(Khmer) សហគមន៍បឹងកក់ដាក់ញាត្តិសុំអន្តរាគមន៍ពីធនាគារពិភពលោក និងសហភាពអឺរ៉ុប

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ សហសហគមន៍បឹងកក់៣០នាក់បានមកដាក់ញត្តិនៅ ធនាគារពិភពលោក និងសហភាពអឺរ៉ុបជួយអន្តរាគមន៍ អោយដោះលែង អ្នកស្រី ទេព វន្នី រួមទាំងសកម្មជនដទៃទៀត និងជួយដោះស្រាយបញ្ហាដីធ្លី ដល់ប្រជាពលរដ្ឋ១៩ គ្រួសារមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៦នេះ។

នៅពេលតវ៉ានេះ មានសមត្ថកិច្ចមួយចំនួនធ្វើការរារាំង ប៉ុន្តែពុំមានហិង្សាកើតឡើងនោះទេ។

អ្នកស្រីបូវ សោភានិយាយថា៖ «រឿងនៅតំបន់បឹងកក់អត់ទាន់ចប់សព្វគ្រប់ទេ ចឹងពួកខ្ញុំសំណូមពរអោយធនាគារពិភពលោក គាត់ជាអ្នកទទួលខុសត្រូវនូវបញ្ហាស្ត្រី បញ្ហាដីធ្លីនៅតំបន់បឹងកក់ ដែលកំពុងតែមានបញ្ហាទាំងអស់ គាត់ថាលុះត្រាតែរដ្ឋាភិបាលដោះស្រាយដីអោយអ្នកបឹងកក់គ្រប់ បានធានាគារពិភពលោកទំលាក់លុយមកអោយរាជរដ្ឋាភិបាល ហើយខ្ញុំឃើញថាឥឡូវហ្នឹង ជារឿយៗ ធនាគារពិភពលោកព្យាយាមទំលាក់លុយមករដ្ឋាភិបាល មិនគិតថាផ្នែកណា ក្រសួងសុខាភិបាល ឬមួយយ៉ាងម៉ិចទេ តែដោយឡែកនៅបឹងកក់អត់ទាន់ចប់សព្វគ្រប់ ហើយពួកខ្ញុំនៅមានបណ្ដឹងជាប់នឹងខ្លួន នូវមានជាប់ពន្ធនាគារ នៅមានការប្រើហិង្សាជារឿយៗ»

គួរបញ្ជាក់ថា អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែសីហា អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឱ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុកនិងមន្ត្រី គ.ជ.ប.មួយរូប។ អ្នកស្រី បូវ សោភា ត្រូវបានដោះលែង នៅតែអ្នកស្រី ទេព វន្នី ដែលតុលាការចោទប្រកាន់មួយករណីបន្ថែមទៀត ដែលជាសំណុំរឿងកាលពីឆ្នាំ២០១៣៕

អ្នកស្រីបន្តថា៖« ចឹងធនាគារពិភពលោកគួរតែ គាត់មើលឡើងវិញថាអ្នកបឹងកក់ពួកខ្ញុំហ្នឹងចប់សព្វគ្រប់នៅ ហើយអ្នកបឹងកក់ពួកខ្ញុំហ្នឹងមានសេចក្តីសុខទៅតាមអ្វីដែលគាត់ចង់បាននៅ? ចឹងវាអត់ទាន់មានទាំងអស់ តែអ្វីដែលពួកខ្ញុំទទួលបានហ្នឹង គឺការប្រើហិង្សា ហើយជាប់គុក មានម្នាក់មួយដងទៅបីដង អាហ្នឹងយើងអត់និយាយពីបណ្ដឹងឬ ឃុំខ្លួនទេ ដោយឡែក រឿងនេះគឺយើងសុំអោយ ធនាគារពិភពលោកជួយបញ្ចប់ ជម្លោះដីធ្លីនៅបឹងកក់មួយទៀត»។

រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីទំហំ ១២,៤៤ហិកតា ឱ្យក្រុមអ្នកតវ៉ាទំនាស់ដីធ្លីនៅតំបន់បឹងកក់សេសសល់ ធ្វើការអភិវឌ្ឍនៅនឹងកន្លែងកាលពីឆ្នាំ២០១១ ប៉ុន្តែពលរដ្ឋរងគ្រោះដីធ្លី ១៩គ្រួសារនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ។

អ្នកស្រីបន្ថែមថា៖ « សហភាពអឺរ៉ុបធ្វើការផ្នែកសិទ្ធិមនុស្ស ហើយជាពិសេស សហគមន៍អឺរ៉ុបជាម្ចាស់ជំនួយដ៏ធំបំផុតរបស់រដ្ឋាភិបាល គួរតែគិតពីបញ្ហាសិទ្ធិមនុស្ស។

បើសហគមន៍អឺរ៉ុបទំលាក់លុយមកទៀត មិនទំលាក់លុយអោយរដ្ឋាភិបាល មានកំលាំងធ្វើហិង្សាលើប្រជាពលរដ្ឋ ចាប់ម្ចាស់ដីដាក់គុក ប្ដឹងប្រជាពលរដ្ឋទៀតហើយ ចឹងវាជាការមួយមិនទទួលខុសត្រូវរបស់សហគមន៍អឺរ៉ុបហើយ ញត្តិនេះគឺសុំអោយសហគមន៍អឺរ៉ុបអន្តរាគមន៍»

«ចឹងក្នុងនាមជាម្ចាស់ជំនួយធំមកដល់រដ្ឋាភិបាល គួរតែលើកនិយាយឡើងវិញពីបញ្ហាជំនួយរបស់គាត់ និង សួរថាជំនួយរបស់គាត់ហ្នឹង ត្រូវទៅតាមអ្វីដែលគាត់ចង់បាននៅ តើមានការគោរពសិទ្ធិមនុស្សនៅ រដ្ឋាភិបានហ្នឹង?»។

យ៉ាងណាក៏ដោយ តំណាងស្ថាប័នទាំងពីរបានចេញមកទទួលញាត្តិរបស់ពួកគាត់។

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះកើតឡើងនៅឆ្នាំ២០០៨ រដ្ឋាភិបាលបានជួលដីនៅតំបន់បឹងកក់ ឱ្យក្រុមហ៊ុនស៊ូកាគូ (Shukaku) ដែលបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ៤.២៥០គ្រួសារ៕