Friday, April 19, 2024
Latest:

ពលរដ្ឋរងគ្រោះដីធ្លីខេត្តកំពត រកអន្តរាគមន៍ពីឯកឧត្តម ជា សុផារ៉ា

ពលរដ្ឋ​ប្រមាណ ១៣០នាក់ មក​ពី​ស្រុក​ឈូក ខេត្ត​កំពត នាំ​គ្នា​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងរៀបចំដែណដីនគរូបនិយកម្ម និងសំណង់ នាព្រឹកថ្ងៃទី ២៣ ខែសីហា​ ឆ្នាំ២០១៧នេះ ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយដែលបានឈួសឆាយរំលោភយកដីរបស់ពួកគេ។

ពលរដ្ឋដែលរងគ្រោះដីធ្លីមានចំនួន ៣០៨ គ្រួសារ លើផ្ទៃដី ១.២៣១​ហិកតារ រស់នៅក្នុងភូមិតេជោអង្កាញ់ និង ភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ពួកគេបានរត់​ភៀស​ខ្លួន​មក​ស្នាក់​នៅ​វត្ត​ចាស់ ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​ពីក្រុមហ៊ុន ប្រើ​កម្លាំង​ចម្រុះ​ចុះ​ព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់ កាលពីថ្ងៃទី១១ និងទី១២ ខែសីហា។

ពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុន First Bio-Tech Agricural (Cambodia) Co., Ltd. របស់លោកស្រី ចាន់ សុធា បានប្រើប្រាស់កម្លាំងយោធា ធ្វើការគំរាមកំហែង ប្រើប្រាស់គ្រឿងចក្រឈូសឆាយដុតបំផ្លាញផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋ និងចាប់ខ្លួន​ពលរដ្ឋ៣​នាក់ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ផងដែរ។ រហូតមកទល់ពេលនេះក្រុមហ៊ុនខាងលើមិនបានធ្វើការ​អភិវឌ្ឍ​អ្វី​លើ​ដី​នោះ​ទេជួល​ដី​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិនទៅវិញ។

ក្រុមប្រជាពលរដ្ឋបានមករក​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ។

ប្រជាពលរដ្ឋបានស្នើរដល់លោកឯកឧត្តម ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែណដីនគរូបនិយកម្ម និងសំណង់ ជួយរកយុត្តិធម៌ និងចេញប័ណ្ណកម្មសិទ្ធិដល់ពួកគាត។

តំណាងខាងក្រសួងបានសន្យាថានឹងដោះស្រាយជូនពួកគាត ប៉ុន្តែ​មិន​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ។ ពួកគាតក៏ធ្លាប់បានដាក់នៅស្រសួងដែនដី ម្ដងរួចទៅហើយ។

ពួកគាតឲ្យដឹងថា នឹងបន្តស្នាក់នៅក្នុងរាជធានីភ្នំពេញ រហូតរកបានដំណោះស្រាយ​ណាមួយ៕