(Khmer) អង្គការសហប្រជាជាតិ និងស្ថានទូតនានាត្រូវបានអញ្ជើញឲ្យឃ្លាំមើលសាវនាការ អ្នកស្រី ទេព វន្នី

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីតំបន់បឹងកក់ បានប្រមូលផ្ដុំគ្នានៅមុខឧត្តមស្នងការអង្គការសហប្រជាជាតិ និងស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីដាក់ញត្តិស្នើរសុំរកកិច្ចអន្តរាគមន៍ និងតាមដានសាវនាការ របស់អ្នកស្រី ទេព វន្នី ពីសំណាក់ស្ថាប័នទាំងនោះ។

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ និងស្ថានទូតនានាបានចេញមកទទួលញត្តិរបស់ពួកគេ។ ស្ថានទូតទាំងនោះមានដូចជា៖ ស្ថានទូតនៃចក្រភពអង់គ្លេស ស្ថានទូតសាធារណៈរដ្ឋបារាំង ស្ថានទូតជប៉ុន ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអាល្លឺម៉ង់។

ប្រជាសហគមន៍បឹងកក់ទាំងអស់សង្ឃឹមថា ស្ថាប័នទាំងនោះនឹងមានការចូលរួមស្ដាប់សាវនាការ និងជួយអន្តរាគមន៍ជំរុញដល់រដ្ឋាភិបាលក្នុងការផ្ដល់ភាពយុត្តិធម៌ដល់អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វាន្នី តំណាងសហគមន៍បឹងកក់ នឹងត្រូវឡើងសាវនាការនៅសាលាឧទ្ធរណ៍នៅរសៀលម៉ោង ២ នាថ្ងៃទី ២៧​ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ។

អ្នកស្រីទេព វន្នីត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងយុទ្ធនាការណ៍ថ្ងៃច័ន្ទពណ៍ខ្មៅ។ អ្នកស្រីកំពុងជាប់ពន្ធធនាគារ ក្រោមបណ្ដឹងរបស់អាជ្ញាធរ ដែលប្ដឹងអ្នកស្រីដឹកនាំឲ្យមានអំពើហឹង្សា ក្នុងពេលតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣៕