Thursday, April 18, 2024
Latest:

សកម្មជនដីធ្លី៖ បក្សទាំងពីរកុំយកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងនយោបាយ

ប្រជាសហគមន៍រងគ្រោះដីធ្លី ប្រមាណ៤០នាក់ បានបន្តប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារសុំអោយមានការដោះលែង និងរកយុត្តិធម៌ ដល់អ្នកស្រី ទេព វន្នី មន្រ្តីសង្គមស៊ីវិលទាំង៤រូប មន្រ្តីគជប១រូប អ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី និងពលរដ្ឋរងគ្រោះដីធ្លីនៅបឹងកក់ នាព្រឹកថ្ងៃទី១៦ ខែមករានេះ។

ស្របពេលជាមួយគ្នានេះដែរប្រជាសហគមន៍បានស្នើរដល់បក្សដែលមានសំឡេងក្នុងសភាឈប់យកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងនយោបាយ។

អ្នកស្រី បូវ សោភា សកម្មជនបឹងកក់ប្រាប់អ្នកសារព័ត៌មានថា «នេះជាការពិតសំរាប់ពួកគាត់ទាំងអស់គ្នាហ្នឹង គឺជាចំណាប់ខ្មាំង ព្រោះអីការចាប់គាត់ នឹងការទាមទាដោះលែងនៅក្នុង តុ ចចារទៅវិញ មិនមែននៅក្នុងការដោះលែងពីរប្រព័ន្ធតុលាការ ឬមួយពីផ្នែកច្បាស់ណាមួយ អោយគាត់មានសេរីភាពទេ តែបែជាសេរីភាពរបស់ពួកគាត់ស្ថិតនៅលើ តុ ចចាររបស់ថ្នាក់ដឹកនាំ នេះជាការពិតសំរាប់ពួកគាត់ទាំង៦នាក់»។

នេះជាសប្តាហ៍ទី៣៧ហើយនៃយុទ្ធនាកាថ្ងៃច័ន្ទពណ៌ខ្មៅបន្ទាប់ពីមានការចាប់ខ្លួនមន្រ្តីសង្គមស៊ីវិល ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងសកម្មជនដីធ្លីកាលពីឆ្នាំមុន។

អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីពាក់កណ្ដាលខែសីហាឆ្នាំមុន ក្រោមការចោទថា សកម្មជនរូបនេះ បានជេរប្រមាថមន្ត្រីរាជការសាធារណៈ។

ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប គឺមានលោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់សាក្សីនៅក្នុងរឿងក្ដីស្នេហា លោក កឹម សុខា និង ស្រី មុំ កាលពីដើមខែឧសភា ឆ្នាំ២០១៦។

លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញនៅស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតឆ្លើយឆ្លងកំណត់ពីរបៀបវារៈនៃការចរចារ ដែលលិខិតនេះធ្វើឡើងតាមរយៈរដ្ឋសភា ជជែកអំពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច ប្រធានក្រុមភាគច្រើននៅក្នុងសភា និងសភាពការណ៍មុនការបោះឆ្នោត។ ចំណែករឿងចរចាដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប រួមទាំងសកម្មជនដីធ្លី មិនទាន់ត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃការចរចាគ្នាខាងមុខនេះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង។

តំណាងសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា ប្រាប់សារព័ត៌មាន វិទ្យុអាស៊ីសេរីថា៖ គណបក្សទាំងពីរគួរជជែកគ្នាពីរឿងជាតិ និងប្រជាជន ជាពិសេសដោះលែងសកម្មជនដីធ្លី និងមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប តាមការសន្យា ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញមានការតវ៉ាតទៅទៀត៖ «សូមថ្នាក់ដឹកនាំគណបក្សទាំងពីរ គាត់ចង់ធ្វើការបម្រើប្រជាពលរដ្ឋ និងសម្រួលផ្នែកនយោបាយកុំឲ្យឡើងកម្តៅ។ ដូច្នេះពួកគាត់គួរតែសហការគ្នាធ្វើការ ដើម្បីរកនីតិវិធីណាដើម្បីដោះលែងពួកគាត់ឲ្យមានសេរីភាព និងទាមទារយុត្តិធម៌សម្រាប់ពួកគាត់»៕