(Khmer) តំណាង​ពិសេស​ក្រសួង​ការ​បរទេស​អាមេរិក​សង្កត់​ធ្ងន់​លើ​ការ​លើក​កម្ពស់​សិទ្ធិ​សហជីព

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ rfa.org

តំណាង​ពិសេស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) នៅ​ថ្ងៃ​អង្គារ ទី​៤ តុលា ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ១០​នាក់​នៅ​ស្ថានទូត​អាមេរិក ទីក្រុង​ភ្នំពេញ ជុំវិញ​រឿង​ច្បាប់​ការងារ​នៅ​កម្ពុជា។

ជំនួប​ពិភាក្សា​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នេះ ផ្តល់​ឱកាស​ឲ្យ​អ្នកស្រី សារ៉ា ហ្វក បាន​ចែក​រំលែក​មតិ​របស់​អ្នកស្រី ក្រោយ​ពី​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មីយ៉ាន់ម៉ា និង​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​លក្ខខណ្ឌ​ការងារ​តាម​ស្តង់ដារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO)។

អ្នក​ឯកទេស​ផ្នែក​ច្បាប់​ការងារ​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​អនុសញ្ញា​ពីរ​នៃ​ច្បាប់​ការងារ​អន្តរជាតិ ដែល​អ្នកស្រី សារ៉ា ហ្វក ថា​មាន​សារសំខាន់​ពិសេស។ ទី​មួយ គឺ​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម ឬ​ជា​សមាគម និង​ទី​ពីរ គឺ​អនុសញ្ញា​លេខ​៩៨ ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​អនុសញ្ញា​រួម ឬ​ការ​ចរចា​ជា​សមូហភាព។

អ្នកស្រី សារ៉ា ហ្វក ហៅ​សិទ្ធិ​សេរីភាព​ទាំង​ពីរ​នេះ​ថា​ជា​សិទ្ធិ​មូលដ្ឋាន ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពលករ​អាច​ទៅ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្សេងៗ​ទៀត​បាន ព្រោះ​សិទ្ធិ​ទាំង​ពីរ​នេះ​ផ្តល់​ឱកាស​ឲ្យ​ពលករ​រួបរួម​គ្នា​ជា​សំឡេង​មួយ ហើយ​យក​សំឡេង​នោះ​ទៅ​ប្រើ​ជា​កម្លាំង​សម្រាប់​សន្ទនា និង​ចរចា​ជាមួយ​និយោជក​របស់​ពួក​គេ ដើម្បី​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​មួយ​ដែល​ល្អ​ប្រសើរ។

បន្ថែម​ពី​លើ​នេះ អ្នកស្រី សារ៉ា ហ្វក បាន​លើក​ឡើង​ពី​ភាព​រហ័សរហួន​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ទាំងនេះ ប៉ុន្តែ​អ្នកស្រី​សំណូមពរ​ឲ្យ​រដ្ឋាភិបាល បន្ត​ពង្រឹង​កិច្ច​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) និង​ព្យាយាម​រក​ដំណោះស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​នានា ដូចជា​ច្បាប់​សហជីព ជាដើម ដែល​មាន​ចំណុច​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​អនុសញ្ញា​នេះ៖ «មាន​បញ្ហា​នៅ​សេសសល់​មួយ​ចំនួន​ដូចជា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​មួយ​ចំនួន​ចងក្រង​គ្នា​ជា​សហជីព។ ឧទាហរណ៍​ដូចជា មន្ត្រី​សាធារណៈ​ជាដើម។ មាន​ការ​ព្រួយ​បារម្ភ​ថា ផ្នែក​ខ្លះ​នៃ​ច្បាប់​នេះ​លូក​ដៃ​ចូល​កិច្ចការ​របស់​សហជីព​ច្រើន​ពេក។ តាម​ស្តង់ដារ​ការងារ​អន្តរជាតិ វា​ជា​រឿង​សំខាន់​ដែល​សហជីព​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​កិច្ចការ​ដោយ​ខ្លួន​ឯង។ ផ្នែក​ខ្លះ​នៃ​ច្បាប់ និយាយ​ពី​លក្ខខណ្ឌ​ដែល​សហជីព​អាច​ប្រមូល​ផ្តុំ​បាន ឬ​ធ្វើ​កូដកម្ម​បាន សុទ្ធតែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ បើ​មើល​ពី​ស្តង់ដារ​អន្តរជាតិ»។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​មើល​របស់​អ្នកស្រី​កន្លង​ទៅ ការ​អនុវត្ត​នូវ​អនុសញ្ញា​ទាំង​ពីរ​នេះ​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន។

ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​សមាគម អ្នកស្រី ទេព គឹមវណ្ណារី ថា​បច្ចុប្បន្ន​នេះ ការ​បង្កើត​សហជីព​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ព្រោះ​មិន​ចាំបាច់​មាន​សមាសភាព ២០​ភាគរយ​នៃ​បុគ្គលិក​សរុប​ដើម្បី​បង្កើត​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​បន្ត​ថា ការ​ចងក្រង​នូវ​សហជីព ជា​រឿយៗ​នៅ​តែ​បន្ត​ជួប​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​និយោជក៖ «កន្លង​មក ពេល​យើង​ចងក្រង​សហជីព​យើង​ហើយ យើង​ត្រូវ​យក​សមាសភាព​ទៅ​ឲ្យ​និយោជក​ទទួល​ស្គាល់ មាន​ប្រធាន​ឈ្មោះ​នេះ ឈ្មោះ​នេះ​អ៊ីចឹង។ ពេល​ដែល​គេ​ឃើញ​សមាសភាព​នោះ គេ​តែង​មាន​ការ​រើសអើង ដូចជា​ការ​បញ្ឈប់​ប្រធាន​ទាំងនោះ។ គេ​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​គេ​ទេ»។

ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព អ្នកស្រី ទេព គឹមវណ្ណារី បន្ត​ថា បច្ចុប្បន្ន​មាន​និយោជក​ចាប់​ផ្តើម​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ជជែក​ពិភាក្សា​ជាមួយ​សហជីព ដែល​ជា​ការ​ល្អ​មួយ។ អ្នកស្រី​ថា​បាន​ជួយ​បញ្ចៀស​ជម្លោះ​រវាង​ពលករ និង​ក្រុមហ៊ុន​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​និយោជក​មួយ​ចំនួន​នៅ​តែ​មិន​គោរព​សិទ្ធិ​មួយ​នេះ ទោះ​បី​ជា​បាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ​ក៏ដោយ៕