អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ថា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​មាន​នៅ​កម្ពុជា

ប្រភព៖ rfa.org/khmer

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​បេសកកម្ម​រយៈពេល ១០​ថ្ងៃ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​សង្គម​ជា​ច្រើន​ទៀត​ដែល​ជា​ក្តីកង្វល់​របស់​អ្នកស្រី និង​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គេ​មិន​គួរ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្តោត​តែ​ទៅ​លើ​បញ្ហា​នយោបាយ​មួយ​មុខ​ទេ។

អ្នកស្រី​សាស្ត្រាចារ្យ រ៉ូណា ស្មីត កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា សម្ដែង​ការ​សោកស្ដាយ​ដោយសារ​ឃើញ​ស្ថានការណ៍​នយោបាយ​កាន់​តែ​ធ្លាក់​ដុនដាប​តាំង​ពី​ខែ​មីនា ពេល​គាត់​ចាប់​ផ្ដើម​បេសកកម្ម​ការងារ​គាត់។ អ្វី​ដែល​គាត់​សោក​ខ្លាំង គឺ​ការ​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​លែង​ទុក​ចិត្ត​គ្នា។ អ្នកស្រី​បាន​ទទូច​សុំ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ រិះរក​ឱកាស​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​ម្ចាស់​ឆ្នោត។

​ចំពោះ​ការ​មិន​ចុះ​សម្រុង​គ្នា​នេះ គណបក្ស​ទាំង​ពីរ​កំពុង​ចង្អុល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក ប្រាក់ សុខុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង​មាន​សារសំខាន់ ព្រោះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​វា​ឡើង។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ចរចា ព្រោះ​ចង់​ឲ្យ​មាន​ការ​រួបរួម​ជាតិ។ ទោះ​បី​មាន​ការ​អះអាង​ពី​មន្ត្រី​រដ្ឋាភិបាល​អំពី​ការ​ផ្ដល់​តម្លៃ​លើ​វប្បធម៌​សន្ទនា​យ៉ាង​នេះ​ក្តី ក៏​រហូត​មក​ដល់​ពេល​នេះ គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ទាន់​បាន​ជួប​ចរចា​គ្នា​នៅ​ឡើយ។

អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​បញ្ចប់​បេសកម្ម​របស់​អ្នកស្រី​ថា បើ​ចាំបាច់ គួរ​រក​អ្នក​នៅ​កណ្តាល​ណា​មួយ​ដើម្បី​សម្របសម្រួល​ឲ្យ​បក្ស​ទាំង​ពីរ​អាច​ជួប​ពិភាក្សា​គ្នា​បាន។ អ្នកស្រី​បន្ត​ថា រាស្ត្រ​ខំ​ទុក​ចិត្ត​ទើប​ពួកគាត់​បោះ​ឆ្នោត​ឲ្យ​បក្ស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១៣។

ថ្មីៗ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​សុំ​ព្រះរាជទានការ​​លើកលែង​ទោស ប៉ុន្តែ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ជំនួស។

ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អ្នកស្រី​រម្លឹក​ថា ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​តែ​រៀបចំ​ប្រទេស​នេះ​ឲ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ផ្សេងៗ​ទៀត​​សម្រាប់​ពលរដ្ឋ​កម្ពុជា។ អ្នកស្រី​បន្ត​ថា កម្ពុជា​ ឆ្នាំ​២០១៦ មិន​មែន​ដូច​កម្ពុជា ឆ្នាំ​១៩៩១ ទៀត​ទេ។ ដូច្នេះ​រដ្ឋាភិបាល​ល្មម​ឈប់​លើក​ឡើង​ថា កម្ពុជា​នៅ​មាន​បញ្ហា ដោយសារតែ​កម្ពុជា ធ្លាប់​ហែល​ឆ្លង​កាត់​រឿងរ៉ាវ​អាក្រក់​ពី​អតីត។ រដ្ឋាភិបាល​មាន​សិទ្ធិ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ជា​ច្រើន ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ប្រទេស​ទទួល​បាន​សិទ្ធិ​ទាំង​នេះ។

ចំណែក​ឯ​កិច្ចការ​សង្គម​ស៊ីវិល អ្នកស្រី​លើក​ឡើង​ថា សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ជួយ​កិច្ចការ​រដ្ឋាភិបាល​បាន​ច្រើន​ណាស់​ក្នុង​ផ្នែក​សិទ្ធិមនុស្ស។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​គាំទ្រ​សកម្មភាព​អង្គការ​ទាំង​នេះ ដោយ​មិន​ត្រូវ​ចាត់​ទុក​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​ថា ជា​សកម្មភាព​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ។ ក្រសួង​យុត្តិធម៌​គួរ​គិតគូរ​​ឡើង​វិញ ដោយ​គួរ​ចាត់​ទុក​បទ “បរិហារកេរ្តិ៍” ថា​ជា​ករណី​រដ្ឋប្បវេណី​ជា​ជាង​កំណត់​វា​ថា ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដូច​សព្វថ្ងៃ។ ដោយសារ​តែ​ច្បាប់​នេះ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​កាន់​តែ​ច្រើន​ត្រូវ​រង​គ្រោះ”។ អ្នកស្រី​ក៏​​មិន​ភ្លេច​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ដោយ​ឯករាជ្យ​ មិន​លម្អៀង និង​មាន​តម្លាភាព។

ក្នុង​ករណី​បាតុកម្ម​ដោយ​អហិង្សា អ្នកស្រី​ស្នើ​ឲ្យ​ដ្ឋា​ភិ​បាល​ត្រូវ​គោរព​ច្បាប់​បាតុកម្ម​ដោយ​អហិង្សា​ដោយ​ត្រូវ​គាំទ្រ​ពលរដ្ឋ​ណា​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​បាន​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​គ្រប់​ទម្រង់ ទោះ​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​បាន​បញ្ចេញ​សារ​គំរាម​កម្ចាត់​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ដោយសារ​អ្នកស្រី និង​សកម្មជន​សហគមន៍​បឹងកក់ ដទៃ​ទៀត​តវ៉ា​ដោយ​សន្តិវិធី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គាត់។

បញ្ហា​ដីធ្លី​មិន​ត្រឹមតែ​កើត​មាន​ចំពោះ​ពលរដ្ឋ​ទូទៅ​នោះ​ទេ ជន​ជាតិ​ដើម​ភាគ​តិច ជា​ពិសេស​ជនជាតិ​សួយ ប្រឈម​ការ​បាត់បង់​ដីធ្លី ប៉ះពាល់​ដល់​ជី​វភាព​រស់​នៅ និង​កេរដំណែល​វប្បធម៌​របស់​ខ្លួន​ដោយសារ​គម្រោង​សម្បទាន និង​គម្រោង​អភិវឌ្ឍន៍​​របស់​រដ្ឋាភិបាល។ អ្នកស្រី​បាន​សម្តែង​ការ​ខកចិត្ត​ផង​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​បន្ត​ខកខាន​មិន​បាន​រាយការណ៍​ជូន​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​អះអាង​ថា ការ​ខកខាន​ក្នុង​ការ​រាយការណ៍​ជូន​សហគមន៍​អន្តរជាតិ​បែប​នេះ បង្ហាញ​អំពី​ការ​ខ្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស។ អ្នកស្រី​ស្នើ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សហការ​គ្នា​ជាមួយ​ក្រសួង​ផ្សេងៗ ដើម្បី​រៀបចំ​របាយការណ៍​លម្អិត​ដើម្បី​រាយការណ៍​ជូន​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ។

​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន និង​ថា កម្ពុជា​ប្រៀប​បីដូច​ជា​ឋាន​សួគ៌ា​​នៃ​សេរីភាព។

ចំពោះ​ផ្នែក​នីតិវិធី និង​យុត្តិធម៌ អ្នកស្រី​រក​ឃើញ​ថា លក្ខខណ្ឌ​នៃ​វិធាន​ភស្តុតាង​តែមួយ​ត្រូវ​បាន​ចៅក្រម​អនុវត្ត​ខុសៗ​គ្នា ពាក់ព័ន្ធ​នឹង​បទដ្ឋាន​បង្ហាញ​ភស្តុតាង។ អ្នកស្រី​ស្នើ​ឲ្យ​ក្រសួង​រៀបចំ​គោលការណ៍​ណែនាំ​ដើម្បី​ចៅក្រម​បាន​រៀន​សូត្រ​គ្រប់​គ្នា។ ដើម្បី​ផ្សព្វ​សេចក្ដី​សម្រេច​តុលាការ​មុនៗ ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ រៀបចំ​វគ្គ​បណ្តុះបណ្តាល​នៅ​សាលា​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​តម្រូវ​ឲ្យ​ចៅក្រម​បិទ​ផ្សាយ​សម្អាង​ហេតុ​ក្នុង​ការ​សម្រេច​ក្តី​នីមួយៗ។ ក្រសួង​ត្រូវ​ដាក់​បង្ហាញ​តារាង​ថ្លៃ​សេវា​តុលាការ​ដើម្បី​ឲ្យ​សាធារណជន​បាន​ជ្រាប។

ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បោះឆ្នោត អ្នកស្រី​ក៏​កត់សម្គាល់​ឃើញ​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​រលូត​គូួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ​អ្នកស្រី​ព្រួយ​បារម្ភ ដោយសារ​ពលករ​ចំណាក​ស្រុក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ច្រើន​នៅ​ឡើយ។ ម្យ៉ាង​ទៀត មិន​ទាន់​មាន​យន្តការ​ច្បាស់លាស់​ដើម្បី​សម្រួល​ឲ្យ​ពលករ​ចំណាកស្រុក​អាច​ចុះ​ឈ្មោះ​បាន​នៅ​ឡើយ។ អ្នកស្រី​ក៏​លើក​ឡើង​អំពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់គ្នា​នៅ​ឡើយ។ ការ​កាត់​ទោស​លោក នី ចរិយា ដែល​ជា​មន្ត្រី គ.ជ.ប ក៏​ជា​ការ​ព្រួយ​បារម្ភ​មួយ​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​មិន​ទាន់​អស់​សង្ឃឹម​ទេ ព្រោះ​អ្នកស្រី​សង្កេត​ឃើញ​ក្រសួង​ផ្សេងៗ បង្ហាញ​ឆន្ទៈ​ចង់​លើក​ស្ទួយ​ស្ថានការណ៍​សិទ្ធិមនុស្ស​នេះ​ដែរ។ ដូច្នេះ អ្នកស្រី​សូម​បញ្ជាក់​ជា​ថ្មី​ថា អ្នកស្រី​សន្យា​ជួយ​ផ្ដល់​ជា​ឱវាទ ជួយ​ឃ្លាំមើល និង​ជួយ​រាយការណ៍​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​បន្ត​នៅ​កម្ពុជា៕