Thursday, April 18, 2024
Latest:

អតីតស្ត្រីបឹងកក់រងគ្រោះដីធ្លីរកអន្តរាគមន៍ជាថ្មីពីសាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បណ្ដាញអតីតស្ត្រីបឹងកក់ និង​ប្រជាជនរងគ្រោះដោយសារការបណ្ដេញចេញទាំងបង្ខំនៅតំបន់បឹងកក់ ប្រមាណ៥០នាក់ បានមកដាក់ញត្តិទាមទាសំណងបន្ថែមនៅសាលារាជធានីភ្នំពេញ។

ក្នុងញត្តិដាក់ជូនលោកអភិបាលសាលារាជធានីថ្មី ប្រជាសហគមន៍ទាមទារសំណងបន្ថែមជាថវិកាចំនួនពីរម៉ឺន (២០,០០០) ដុល្លារអាមេរិក សម្រាប់អ្នកដែលបានផ្ទះនៅដំណាក់ត្រយឹង ឫដីមួយឡូតិ៍ទំហំ ៤ម x ១៨ម នៅតំបន់បឹងកក់​សម្រាប់អ្នកដែលបានទទួលប្រាក់ ៨០០០ដុល្លារ និង២លានរៀល។

ការជួបជុំគ្នានៅព្រឹកនេះ កងសន្តិសុខខណ្ឌដូនពេញ បានធ្វើការរារាំង និងដណ្ដើមយកឧបករណ៍បំពងសម្លេងពីប្រជាសហគមន៍ បណ្ដាលឲ្យមានការប៉ះទង្គិចគ្នា តែមិនបង្កឲ្យមានរបួសទេ។​​

គួរបញ្ជាក់ផងដែរថា តំបន់បឹងកក់​ ​ដែល​មាន​ទំហំ​ជាង​១៣០​ហិកតា​​ត្រូវ​បាន​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ ​ធ្វើ​វិនិយោគ​រយៈ​ពេល​៩៩​ឆ្នាំ​​ក្នុង​តម្លៃ​ជាង​៧៩​លាន​ដុល្លារ កាលពីឆ្នាំ២០០៨ ហើយប្រជាពលរដ្ឋ​​ជាង​៤០០០​គ្រួសារក៏​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ទាំងបង្ខំតាម​រយៈ​ការ​ផ្តល់​លំនៅដ្ឋាន​នៅ​តំបន់​ផ្សេង​ ​និង​ជម្រើស​មួយ​ទៀត​ ​គឺ​ផ្តល់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​តំបន់​នោះ។​

តំណាងប្រជាពលរដ្ឋលើកឡើងថា ការផ្ដល់សំណងមានលក្ខណៈស្តួចស្ដើងមិនអាចឲ្យពួកគេរកកន្លែងរស់នៅថ្មីបានសមរម្យឡើយ គ្រួសារភាគច្រើនបានទទួលយកសំណងទាំងបង្ខំចិត្តនិងសុទ្ធសឹងតែត្រូវបានទទួលនូវការធ្វើទុក្ខបុកម្នេញពីសំណាក់សាលាក្រុងភ្នំពេញនិងក្រុមហ៊ុនស៊ូកាគូអ៊ីន​ ទើបពួកគាត់សម្រេចចិត្តចាកចេញទាំងបង្ខំចិត្ត។

ប្រជាសហគមន៍សង្ឃឹមថា លោកអភិបាលក្រុងថ្មី​ ឯកឧត្តម ឃួង ស្រេង នឹងដោះស្រាយសំណងបន្ថែមឲ្យពួកគាត់ដើម្បីស្រោចស្រង់ និងស្ដារកត្តិយសសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាល មុនការបោះឆ្នោតថ្នាក់ជាតិមកដល់​។

ក្នុងញត្តិបន្ថែមថា «នឹងមិនធ្វើដូចអភិបាលក្រុងមុនៗដែលមិនបានដោះស្រាយបញ្ហាសំណងជូនប្រជាសហគមន៍ដែលរងគ្រោះហើយថែមទាំងបានគំរាមនិងបញ្ជាកងសន្តិសុខឲ្យបង្ក្រាបយ៉ាងឃោឃៅទៅលើស្ត្រីបឹងកក់ និងបញ្ជាកងកម្លាំងប្រដាប់អាវុធ​ និងកងសន្តិសុខក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់ពន្លិច ដីធ្លី និងផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិឲ្យខ្ទេចខ្ទីគ្មានសល់»

តំណាងប្រជាសហគមន៍ឲ្យដឹងថា តំណាងរដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលយកញត្តិរបស់ពួកគេ ហើយថានឹងបញ្ជូនទៅថ្នាក់លើពិនិត្យ។