សភាអនុម័តច្បាប់ ព្រងើយកន្តើយនឹងក្តីបារម្ភសង្គមស៊ីវិល ស្របពេលបក្សប្រឆាំងធ្វើពហិកា

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ គឺជាថ្ងៃដ៏ក្រៀមក្រំ និងអយុត្តិធម៌បំផុតសម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា ក៏ដូចជាសាធារណៈជនទូទៅ បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសត្រូវបានសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជារួមគំនិតគ្នាអនុម័តរំលោភទៅលើឆន្ទៈរបស់អង្គការសង្គមស៊ីវិល តែរយៈពេលមួយព្រឹកប៉ុណ្ណោះ ដោយពុំមានវត្តមានសមាជិកសភាគណបក្សជំទាស់។

ការអនុម័តច្បាប់ដោយតក់ក្រហល់ និងព្រងើយកន្តើយចំពោះសំណើរបស់អង្គការសង្គមស៊ីវិលទៅលើសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់នានា គឺក្លាយជាប្រពៃណីរបស់រដ្ឋាភិបាល និងសមាជិកសភាគណបក្សប្រជាជនកម្ពុជាទៅហើយ។ ជាក់ស្តែង នាពេលកន្លងមក ច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ ច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបទប្បញ្ញត្តិមួយចំនួនក្នុងច្បាប់ទាំងនេះ ត្រូវបានអង្គការសង្គមស៊ីវិលលើកឡើងថា ពុំបានធានាឯករាជ្យភាពរបស់ស្ថាប័នតុលាការដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយស្នើឱ្យមានការកែប្រែ និងដកចេញ ក៏ត្រូវបានសមាជិកសភាគណបក្សប្រជាជនអនុម័តតែឯកឯង ដោយមិនខ្វល់ពីសំណើរបស់សង្គមស៊ីវិលទាំងនោះដែរ។

អង្គការសង្គមស៊ីវិលមានជំនឿ និងបានវិភាគថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនដ្ឋាភិបាល គឺជាច្បាប់ដែលពុំមានភាពចាំបាច់ បង្កើតឡើងដោយហេតុផលនយោបាយ និងរឹតត្បិតសិទ្ធិរបស់ប្រជាពលរដ្ឋ រំលោភទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយថា រដ្ឋាភិបាលគួរពិចារណាដល់ផលប៉ះពាល់ធ្ងន់ធ្ងរនៃច្បាប់នេះ មកលើសេរីភាពខាងការបញ្ចេញមតិ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវធ្វើការពិភាក្សាដេញដោលដោយ គណៈកម្មាធិការទី៤នៃព្រឹទ្ធសភា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភានឹងជួបប្រជុំជាលើកទី២ ដើម្បីកំណត់ពេលវេលាសម្រាប់ជួបប្រជុំពេញអង្គ។ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេនោះ កិច្ចប្រជុំពេញអង្គដើម្បីអនុម័តច្បាប់នេះនឹងអាចប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។