អ្នកស្រី នី សុផាន់ណាក់ រស់នៅក្នុងផ្ទះតូចមួយនៅផ្លូវតូចចង្អៀតខាងក្រោយវត្តថាន់ ម្តុំផ្លូវសុធារស។ ស្រ្តីវ័យ ៤២ ឆ្នាំដែលមានកូនបីនាក់រូបនេះបានថ្លែងថាអ្នកស្រីគឺជាជនរងគ្រោះដែលត្រូវបានបណ្តេញចេញពីសហគមន៍ដីក្រហមដែលនៅជិតនោះកាលពី ១០ ឆ្នាំមុនដោយការសន្យាមិនពិតរបស់អាជ្ញាធរ។
អ្នកស្រីបានថ្លែងថា៖ «ពួកគេបានកុហកខ្ញុំ។ ពួកគេ [អាជ្ញាធរ] បានប្រាប់យើងថាពួកគេនឹងធ្វើសួននៅសហគមន៍ដីក្រហម»។ «ប៉ុន្តែឥឡូវនេះពួកគេសាងសង់ភោជនីយដ្ឋាន និងអគារថ្មីៗខ្ពស់ៗនៅទីនោះ»។
សហគមន៍ដីក្រហមគឺជាកន្លែងមួយក្នុងចំណោមកន្លែងបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋានចំនួន ៧៧ កន្លែងដែលត្រូវបានកំណត់អត្តសញ្ញាណដោយសមាគមធាងត្នោតជាអង្គការសិទ្ធិដីធ្លីដែលរកឃើញថាគម្រោងអភិវឌ្ឍន៍ភាគច្រើនបំផុតដែលបានសន្យាមិនទាន់ត្រូវបានបញ្ចប់ ឬបានកែគម្រោងរបស់ខ្លួនទេ។ នេះបើតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។
របាយការណ៍ដែលមានចំណងជើងថា «តើគោរពការសន្យាឬអត់?» បានរកឃើញថាមានតែ ៣៥ ភាគរយនៃគម្រោងដែលកើតចេញពីការបណ្តេញប្រជាជនចេញពីដីធ្លីត្រូវបានបញ្ចប់ខណៈចំនួនដែលនៅសល់ដទៃៗទៀតត្រូវបានសាងសង់ដោយផ្នែក ឬមិនត្រូវបានអភិវឌ្ឍទេរហូតមកដល់ពេលនេះ។ ជាងនេះទៀតគម្រោងភាគច្រើនបំផុតគឺជាគម្រោងអគារពាណិជ្ជកម្ម និងស្នាក់នៅហើយមានតែ ៥ កន្លែងប៉ុណ្ណោះដែលត្រូវបានធ្វើសម្រាប់គោលបំណងសាធារណៈដូចជាសាលារៀន ឬមជ្ឈមណ្ឌលវេជ្ជសាស្រ្ត។
លោក សឹុង សារ៉ន អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិនៅសមាគមធាងត្នោតថ្លែងថា៖ «ខណៈការអភិវឌ្ឍបានកើនឡើងការបណ្តេញចេញពីដីធ្លីក៏បានកើនឡើងផងដែរ»។ «ប៉ុន្តែតើរដ្ឋាភិបាលបានធ្វើការវិភាគអំពីផលប៉ះពាល់នៃការបណ្តេញចេញទាំងនេះឬអត់?»។
លោកបានបន្ថែមថាគម្រោងមួយចំនួនក្នុងចំណោមគម្រោងដែលត្រូវបានបញ្ចប់ត្រូវបានបង្វែរទិសដៅចេញពីគម្រោងដើមរបស់ខ្លួន។ លោកបានថ្លែងបន្តថានៅសហគមន៍សម្បុកចាបក្នុងខណ្ឌចំការមនប្រជាជនត្រូវបានបណ្តេញចេញដោយអាជ្ញាធរមូលដ្ឋានដោយប្រាប់ថាដើម្បីយកធ្វើសួនច្បារសាធារណៈប៉ុន្តែឥឡូវនេះជាកន្លែងជួលសម្រាប់អ្នកលេងបាល់ទាត់ទៅវិញ។
លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋានបានថ្លែងថាគណនេយ្យភាព និងតម្លាភាពគួរតែជាគោលការណ៍ស្នូលនៅពេលអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសុំឲ្យប្រជាជនចេញពីដីធ្លីរបស់ពួកគេប៉ុន្តែបើតាមបទពិសោធបង្ហាញផ្សេងទៅវិញ។
លោកបានថ្លែងបន្តថា៖ «នៅពេលក្រសួងរៀបចំដែនដី ឬសាលារាជធានីធ្វើការសន្យាទៅប្រជាពលរដ្ឋយ៉ាងហោចណាស់ ៩០ ភាគរយនឹងទុកចិត្តរដ្ឋាភិបាលដោយសាររដ្ឋាភិបាលនិយាយថាធ្វើសម្រាប់ការប្រើប្រាស់ជាសាធារណៈ»។
លោកបានថ្លែងថា សហគមន៍ជាច្រើនបានអនុវត្តជម្រើសផ្លូវច្បាប់ថែមទាំងការប៉ុនប៉ងដាក់សម្ពាធទៅអាជ្ញាធរមូលដ្ឋានជាមួយនឹងញត្តិ និងការតវ៉ាប៉ុន្តែវិធីតែមួយក្នុងការអនុវត្តការផ្លាស់ប្តូរគឺតាមរយៈការបោះឆ្នោត។
របាយការណ៍នេះក៏បានធ្វើការសិក្សាស្រាវជ្រាវផងដែរជាមួយប្រជាពលរដ្ឋពីសហគមន៍ចំនួន ៤៦ ក្នុងចំណោមសហគមន៍ចំនួន ៧៧ ដែលភាគច្រើនបំផុតនៃពួកគេ ៥២ ភាគរយជ្រើសរើសត្រឡប់មករស់នៅកន្លែងនោះវិញ ឬនៅក្នុងសហគមន៍ជិតខាង។ ប្រហែល ៤៥ ភាគរយនៃអ្នកឆ្លើយសំណួរបានថ្លែងថាបរិយាកាសរស់នៅរបស់ពួកគេកាន់តែអាក្រក់នៅជិតកន្លែងសំរាមទឹកជំនន់ និងអសន្តិសុខស្បៀងអាហារបន្ទាប់ពីការបណ្តេញចេញពីដីធ្លី។
របាយការណ៍នេះបន្តថា៖ «នេះឆ្លុះបញ្ចាំងពីអត្រាយឺតខ្លាំងឡើងនៃការអភិវឌ្ឍដែលមានផលប៉ះពាល់ផ្ទាល់ទៅលើសន្តិសុខស្បៀង ខណៈបឹងសម្រាប់នេសាទ ឬដីសម្រាប់ដាំបន្លែត្រូវបានលុបចោល»។
ទោះយ៉ាងណាក្តីភាគច្រើនបំផុតនៃប្រជាពលរដ្ឋមានអារម្មណ៍ថាពួកគេទទួលបានសេវាសង្គម និងសាធារណៈប្រសើរជាងមុនដោយសារការកសាងផ្លូវ និងអគ្គិសនីដែលជាធម្មតាចេញពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។
ត្រឡប់ទៅរកវត្តថាន់វិញអ្នកស្រី សុផាន់ណាក់ បានថ្លែងថាអ្នកស្រីមិនដែលចង់ទៅដំណាក់ត្រយឹងដែលជាកន្លែងតាំងលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញពីសហគមន៍ដីក្រហមនោះទេពីព្រោះវាមានចម្ងាយជិត ២០ គីឡូម៉ែត្រពីទីក្រុង និងមិនមានសេវាសាធារណៈផ្សេងៗឡើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់រស់នៅទីនេះដោយសារវាជិតទីក្រុង»។ «វាមានកន្លែងល្អសម្រាប់កូនប្រុសទាំងបីនាក់របស់ខ្ញុំទៅរៀនហើយខ្ញុំក៏អាចលក់បន្លែមួយចំនួនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ»៕
ប្រភព៖ postkhmer.com