Friday, April 19, 2024
Latest:

ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​ស្ត្រី

ប្រភព៖ postkhmer

ភ្នំពេញៈ ការ​រំលោភ​យក​​ដីធ្លី​ដែល​កើត​មាន​​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវ​ចិត្ត​​របស់​ស្រ្តី​​​​ និង​នាំ​ឲ្យ​​អត្រា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​កើនឡើង​ខ្ពស់​​។ នេះ​បើ​តាម​​របាយការណ៍​​ថ្មី​មួយ​​ចេញ​កាលពី​ម្សិលមិញ​។

របាយការណ៍​​ដែល​មាន​ចំណង​ជើង​ថា​ស្រ្តី​កម្ពុជា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដែល​បាន​សិក្សា​វាស់ស្ទង់​​ទៅ​លើ​ស្រ្តី​ចំនួន​ ៦១២ នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​បាន​រកឃើញ​ថា ៩៨ ​ភាគរយ​​នៃ​ជម្លោះ​ដីធ្លី​​គឺ​មាន​ផលប៉ះពាល់​ទៅ​លើ​​​សុខភាព​ផ្លូវចិត្ត​​របស់​ពួកគេ​។

ជិត​ពាក់​កណ្តាល​នៃ​ស្រ្តី​ទាំង​នោះ​បាន​ពិចារណា​​បញ្ចប់​ជីវិត​​របស់​ខ្លួន និង​​ ១៨ ​​ភាគរយ​បាន​ប៉ុនប៉ង​​បញ្ចប់​ជីវិត​​របស់​ខ្លួន។ ​ចំពោះ​​ជនរងគ្រោះម្នាក់​ផលប៉ះពាល់​ផ្លូវ​ចិត្ត​បាន​កើត​ឡើង​​ចំពោះ​រូប​គាត់​ហើយ​​​ពេល​ខ្លះ​បាន​ធ្វើ​ឲ្យ​គាត់​ភ្លេចភ្លាំង​សូម្បីតែ​ដាំ​ទឹក​ក៏​ទុក​ឲ្យ​​រីង​ហួត​អស់​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន​​។

​របាយការណ៍​ដែល​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​និង​​ធ្វើ​ឡើង​​ទៅ​លើ​ខេត្ត​ចំនួន​ ១២​ នេះ​បាន​​ឲ្យ​ដឹង​ថា​ សមត្ថភាព​របស់​ស្រ្តី​ក្នុង​ការ​​បំពេញ​តួនាទី​​យេនឌ័រ​ប្រពៃណី​​​​ក្នុង​ការ​ផ្តល់​ម្ហូប​អាហារ និង​ជម្រក​​សម្រាប់​គ្រួសារ​​គឺ​មាន​ការ​ជាប់​ពាក់ព័ន្ធ​មិន​អាច​ផ្តាច់​បាន​ពី​​សន្តិសុខ​នៃ​​ដីធ្លី​​របស់​គាត់។ សន្តិសុខ​ដីធ្លី​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​​រង្គោះរង្គើ​​ទៅ​លើ​​​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧០ ​ម៉ឺន​នាក់​ដោយសារ​ការ​រំលោភ​​យក​ដីធ្លី​ពី​​ក្រុមហ៊ុន​ និង​អាជ្ញាធរ​។ ​

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ជាង​ ៧៥ ​ភាគរយ​នៃ​អ្នក​ផ្តល់​សម្ភាស​មាន​អារម្មណ៍​ថា​ស្ថានភាព​​សិទ្ធិ​​កាន់កាប់​ដីធ្លី​បច្ចុប្បន្ន​របស់​ពួកគេ​មិន​មាន​សុវត្ថិភាព​​ហើយ​ជិត​ ៩៥ ​ភាគរយ​បាន​ជួប​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ ​និង​​​​មួយ​ភាគ​បី​នៃ​ពួកគេ​គឺ​ជួប​​​​អំពើ​ហិង្សា​លើ​រាងកាយ​។

ស្រ្តី​ភាគច្រើន​បាន​រាយការណ៍​​​​ថា​បន្ទាប់ពី​​មាន​ជម្លោះ​ដីធ្លី​ខ្លួន​ជួប​ការ​លំបាក​​​ចំពោះ​លទ្ធភាព​នៃ​ការ​ទិញ​ម្ហូប​អាហារ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ហើយ​តម្រូវការ​​ព្យាបាល​ជំងឺ​គឺ​​មាន​កម្រិត​ខ្ពស់​មិន​អាច​បំពេញ​បាន​​។

ប៉ុន្តែ​ផលប៉ះពាល់​នេះ​គឺ​លើស​ពី​​ត្រឹម​តែ​ស្ថានភាព​សេដ្ឋកិច្ច​។ ២៣ ​ភាគរយ​​នៃ​ស្រ្តី​ដែល​ត្រូវ​បាន​​សិក្សា​វាស់ស្ទង់​បាន​និយាយ​ថា​ពួកគាត់​ជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​​គ្រួសារ​។ ​​ពាក់កណ្តាល​នៃ​ពួកគេ​មិន​ដែល​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ពី​មុន​ពេល​​មាន​ជម្លោះ​ដីធ្លី​ដោយសារ​​ជម្លោះ​ដីធ្លី​នេះ​គឺជា​ម្ជុល​ចាក់​ដោត​​​ទំនាក់​ទំនង​​ក្នុង​​គ្រួសារ​របស់​ពួកគេ​។ ​

ការ​កើនឡើង​នៃ​ការ​ផឹក​ស្រា​ជាមួយ​ដៃគូ​ដោយសារ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បន្ទាប់ពី​ការ​បាត់បង់​ដី​ ​ការ​ឈ្លោះ​គ្នា​អំពី​ការ​​គ្មាន​ប្រាក់​​ចំណូល​ក្នុង​គ្រួសារ​ ​​និង​បញ្ហា​ស្រេ្តស​ខ្លាំង​ឡើង​ត្រូវ​បាន​​​រៀបរាប់​ថា​ជា​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

លោក វ៉ាន់ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ស្ត្រី​មួយ​ចំនួន​ធំ​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​ថា​ពួកគាត់​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​កូន​ចៅ​របស់​គាត់​បន្ទាប់​ពី​មាន​ការ​រឹបអូស​យក​ដីធ្លី​របស់​ពួក​គាត់។

លោក​ថ្លែង​ថា៖ «ឪពុក​ម្តាយ​ពួកគាត់​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ទេ​គឺ​ពួកគាត់​មាន​តែ​បង្ខំ​ឲ្យ​កូន​ស្វែងរក​ការងារ​ធ្វើ»។

លោក​បាន​និយាយ​បន្ថែម​ថា​ផលប៉ះពាល់​នេះ​គឺ​មាន​ចំនួន​មួយ​ភាគ​បី​នៃ​អ្នក​ដែល​បាន​ឆ្លើយ​សំណួរ​។

ទោះបី​ជា​មាន​ការ​យំ​បង្ហូរ​ទឹកភ្នែក​ពី​ជនរងគ្រោះ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ និង​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ព្រម​ទាំង​មាន​ការ​បង្ហាញ​រូបថត​ស្ត្រី​ដែល​ជា​សមាជិក​នៃ​ជនជាតិ​ដើម​ភាគតិច​ដែល​ទទួល​រង​ទុក្ខ​លំបាក​វេទនា​ពី​ការ​អភិវឌ្ឍ​​របស់​ក្រុមហ៊ុន​ក្តី​ក៏​តំណាង​របស់​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​មិន​បាន​បង្ហាញ​សកម្មភាព​អ្វី​នោះ​ទេ។

លោកស្រី សាក់ឃឿន សាវាទី អគ្គលេខារង​នៅ​ក្រសួង​កិច្ចការ​នារី​បាន​​ថ្លែង​ថា​ទោះបី​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អាច​បណ្ដាល​មកពី​ការ​រំលោភ​យក​ដីធ្លី​ក្តី​ក៏​លោកស្រី​បាន​ច្រាន​ចោល​បញ្ហា​នេះ​​ហើយ​ថា​វា​ជា​បញ្ហា​សម្រាប់​ប៉ូលិស ឬ​ក្រសួង​ផ្សេង​ទៀត​។

លោកស្រី​ថ្លែង​ថា​៖ «អំពើ​ហិង្សា​​ក្នុង​គ្រួសារ​នៅក្នុង​ជម្លោះ​ដីធ្លី​គឺ​មិន​ស្ថិត​នៅ​ក្រោម​អាណត្តិ​របស់​ក្រសួង​កិច្ចការ​នារី​នោះ​ទេ»។ «ជា​ការពិត​ណាស់​យើង​មាន​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​ទាំង​នោះ​ប៉ុន្តែ​អ្នក​អាច​អនុវត្ត​តាម​នីតិវិធី​ច្បាប់​»។ «អ្នក​អាច​ប្រើប្រាស់​សិទ្ធិ​របស់​អ្នក​ប៉ុន្តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ប្រើ​សិទិ្ធ​របស់​អ្នក​វា​មិន​រំលោភ​លើ​សិទ្ធិ​របស់​អ្នក​ដទៃ»។ លោកស្រី​បន្ត​​ថា​ស្ត្រី​​រងគ្រោះ​ទាំង​នោះ​គួរ​តែ​សម្លឹង​មើល​ទៅ​លើ​ចំណុច​វិជ្ជមាន​នៃ​ជម្លោះ​ដីធ្លី​នោះ​។ «ប្រហែល​ជា​អ្នក​អាច​មាន​គំនិត​ច្នៃ​ប្រឌិត​កាន់​តែ​ច្រើន​»។

លោក វុទ្ធី វណ្ណារ៉ា មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​រិះគន់​របាយការណ៍​នេះ​ដោយ​ថ្លែង​​​ថា៖ ​«នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។​ វា​មិន​អាច​ជា​តំណាង​​បាន​ទេ​ប្រសិន​បើ​អ្នក​ស្ទាបស្ទង់​មតិ​ដល់​ចំនួន​ ៦០០ ​នាក់»។

លោក​ថា​របាយការណ៍​នេះ​មិន​បាន​ឆ្លុះប​ញ្ចាំង​ពី​ស្ថានភាព​ពិត​ប្រាកដ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដែល​បាន​​​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ​ទេ៕