ក្នុងឱកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៩ និងវេទិកាសហគមន៍ប្រចាំឆ្នាំលើកទី១១ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងលំនៅឋាននានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងអសុវត្ថិភាពដីធ្លី និងសិទ្ធិទទួលបានលំនៅឋានសមរម្យ សូមអំពាវនាវឱ្យ មានការអភិវឌ្ឍប្រកបដោយភាពយុត្តិធម៌ តម្លាភាព បញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការចូលរួមគ្រប់ ជ្រុងជ្រោយ។
ពួកយើងទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ តែងតែមានការព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ មិនទទួលបាននូវការ ពិគ្រោះយោបល់ និងសំណងមិនសមរម្យ ព្រោះនាពេលកន្លងមកពួកយើងសង្កេតឃើញថា សហគមន៍ដីធ្លីដូចពួកយើងជាច្រើនតែងតែរងគ្រោះពីការអភិវឌ្ឍ។ បើទោះបីសិទ្ធិមានកម្មសិទ្ធិ រួមទាំងសិទ្ធិមានលំនៅឋានសមរម្យ ត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤៤ និងធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះរួមមាន មាត្រា ២៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៍ពួកយើងទាំងអស់គ្នានៅតែទទួលរងនូវការបណ្ដេញចេញដោយបង្ខំ និងទទួលបាននៅសំណងមិនទាន់សមរម្យនៅឡើយ។
នៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៩ ឆ្នាំ២០២៤នេះ យើងខ្ញុំបានរួមគ្នាប្រារព្ធទិវានេះនៅតាមសហគមន៍របស់យើងរៀងៗខ្លួន ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទរួមគ្នា “ការចូលរួមរបស់សហគមន៍ និងយុវជន ដើម្បីសិទ្ធិលំនៅឋាន”។ ការប្រារព្ធទិវានេះមានការចូលរួមពីប្រជាសហគមន៍ យុវជន និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាជាង ៦០០នាក់ មកពីសហគមន៍ចំនួន ១១ ក្នុងរាជធានីភ្នំពេញ កំពត កំពង់ឆ្នាំង និងខេត្តកោះកុង។
ស្របពេលជាមួយគ្នានេះដែរ ពួកយើងបានចូលរួមក្នុងវេទិកាសហគមន៍ប្រចាំឆ្នាំលើកទី១១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការសមាគមធាងត្នោត។ នៅក្នុងវេទិកានោះ យើងខ្ញុំទាំងអស់គ្នាបានស្នើសុំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគោរព និងការពារសិទ្ធិរបស់យើងខ្ញុំជាប្រជាពលរដ្ឋ ក្រីក្រ ដើម្បីធានាបាននូវសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ដូចប្រជាពលរដ្ឋនៅក្នុងទីក្រុង និងបណ្ដាខេត្ត ដទៃទៀតដែរ។ យើងខ្ញុំទាំងអស់គ្នាសាទរចំពោះការអភិវឌ្ឍ ប៉ុន្តែពួកយើងត្រូវតែទទួលបានផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទាំងនោះប្រកបដោយសមធម៌ និងសមភាព។
ដូច្នេះហើយយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់រាជរដ្ឋាភិបាល អាជា្ញធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធនានា៖
- បញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើពួកយើងខ្ញុំជាពិសេសសកម្មជនដីធ្លី និងលំនៅឋាន។
- អនុវត្តឱ្យបាននូវសិទ្ធិមានលំនៅឋានសមរម្យដើម្បីឱ្យមានការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
- រាល់ការអភិវឌ្ឍទាំងឡាយត្រូវតែវាយតម្លៃហេតុប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសផលប៉ះពាល់ទៅលើជីវភាពរបស់ជនងាយរងគ្រោះ។
- ពន្លឿនការចេញប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសមធម៌ដល់សមាជិកសហគមន៍ដីធ្លី ដែលពុំទាន់មានដើម្បីឱ្យពួកគាត់ទទួលបាននូវ សេវាសង្គមនានា។
- ផ្ដល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជាប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់ បណ្តាញទឹកស្អាត និង អគ្គិសនីរបស់រដ្ឋ។
- ត្រូវធានាថា រាល់ដំណើរការអភិវឌ្ឍនានាត្រូវអនុលោមតាមគោលការណ៍តម្លាភាព គណនេយ្យភាព និងការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នករងផលប៉ះពាល់ ដើម្បីធានាថា ពួកគាត់បានចូលរួមពិភាក្សាអំពីបញ្ហាទាំងនោះ លើកឡើងពីកង្វល់នានា និងដំណោះស្រាយដែលអាចធ្វើទៅរួច សម្រាប់ផលប្រយោជន៍គ្រប់ភាគី។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ផ្លូវរថភ្លើង
២. សហគមន៍៩២
៣.សហគមន៍រលួសជើងឯក
៤. សហគមន៍បឹងឈូកអេ
៥. សហគមន៍បឹងត្របែកភូមិ៤
៦. សហគមន៍សំរោងត្បូង
៧. សហគមន៍ពង្រសែនជ័យ
៨. សហគមន៍ត្រពាំងរាំង
៩. សហគមន៍សែនរីករាយ
១០. សហគមន៍ឬស្សីស្រស់
១១. សហគមន៍សាមគ្គីរុងរឿង
១២. សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ
១៣. សហគមន៍ព្រែកតាគង់៣
១៤. សហគមន៍ស្មសាន
១៥. សហគមន៍ស្ត្រីក្លាហាន
១៦. សហគមន៍ស្ទឹងកំបុត
១៧. សហគមន៍វាលស្បូវ
១៨. សហគមន៍ទំនប់តាថ្លាង
១៩. សហគមន៍អណ្ដូងតាអៀង
២០. សហគមន៍រស្មីសាមគ្គី
២១. សហគមន៍ចំរើន
២២. សហគមន៍ឆ្មាអើត
២៣. សហគមន៍ព្រៃពាយ (កំពត)
២៤. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
២៥. សហគមន៍ថ្លាន់១០០ (កំពត)
២៦. សហគមន៍វាលឥន្ទ្រីយ៍ (កំពត)
២៧. សហគមន៍ភ្នំត្នោត (កំពត)
២៨. សហគមន៍ឡពាំង (កំពង់ឆ្នាំង)
២៩. សហគមន៍សាមគ្គីថ្មស (កោះកុង)
៣០. សហគមន៍ព្រែកខ្សាច់ (កោះកុង)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- លោកស្រី ស៊ិន ស៊ីនួន តំណាងសហគមន៍ក្នុងរាជធានីភ្នំពេញ ០១៧ ៣២៤ ៥៤៦
- លោកស្រី អ៊ុំ សុភី តំណាងសហគមន៍ខេត្ត ០៧៨ ៥០៦ ៨៣០
- លោក ឃុន តុលា ប្រធានកម្មវិធីផ្សព្វផ្សាយនិងតស៊ូមតិ នៃអង្គការសមាគមធាងត្នោត ០៩៣ ៦៦៧ ៧៨៩