖ vodhotnews