(Khmer) គ្មានដីគ្មានជីវិត៖ ប្រជាពលរដ្ឋខេត្តកោះកុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ក្រុមប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សីដើម្បីរកដំណោះស្រាយដីធ្លីអស់រយៈពេលជិត២ខែមកនេះ បានបន្តដង្ហើមសង្ឃឹមរបស់ពួកគេចុងក្រោយតាមការគ្រោងទុក ដោយទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយគ្មានលទ្ធផលពីក្រសួងរៀបចំដែនដី។

ក្រោយពីការរង់ចាំអស់ជាច្រើនសប្តាហ៍ ក្នុងការរកដំណោះស្រាយការបាត់បង់ដីធ្លីដែលមានជាប់ពាក់ព័ន្ធជាមួយលោក​ឧកញ្ញា លី យ៉ុងផាត់ និងឧកញ្ញា ហេង ហុយ មានប្រជាពលរដ្ឋរងគ្រោះដីធ្លីប្រហែល១៤៧គ្រួសារបានបន្តការតវ៉ាគ្រប់ច្រកល្ហក ប៉ុន្តែហាក់បីដូចជាគ្មានសង្ឃឹម។ នៅថ្ងៃទី១៤ កុម្ភះនេះ ប្រជាពលរដ្ឋខេត្តកោះកុងជាងមួយរយនាក់ បានសម្រេចចិត្តដើរដង្ហែរក្បួនដើម្បីនាំយកញត្តិដើម្បីដាក់ជូននាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខុទ្ទកាល័យរបស់សម្តេចផ្ទាល់ ប៉ុន្តែពួកគេត្រូវបានរារាំងដោយក្រុមកងសន្តិសុខខណ្ឌដូនពេញ និងមានការប៉ះទង្គិចគ្នាផងដែរ។

មកទល់ម៉ោង១២ថ្ងៃត្រង់នេះ មានប្រជាពលរដ្ឋ៣នាក់បានបាត់បង់ស្មារតី ក្រោយមានការរារាំងពីក្រុមអាជ្ញាធរ ហើយពួកគេក៏កំពុងព្យាយាមយកញត្តិជូននាយករដ្ឋមន្ត្រីនៅទល់មុខវត្តបុទុម។ គិតចាប់ពីជិត២ខែមុននេះ ប្រជាពលរដ្ឋទាំងនេះគ្មានទីលំនៅក្នុងទីក្រុងភ្នំពេញទេ គឺពួកគេបានធ្វើដំណើរមកទីក្រុងភ្នំពេញដោយគ្មានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃគ្រប់គ្រាន់ និងបានគុណអាស្រ័យស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សី ដោយក្តីរំពឹងមួយថានឹងនាំយកដំណោះស្រាយដីធ្លីមួយទៅជូនក្រុមគ្រួរសាររបស់ពួកគេវិញនៅឯស្រុកកំណើត។