ផលប៉ះពាល់នៃអនុក្រឹត្យស្តីពី ការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ជាសម្បត្តិសាធារណៈរបស់រដ្ឋ

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ​ ​    ចំនូន៥​សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ​(ព្រែកព្នៅ និង សែន សុខ)។ ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ​។ ហេតុដូច្នេះហើយ វាបានធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

នៅចន្លោះថ្ងៃទី០៨ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ អង្គការសមាគមធាងត្នោត បានចុះទៅប្រមូលព័ត៌មានដោយធ្វើការសម្ភាសន៍ជាមួយ​ប្រធានភូមិទាំង ១៩ ភូមិ ព្រមទាំងសមាជិកសហគមន៍នីមួយៗនៅក្នុងតំបន់នោះផងដែរ។ ការចុះប្រមូលព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចង់ដឹងថាតើ​អនុក្រឹត្យនេះ ​នឹងមាន​ផលប៉ះពាល់អ្វីខ្លះ។ តាមការស្រាវជ្រាវ ប្រជាពលរដ្ឋ​ប្រមាណ ៣៣២ គ្រួសារ នឹងរងផលប៉ះពាល់ពីសេចក្តីសម្រេចនៃអនុក្រឹត្យនេះ។ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណចំនួន១៤៧ គ្រួសារ ប៉ះពាល់លំនៅដ្ឋាន និងដីស្រែ​ ហើយប្រហែល១៨៥គ្រួសារផលប៉ះពាល់​ដីស្រែប៉ុណ្ណោះ។ ភូមិចំនួន៤ក្នុងចំណោមភូមិទាំង១៩ ដែលរងផលប៉ះពាល់ទាំងលំនៅដ្ឋាន និងដីស្រែចំការ ដោយសារសេចក្តីសម្រេចនៃអនុក្រឹត្យ មានដូចជា ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន និងភូមិធំត្បូង។ ភាគច្រើននៃដីដែលរងផលប៉ះពាល់ (ប្រមាណ ២៥៣ហិចតា) គឺដីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម។ សេចក្តីសម្រេចនៃអនុក្រឹត្យនេះមិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នោះទេ វាថែមទាំងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ននេះផងដែរ។

ប្រធានភូមិទាំង១៩ ​ប្រាប់ថា ពួកគេមិនបានដឹងអំពីអនុក្រឹត្យនោះទេ។ នេះបង្ហាញពីភាពខ្វះខាតនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអនុក្រឹត្យនេះ ហើយការគ្រប់គ្រងដីធ្លី នៅក្នុងរាជធានីភ្នំពេញថ្មីៗនេះ គឺវាមានភាពស្រដៀងគ្នា នៅក្នុងការគ្រប់គ្រងដីធ្លីកាលពីអតីតកាល។ អ្នកស្រី ផាន សុខុម ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិសំរោងត្បូងតាំងពីឆ្នាំ២០០០ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៣  អាជ្ញាធរមូលដ្ឋានបានប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់អ្នកស្រី ឱ្យផ្លាស់ទីចេញពីតំបន់នេះ ដោយបញ្ជាក់ថាភូមិនេះ គឺជាដីរបស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្លាស់ទីចេញ ហើយបន្តរស់នៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។ អង្គការសមាគមធាងត្នោតបានរកឃើញថា មានចំនួន៧៧គ្រួសារត្រូវបានបាញ់លេខពណ៌ក្រហម ដែលសញ្ញាជូនដំណឹងឱ្យរុះរើចាប់ពីពេលនោះមក។ អ្នកស្រី ផាន សុខុមបានបន្ថែមទៀតថា អ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិនេះ មិនមានការជំទាស់ទៅនឹងការអភិវឌ្ឍនៅតំបន់នេះទេ ប៉ុន្តែសូមឱ្យមានសំណងសមរម្យ និងត្រឹមត្រូវ ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យរុះរើចេញពីតំបន់នេះ។

map IMG_5325 IMG_5326