សហគមន៍ជម្លោះដីធ្លីខេត្តកោះកុងបន់ស្រន់ទាំងភ័យខ្លាច

ប្រជាសហគមន៍ដីធ្លីខេត្តកោះកុង ប្រមាណ៧០ នាក់ បានមកបន់ស្រន់នៅព្រះអង្គដងកើ មុខព្រះបរមរាជវាំងកាលពីម្សិលមិញ មានការរារាំងពីកងសន្តិសុខខណ្ឌដូនពេញ។

អាជ្ញាធរមានសមត្ថកិច្ច សន្តិសុខ ក្នុងខណ្ឌដូនពេញ បានអនុញ្ញាត ឲ្យក្រុមប្រជាពលរដ្ឋធ្វើពិធីបន់ស្រន់ តែរយៈពេលជាង ១៥ នាទីប៉ុណ្ណោះ។

ប្រជាសហគមន៍មានជំនឿថា បុណ្យបារមី និងជួយរកដំណោះស្រាយក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលពួកគេកំពុងជួបប្រទះ​អស់រយះពេល ១០​ឆ្នាំ​មក​នេះ។

អ្នកស្រី ផាវ ញ៉ឺង តំណាងប្រជាពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងនិយាយថា៖ «អីចឹង ពួកយើងមកទីនេះ មកកន្លែងព្រះអង្គដងកើនេះ គឺមកកន្លែងជាទីសក្ការៈ សម្រាប់សម្បថ មន្ត្រីទាំងឡាយណា ដែលលោកបានស្បថស្បែថា បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន បើសិនជាអត់លោកនឹងរលាយហិនហោច ទៅតាមសម្បថដែលខ្លួនបានធ្វើហើយ»

ការមករកដំណោះស្រាយបែបសាសនានេះ គឺបន្ទាប់ពីពួកគេបានដាក់សំណើទៅខុទ្ទកាល័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទៅជួបមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត តែនៅតែមិនមានដំណោះស្រាយសម្រាប់ពួកគេនៅឡើយ។

ក្រសួង​ដែនដី​ធ្លាប់បាន​ផ្តល់​ដំណោះស្រាយ​មួយ​ដល់​អ្នក​រងគ្រោះ​ដីធ្លី ១៧៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ១ ហិចតា​កន្លះ ខណៈ​ភាគី​រងគ្រោះ​ទាមទារ ២ ហិចតា និង​ស្នើសុំ​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៥ ០០០ ដុល្លារ។

ប្រជាសហគមន៍ដីធ្លីខេត្តកោះកុងបានមកតវ៉ារឿងជម្លេះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី នៅភ្នំពេញតាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ។

កងសន្តិសុខខណ្ឌដូនពេញ បានបំបែកក្រុមប្រជាពលរដ្ឋ ដោយបានគំរាមចាប់ខ្លួនមេដឹកនាំ នឹងយករថយន្តមកដឹកក្រុមអ្នកតវ៉ា តែប្រជាពលរដ្ឋមិនព្រម។ ពួកគេបានសម្រេចធ្វើដំណើតាមម៉ូតូកង់បី ទៅកាន់វត្ត​សាមគ្គី​រង្ស៊ីស្ថិតក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្នាក់នៅរបស់ពួកគេ។