Saturday, April 20, 2024
Latest:

បញ្ឈប់ការបណ្តេញចេញ៖ សហគមន៍បន្ទាយស្លឹកមិនគួរត្រូវបានបណ្តេញចេញក្នុងកំឡុងពេលរាលដាលនៃជម្ងឺកូវីដ១៩ឡើយ

រូបភាពពីសហគមន៍

សាលារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះរុះរើផ្ទះរបស់ប្រជាពល​រដ្ឋនៅ​សហគមន៍បន្ទាយស្លឹកដែលមានទីតាំងស្ថិត នៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយផ្សារទំនើប សុវណ្ណា) ចំនួន៨៧ ខ្នងផ្ទះ ដោយឱ្យពួកគាត់ទៅរស់នៅតំបន់ថ្មី នៅតំបន់អភិវឌ្ឍន៍ សេវេន អេន ជី (7NG) ដែល​មាន​ចម្ងាយ​​​ប្រហែល៣០គីឡូម៉ែត្រ ពីទីតាំងចាស់។ សកម្មភាពរុះរើនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។

មុនថ្ងៃចុះរុះរើ​ផ្ទះរបស់ប្រជាពលរដ្ឋ សាលា​រាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងសាលាខណ្ឌបឹងកេងកងបានអញ្ជើញ​ប្រជាពលរដ្ឋ​ទាំង ៨៧ គ្រួសារ ប្រជុំនៅ​ព្រឹក​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ឆ្នោតយកក្បាលដីនៅទីតាំងថ្មី ដោយក្នុងមួយគ្រួសារទទួលបានដី១ឡូតិ៍ ដែលមានទទឹង ៤ម៉ែត្រ និងបណោ្តយ១៥ ម៉ែត្រ (៤ម៉ x ១៥ម៉) ។​ ក្រោយពី​ចាប់ឆ្នោត​យក​ក្បាល​ដីរួច​រាល់​ហើយ អាជ្ញាធរទុករយៈពេលតែបីថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួនមុននឹងរុះរើផ្ទះ​របស់ពួកគាត់ ខណៈពេលដែលក្នុង​កិច្ចប្រជុំមិនទាន់មានការព្រមព្រៀងលើពេលវេលាជាក់លាក់ណាមួយដើម្បីរុះរើ​​​​​នោះទេ។

ឆ្លើយតបទៅនឹងចំណាត់ការរបស់អាជ្ញាធរ​ ប្រជាសហគមន៍បាន​ស្នើសុំទៅ​អាជ្ញាធរពាក់ព័ន្ធ​ទាំងអស់​ សុំពន្យាពេលក្នុង​ការ​​រុះរើ​ផ្ទះ​របស់​ពួកគាត់ដោយហេតុផលថា ពេលនេះជាអំឡុងពេលដែលប្រជាពលរដ្ឋស្ទើ​តែទាំងអស់​កំពុងតែ​ប្រឈមនូវ​បញ្ហាជាច្រើន ជាពិសេសគឺការបាត់បង់ប្រាក់ចំណូល​ដោយ​សារបញ្ហា​នៃការរីករាល​ដាល​ជំងឺកូវីដ-១៩ ហើយពេលនេះគឺជាការឈាន​ចូលដល់រដូវវស្សាផងដែរ។ ប្រជាសហគមន៍ម្នាក់បានលើកឡើងថា​ “​ប្រសិនបើពួកយើងរុះរើពេលនេះក៏ពុំទាន់មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​សាងសង់​ផ្ទះថ្មី ​នៅទីតាំងថ្មីនោះដែរ ពីព្រោះពួកយើងទទួលបានសំណងតែដី និងប្រាក់១០០ដុល្លារប៉ុណ្ណោះពីសាលារាជធានីភ្នំពេញ។

បើតាមប្រជាសហគមន៍មួយចំនួនដែលអង្គការសមាគមធាងត្នោតបានចុះជួប និងសាកសួរ ទោះបីជាប្រជាពលរដ្ឋដែលមានលំនៅឋានជាក់ស្តែងនៅក្នុងសហគមន៍បន្ទាយស្ទឹកយល់ព្រមចាកចេញដោយគ្មានការតវ៉ា និងប្រព្រឹត្តទៅដោយរលូនក្រោមការរុះរើរបស់អាជ្ញាធរ​យ៉ាងលឿនរហ័ស ទោះជាក្នុងថ្ងៃឈប់សម្រាកក៏ដោយ ក៏មិនមានន័យថាប្រជាសហគមន៍សប្បាយចិត្តនឹងការអនុវត្តរបស់អាជ្ញាធរនោះទេ ព្រោះពួកគាត់មានការភ័យខ្លាច និងមិនហ៊ានបញ្ចេញយោបល់ ឬតវ៉ាប៉ុណ្ណោះ។

ហេតុដូច្នេះ ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្តូរទីតាំងលំនៅថ្មីរបស់សហគមន៍ក្រីក្រនេះ ក្នុងនាមជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្ទាល់ជាមួយប្រជាជនក្រីក្រ អង្គការសមាគមធាងត្នោតសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ គោរពសិទ្ធិមានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ និងបទដ្ឋានសិទ្ធិមនុស្សនានាដូចជា “គោលការណ៍ណែនាំ ស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី” របស់អង្គការសហប្រជាជាតិ គួរត្រូវបានយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ហើយប្រាកដថា វាជាការដោះស្រាយមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍តែម្តង។ លើសពីនេះទៅទៀត យើងក៏ស្នើសុំឱ្យអាជ្ញារធរដោះស្រាយដោយផ្តល់នូវសំណងសមរម្យ សមធម៌ ចំពោះគ្រួសារដែលនៅសេសសល់ និងបន្តជួយគាំទ្រដល់គ្រួសារដែលត្រូវបានផ្តល់ទីតាំងថ្មី ដោយរៀបចំឱ្យមាននូវសេវាសាធារណៈ មានដូចជា ប្រព័ន្ធទឹក ភ្លើង ផ្លូវ ក៏ដូចជាមុខរបរដល់ពួកគាត់នៅទីតាំងថ្មីនោះ ដោយសារពួកគាត់កំពុងប្រឈមការលំបាកជាច្រើន ជាពិសេសការស្វែងរកប្រាក់ចំណូលសម្រាប់គាំទ្រផ្នែកសេដ្ឋកិច្ចគ្រួសារពួកគាត់ ខណៈ​ប្រទេសកម្ពុជាកំពុងបន្តរីករាលដាលនៃជំងឺកូវីដ-១៩។

One thought on “បញ្ឈប់ការបណ្តេញចេញ៖ សហគមន៍បន្ទាយស្លឹកមិនគួរត្រូវបានបណ្តេញចេញក្នុងកំឡុងពេលរាលដាលនៃជម្ងឺកូវីដ១៩ឡើយ

Comments