Friday, April 19, 2024
Latest:

ជិតដាច់ឆ្នាំហើយ តែសំណុំរឿងរបស់មន្ត្រីអាដហុក និងគជប មិនទាន់មានដំណឹង

សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តែសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ចេញដីកាដំណោះស្រាយ ពីលទ្ធផលស៊ើបសួរដើម្បីឈានដល់ការកំណត់ថ្ងៃសវនាការរបស់មន្ត្រីសិទ្ធិមនុស្សអាដហុកនិងមន្ត្រីគ.ជ.ប.ទាំង៥រូបដែលរងចោទ ក្នុងសំណុំរឿងអាស្រូវរបស់លោក កឹម សុខា នៅឡើយទេ បើទោះបីជាថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ បានសន្យានឹងរកដំណោះស្រាយផ្លូវច្បាប់ដោះលែងពួកគេវិញ មុនដំណាច់ឆ្នាំ២០១៦ នេះក្តី។

ចៅក្រមស៊ើបសួរសាលាដំបូង លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចបិទកិច្ចស៊ើបសួរទៅលើសំណុំរឿងមន្ត្រីសិទ្ធិមនុស្សទាំង ៥រូបនេះ កាលពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាឯកជន ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីររដ្ឋសភា ដែលបង្ហាញពីភាពល្អូកល្អើន ឈានទៅរកដំណោះស្រាយនយោបាយជាថ្មីម្តងទៀត។ ជាមួយគ្នានោះ លោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហើបឲ្យដឹងពីលទ្ធភាពនៃការដោះលែងអ្នកទាំង ៥នាក់ មុនដំណាច់ឆ្នាំ២០១៦ នេះ។

អ្នកនាំពាក្យសាលាដំបូង លោក លី សុផាណា បានឲ្យដឹងថា សំណុំរឿងនេះចោទប្រកាន់មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប. ក្នុងរឿងចោទប្រកាន់ស្នេហាលួចលាក់របស់លោក កឹម សុខា គឺស្ថិតក្នុងការបំពេញកិច្ចបិទការស៊ើបសួរនៅឡើយ ដែលជាដំណាក់កាលសរុបលទ្ធផលនៃកិច្ចស៊ើបសួរ។

លោកបន្តថា៖ «តាមនីតិវិធី ចៅក្រមស៊ើបសួរនឹងចេញដីកាដំណោះស្រាយដែលសម្រេចអំពីលទ្ធផលស៊ើបសួរ ។ យើងមិនទាន់ដឹងថា ចៅក្រមស៊ើបសួរសម្រេចយ៉ាងណានៅឡើយទេចំពោះការស៊ើបសួររឿងក្តីនេះដូចនេះយើងរក្សាសិទ្ធិមិនឆ្លើយនឹងសំណួរលោកដែរ ពីព្រោះវាមានលក្ខណៈជាការសន្មត និងប៉ះពាល់ដល់សេចក្តីសម្រេចរបស់ចៅក្រម»។

លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានបញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងនេះ គឺស្ថិតដំណាក់កាលសន្និដ្ឋានកិច្ចស៊ើបសួររបស់តំណាងអយ្យការ ដែលតាមនីតិវិធីច្បាប់។ លោកថា៖ «តាមច្បាប់ គឺ ១៥ថ្ងៃ តែខ្ញុំមិនដឹងថា គាត់អាចធ្វើលឿនជាងហ្នឹង ឬអត់ទេ តែពេលចប់ គាត់នឹងផ្ញើមកវិញ តែផ្ញើមកវិញនេះ មិនមានពេលកំណត់ទេ។ [កិច្ចសម្របសម្រួលនយោបាយ] រឿងហ្នឹង មិនមានការចូលរួមណាមួយពីខាងគណបក្សនយោបាយក្នុងសំណុំរឿងនេះទេ មានតែភាគីពាក់ព័ន្ធក្នុងរឿងនេះតែប៉ុណ្ណោះ»។

លោក សំ សុគង់ មេធាវីការពារសិទ្ធិជនជាប់ចោទ យល់ថា តុលាការ ហាក់អូសបន្លាយពេលក្នុងការចេញដីកាដំណោះស្រាយ ដើម្បីកំណត់ពេលសវនាការនេះ ដែលនាំឲ្យកូនក្ដីរបស់លោក ខាតបង់ផលប្រយោជន៍។ លោកថា៖ «សញ្ញាណចរចាផ្នែកនយោបាយពីថ្នាក់ដឹកនាំបក្សទាំងពីរ គឺមានហើយ អ៊ីចឹងខ្ញុំគិតថា មិនពិបាកនោះទេ។ បើសិនជាសវនាការ មិនបានធ្វើឡើងមុនដំណាច់ឆ្នាំនេះទេនោះ ក្រុមមេធាវី នឹងបន្តស្នើសុំការបំពេញកិច្ចលើនីតិវិធីផ្សេងៗទៀត ដើម្បីស្វែងរកដំណោះស្រាយ»។

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងមន្ត្រីគ.ជ.ប. លោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ ចោទពីបទសមគំនិត និងសូកប៉ាន់សាក្សី ប៉ុន្តែមិនទាន់បានផ្ដន្ទាទោសនៅឡើយទេ បើទោះបីជាអ្នកទាំង៥ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នជាងកន្លះឆ្នាំហើយក្តី។

គួរបញ្ជាក់ផងដែរថា សម្ព័ន្ធអង្គការសិទ្ធិមនុស្សអន្តរជាតិ FIDH ដែលមានអង្គការជាសមាជិក ១៧៨ ថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ស្វាគមន៍ទៅនឹងការលើកឡើងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត WGAD ដែលចាត់ទុកការឃុំខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប. ថា ជាទង្វើតាមទំនើងចិត្ត៕

ប្រភព៖ khmertimeskh