អាជ្ញាធរសង្កាត់ដង្កោបានការគាំទ្រផ្នែកគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស

អង្គការសមាគមធាងត្នោង និងអង្គការដៃគូរបានធ្វើបទបង្ហាញពីសកម្មភាពនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដល់អាជ្ញាធរមូលដ្ឋាននៃសង្កាត់ដង្កោដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការអនុវត្តគម្រោង កាលពីថ្ងៃទី២៣ ខែមិនា ២០១៧។

លោកចៅសង្កាត់ដង្កោបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងនេះបន្ទាប់ពី លោកបានស្តាប់ការធ្វើបទបង្ហាញពីសកម្មភាពនៃការអនុវត្តគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សសម្រាប់សហគមន៍។  លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការសង្គមស៊ីវិលនានាដែលតែងតែព្យាយាមស្វែងរកនូវមូលនិធិផ្សេងៗដើម្បីជួយដល់សហគមន៍ក្រីក្រ។ ក្នុងនោះផងដែរ​លោកក៏បានមានមតិយោបល់លើបញ្ហាការតាំងទីលំនៅរបស់សហគមន៍ដូចជានៅតាមប្រលាយ និងនៅជុំវិញបឹងជើងឯកជាដើម។

លោកបានមានប្រសាសន៍ថា៖ ពីមុនមកលោកធ្លាប់លើកសំណើឱ្យខាងខណ្ឌពិចារណាក្នុងការជួយរៀបចំតំបន់នៅជិតបឹងជើងឯក និងនៅតាមប្រលាយផ្សេងៗឱ្យមានលក្ខណៈជាតំបន់ដែលមានសោភណ្ឌភាពល្អ ដែលវាអាចផ្តល់ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជៀសវាងពីការបាក់ដីដែលនាំឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ហើយវាក៏អាចជាតំបន់ទេសចរណ៍។  លោកបានបន្ថែមទៀតថាការធ្វើបែបនេះវាក៏បានជួយប្រជាពលរដ្ឋឱ្យមានលំនឹង និងការរស់នៅអោយជៀសផុតពីបញ្ហាដីធ្លី ទោះបីយ៉ាងណាក៏ដោយគម្រោងនេះពិតជាលំបាកគឺវាមានទំហំធំនិងត្រូវការថវិការច្រើន។ លោកបានសម្តែងនូវការលើកទឹកចិត្តដល់អង្គការ នឹងចាំជួយ គាំទ្រនិងសហការជាមួយជានិច្ច។

គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២គឺជាឧបករណ៍ផ្សព្វផ្សាយពីសុវត្ថិភាពដីធ្លីដល់ក្រុមដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។គម្រោងនេះទទួលបានមូលនិធិពីសហគមន៍អឺរ៉ុបនិងកិច្ចសហប្រតិបត្តិការឆែក​ហើយដែលអនុវត្តន៍ដោយអង្គការភីពផលអ៊ីននីត អង្គការសមាគមធាងត្នោង អង្គការអភិវឌ្ឍស្រី្តក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយ៕