Friday, April 19, 2024
Latest:

សេក្ដីប្រកាសព័ត៌មាន៖ ទីក្រុងសម្រាប់កុមារ–អបអរទិវាកុមារអន្តរជាតិលើកទី៦៨

អង្គការសមាគមធាងត្នោតរួមសហការជាមួយអង្គការភីពផលអ៊ីននីត(ភីន) អង្គការអភិវឌ្ឍន៍ស្រី្តក្រីក្រក្នុងទីក្រុង និង​វិទ្យាស្ថាន​បើកទូលាយប្រារព្ធ​ទិវាកុមារអន្តរជាតិលើកទី៦៨ ទីក្រុងសម្រាប់កុមារ ដែលតាមគម្រោងនឹងមានអ្នកចូលរួម​ប្រមាណ​ជា​២០០នាក់ ក្នុងនោះកុមារប្រមាណជា១២០នាក់ និងអាណាព្យាបាលរបស់គេប្រមាណជា៥០នាក់ ជាអ្នកកំពុងរស់នៅក្នុងភូមិព្រែកតាគង់មួយ។ ក្នុងនោះក៏មានតំណាងសាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ សង្កាត់​ចាក់អង្រែលើ ភូមិព្រែកតាគង់មួយ ម្ចាស់ជំនួយ និងតំណាងម្ចាស់ជំនួយ និងអង្គការដៃគូរអ្នកអនុវត្តគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សផងដែរ។

ព្រឹត្តិការណ៍នេះនឹងត្រូវប្រារព្ធនៅថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១១:០០ព្រឹក  ស្ថិតនៅក្នុងសហគមន៍ព្រែតាគង់១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ទិវានេះនឹងលើកទឹកចិត្តដល់​កុមារ​ទាំងអស់ដើម្បីឱ្យពួកគេបានគិតគូអំពី បរិស្ថានរស់នៅក្នុងទីក្រុង​តាមរយៈ​ការពិភាក្សា​​អំពី “ទីក្រុងដ៍ស្រស់សោភា”​របស់ពួក​គេដែលពួកគេនឹងបង្កើតបានតាមរយៈ ការគូរគំនូរនេះ។

យោងតាមរបាយការណ៍របស់អង្គការសមាគម​ធាងត្នោត ចេញផ្សាយនៅក្នុងឆ្នាំ២០១៤ (ការអង្កេត​អំពី​រាជ​ធានី​ភ្នំពេញ) កុមារ នៅក្នុងសហគមន៍ ៣៤០ទីតាំង​ដែល​ស្ថិត នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ  គឺពួកគេរស់នៅក្នុង​ស្ថាន​ភាព​លំបាក ដូចជា​ការទទួលបានគុណភាពទឹក មិនល្អក្នុងការប្រើប្រាស់ ឬសហគមន៍ខ្លះគ្នាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ការ​ប្រឈមអនាម័យមិនស្អាត កាកសំណល់ និងភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ជាដើម។   យោងតាម​ការ​ស្រាវ​ជ្រាវ​ដែល​បោះពុម្ពដោយអង្គការភីន កាលពីឆ្នាំ២០១៤​ បានឱ្យដឹងថាមួយ​ភាគ​បីនៃកុមារ​ដែល​រស់នៅក្នុងសហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញគឺគ្មានអាហារហូបចុកគ្រប់គ្រាន់ មានភាព ស្លេក ស្លាំង ខ្សោយកម្លាំង និងរៀនមិនសូវពូកែ។

លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាឱកាស​មួយ​សម្រាប់​កុមារក្នុងការនាំមកនូវបំណងប្រាថ្នារបស់ពួគគេសម្រាប់លំនៅឋាន តាមរយៈសកម្មភាព​សប្បាយ​ៗ​។ វាក៏​មាន​ន័យថា កុមារទាំងនេះនឹងបានដឹង និងរៀនសូត្រតាំងពីខ្លួននៅ​ក្មេងៗទៅថាពួកគេអាចមាន​សម្លេង​ក្នុង​ការអភិវឌ្ឍ​ទីក្រុង។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០១៦ អង្គការសមាគមធាងត្នោត អង្គការភីពផលអ៊ីននីត អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុង​​   ទី​ក្រុង និងវិទ្យា​ស្ថាន​បើកទូលាយបានចាប់ផ្តើម​សហការ​ក្នុងការអនុវត្តគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ “ទីក្រុងយើងទាំងអស់គ្នា” ដែលផ្តល់មូលនិធិ​ដោយសហគមន៍អឺរ៉ុប និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍នៃសាធារណៈ​រដ្ឋ​​ឆែក។ គម្រោងដែល​មាន​រយៈពេលបីឆ្នាំនេះ​ផ្សព្វផ្សាយអំពី​វិធីសាស្ត្រ​ទាក់ទងនឹងសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុង។ បច្ចុប្បន្នគម្រោង នេះកំពុងអនុវត្តនៅតំបន់ច្រាំងចំរេះ និងជំវិញបឹងទំពុន។ គម្រោងនេះធ្វើការជាមួយសហគមន៍ និង អាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ដល់ឱ្យប្រជាពលរដ្ឋនូវការវាយតម្លៃទាក់ទងនឹងការកាន់កាប់ដីធ្លីស្របច្បាប់ និងរៀបចំផែន​ការ​ទីក្រុងថ្មីៗដើម្បីកែលម្អសហគមន៍នៅនឹងកន្លែងក្នុងគោលបំណងធ្វើឱ្យការប្រើប្រាស់ដីធ្លីកាន់តែមាន ប្រសិទ្ធភាព ជៀស​វាង​ការតាំងលំនៅថ្មីដោយមិនមានការព្រមព្រៀងគ្នា។

បន្ថែមទៅនឹងការងារទូទៅដែលបានអនុវត្ត នៅក្នុងសហគមន៍គោលដៅក្នុងទីក្រុងនៃគម្រោង​រៀបចំដីធ្លី និង​សិទ្ធិ​មនុស្ស ក៏រៀបចំឱ្យមានការចូលរួមពីនិស្សិតនៅក្នុងរាជធានី ភ្នំពេញ តាម រយៈ វគ្គបណ្តុះបណ្តាលស្តីពី “គម្រោង​រៀប​ចំ​ផែន​ការ​ទីក្រុង”។ វគ្គបណ្តុះបណ្តាលនេះរួមបញ្ចូលនូវសិក្ខាសាលា​ និងបទបង្ហាញនានា អំពីការធ្វើផែនការដីធ្លី បញ្ហា​ប្រឈម​នឹងហានិភ័យ គម្រោងរៀបចំដីធ្លី​ និងសិទ្ធិមនុស្ស យែនឌ័រ និងការធ្វើផែនការ លម្អទីក្រុង។ល។ ដើម្បី​ជួយ​ដល់​អ្នក​ដែលរៀបចំផែនការ​ទីក្រុងនាពេលអនាគត ​ពិចារណាអំពីសារៈសំខាន់​​ អំពីវិធីសាស្ត្រ ដែលផ្តោតលើសិទ្ធិ ក្នុង​ការអភិវឌ្ឍទីក្រុង​ក្នុងរាជធានី​ភ្នំពេញ​។ ការប្រារព្ធទិវាកុមារអន្តរជាតិនេះក៏ជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និង​សិទ្ធិ​មនុស្ស​ដើម្បីឱ្យកុមារដែលជាកូនចៅរបស់ប្រជាសហគមន៍នៃតំបន់គោលដៅនៃការអនុវត្តគម្រោងនេះបានចូលរួម សប្បាយក្នុងឱកាសទិវាដ៏មានសារៈសំខាន់នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាទាក់ទង៖

លោក សៅ កុសល  ប្រធានកម្មវិធីបច្ចេកទេស របស់អង្គការសមាគមធាងត្នោត  ០១៧ ៥៥៥ ៨៨៧ (ផ្នែកភាសាខ្មែរ និងអង់គ្លេស)

លោក SASIN Piotr, នាយកប្រចាំប្រទេស របស់អង្គការភីពភលអ៊ីននីត (ភីន) ០១១ ៦៧៦ ៣៣១ (ផ្នែកភាសាអង់គ្លេស)