សូម​រាជ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​ដោយ​សន្ដិវិធី

ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ដែលបាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពី​ពេល​ថ្មីៗ​នេះ ។​

យុវតី ឈឿន ដារ៉ាវី​ កំពុង​ត្រូវបាន​រុញច្រាន​ដោយ​កម្លាំង​សន្ដិសុខ​ខណ្ឌ​នៅខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅមុនពេល​ចាប់ខ្លួន​នាង​ កាលពីថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០​ ខណៈដែលនាង​​កំពុងតវ៉ា​​ឱ្យ​ដោះលែង​ប្រធាន​សហជីព​ លោក រ៉ុង​ ឈុន ​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ ។​

កាលពី​ប៉ុន្មាន​សប្ដាហ៍មុន​ អាជ្ញាធរ​បាន​ប្រើប្រាស់​ការបង្រ្កាប​បែប​ហិង្សា​ជាបន្តបន្ទាប់​ទៅលើ​ការតវ៉ា​ដោយសន្ដិវិធី​ ដែល​បាន​ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​និង​ការឃុំខ្លួន​ប្រធាន​សហជីព​ លោក រ៉ុង ឈុន​ ដាក់ពន្ធនាគារ​ កាល​ពីដើម​ខែសីហា​ ឆ្នាំ២០២០នេះ ។​ ចាប់តាំងពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ មនុស្ស​ចំនួន៦នាក់​ទៀត​ ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​បន្ទាប់ពី​អ្នកទាំងនោះ​តស៊ូមតិ​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន វិញ ។​ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​អំពើហិង្សា​ និង​ចាប់ខ្លួន​សាច់ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ជំទាស់​ដែល​ត្រូវបាន​រំលាយ​ផងដែរ​ ខណៈដែល​ពួកគាត់​ភាគច្រើន​ជាស្រ្តី ​កំពុងតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់ ។​

ការអំពាវនាវ​ឱ្យ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​សេរីភាព​ពី​ពន្ធនាគារ​មកវិញ​ មិនមែន​ជាបទល្មើសទេ ។​ ការសម្ដែង​មតិ​ជំទាស់​ទៅនឹង​ការចាប់ខ្លួន​មិត្តភក្ដិ​របស់​អ្នក មិនមែន​ជាបទល្មើសទេ ។​ ការឈរគៀកស្មា​គ្នាជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់អ្នក​ និង​ការ​ទាមទារ​រកយុត្តិធម៌​ ក៌មិនមែន​ជាបទល្មើសដែរ ។​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មានសិទ្ធិ​ក្នុងការ​តវ៉ា​ដោយ​អហិង្សា​ ដែល​មិនគួរ​ត្រូវប្រឈម​ជាមួយ​នឹង​ការរុញច្រាន​ ការប្រើប្រាស់​អំពើហិង្សា ​ឬអូសទាញ​ ពីសំណាក់​នគរបាលទេ ។​ យើងខ្ញុំ​សង្ឃឹមថា​ តុលាការ​នឹងអាច​ដោះលែង​អ្នកដែល​ត្រូវបាន​ចាប់ខ្លួន​ និង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគាត់​ឱ្យបានឆាប់​ និង​សង្ឃឹមថា​ រាជរដ្ឋាភិបាល​នឹងអាច​គោរពសិទ្ធិ​ក្នុងការ​បញ្ចេញមតិ ​និងសិទ្ធិ​ក្នុងការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបានពេញលេញ ។​

លោក ​រ៉ុង ឈុន​ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ទាំងយប់​ និង​កំពុង​ស្ថិតនៅ​ក្រោមការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដោយ ​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ។​​ មុនពេល​ចាប់ខ្លួន​លោក​ពីរបីថ្ងៃ ​លោក​បាន​ចូលរួម​ការតវ៉ា​ជាមួយ​កម្មករ​ កម្មការិនីរោងចក្រ​កាត់ដេរ​រាប់រយនាក់​ បន្ទាប់ពី​រោងចក្រ​ដែល​ពួកគាត់​ធ្វើការ​ត្រូវបានបិទ​ដំណើរការ​ ដោយសារ​បញ្ហា​​កូវីដ១៩ ។

កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ សកម្មជន​ចំនួន៦នាក់​ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រាជធានីភ្នំពេញ ​បន្ទាប់ពី​ពួកគាត់​បាន​អំពាវនាវ​ម្ដងហើយ​ម្ដងទៀត​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ​ ។​ អំឡុងពេល​តវ៉ា​ដោយ​អហិង្សា​ យុវតី ឈឿន ​ដារ៉ាវី​ ដែល​បាន​រួមចំណែក​ជាច្រើន​ក្នុង​ការងារ​យុត្តិធម៌​សង្គម​ និង​បរិស្ថាន ​ត្រូវបាន​បោចសក់​អូស​ចូល​ក្នុងរថយន្ត ​បន្ទាប់ពី​កងសន្ដិសុខខណ្ឌ​បាន​ដកហូត​យក​កាបូបលុយ​របស់នាង​យ៉ាងកម្រោល ។​ ក្រោយមក​សកម្មជន​បរិស្ថាន ​លោក ហ៊ុន វណ្ណៈ​ ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ខណៈដែល​លោក​កំពុង​ផ្សាយផ្ទាល់​ (live)​ តាម​ហ្វេសប៊ុក​ (Facebook)​ បណ្ដើរ​ និង​ដើរ​ទៅផ្ទះ​បណ្ដើរ​ បន្ទាប់ពី​ចូលរួម​ការតវ៉ា​ ។

សកម្មជន​ទាំងពីរនាក់​ ត្រូវបាន​ចោទប្រកាន់ពី​ “បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍”​ តាមមាត្រា៤៩៤​ និងមាត្រា​៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ដោយ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូតដល់២ឆ្នាំ ។​ លោក ​វណ្ណៈកំពុង​ត្រូវបាន​ឃុំខ្លួន​នៅមណ្ឌលអប់រំ​កែប្រែទី១​ (ម១)​ ក្នុង​រាជធានីភ្នំពេញ​ ខណៈដែល​ ដារ៉ាវី​ ត្រូវឃុំខ្លួន​នៅមណ្ឌល​អប់រំ​កែប្រែទី២​ (ម២) ។​ សកម្មជន៤នាក់ទៀត​ ត្រូវបាន​ដោះលែង​ពីការ​ឃុំឃាំងវិញ​ បន្ទាប់ពី​បានទទួល​រងសម្ពាធ​ឱ្យចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដោយសន្យាថា ​នឹងមិនចូលរួម​ការតវ៉ា​ស្រដៀងគ្នា​នេះទៀត ​។​ ​

កាលពី​សប្ដាហ៍​មុនមួយទៀត​ សកម្មជន៤នាក់​ផ្សេងទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ជំទាស់​ដែល​ត្រូវបាន​រំលាយ ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុងរាជធានីភ្នំពេញ​ បន្ទាប់ពី​បាន​ចូលរួម​ការតវ៉ា​ ដើម្បី​អំពាវនាវ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ។​ ក្នុងនោះ​មាន២នាក់​គឺលោក ​ឈួ ផេង​ និងលោក ជុំ ពុទ្ធី​ ក៏ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់​ និងកំពុង​ត្រូវបាន​ឃុំខ្លួន​នៅមណ្ឌល​អប់រំ​កែប្រែទី១​ផងដែរ ។​ ព្រះសង្ឃ​ចំនួន៨អង្គ​ ដែល​បានធ្វើ​ដំណើរ​មកពី​ខេត្តបាត់ដំបង​ ដើម្បី​ចូលរួម​ការតវ៉ា​ ត្រូវបាន​នគរបាល​ហាមឃាត់​ និង​បង្ខំឱ្យ​និមន្ត​ត្រឡប់​ទៅវត្ត​ដែល ​ ព្រះអង្គ​គង់នៅវិញ ។​ សកម្មជន​ម្នាក់ទៀត​គឺ ​យុវតី​ ស កន្និកា ​ត្រូវបាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពីបទញុះញង់ដូចគ្នា ​បន្ទាប់ពី​បាន​ចូលរួម​ការតវ៉ា​ឱ្យដោះលែង​លោក រ៉ុង ឈុន​ កាលពីថ្ងៃទី៧​ ខែសីហា ​និង​ត្រូវបាន​បញ្ជូនទៅ​ ឃុំខ្លួន​នៅមណ្ឌល​អប់រំកែប្រែ​ទី២ ។​

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍មុន​ ប្រធាន​គណបក្ស​ខ្មែរឈ្នះ ​លោក សួង សុភ័ណ្ឌ ​ត្រូវបាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពីបទញុះញង់ ។​ បច្ចុប្បន្ន​ លោក​ស្ថិតនៅ​ក្រោម​ការឃុំខ្លួន​នៅមណ្ឌល​អប់រំកែប្រែ​ទី១​ ។​ លោក​​ សុភ័ណ្ឌ បាន​អំពាវនាវ​ជាសាធារណៈ​ឱ្យដោះលែង​លោក រ៉ុង ឈុន​ ហើយ​ក្រោយមក​លោក​ក៏ត្រូវបាន​ចាប់ខ្លួន ​បន្ទាប់ពីចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​ ដែលលោក​ រ៉ុង ឈុន​ បានពិនិត្យ​មើល​ មុនពេល​ដែលលោកត្រូវ​បាន​ចាប់ខ្លួន​ ។

នេះជាលើកទី៣​ហើយ ​ដែលលោក​ ហ៊ុន វណ្ណៈ ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ភាពសកម្ម​របស់លោក​ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ។​ លោកត្រូវបាន​ជាប់ពន្ធនាគារ៥ខែ​ នៅចន្លោះឆ្នាំ២០១៧​ និងឆ្នាំ២០១៨​ ពាក់ព័ន្ធ​នឹង​ការចងក្រង​ឯកសារ​ដែលសង្ស័យថា​មានការ​បូមខ្សាច់​ខុសច្បាប់​ ។ កាលពីខែ​ឧសភា​ ឆ្នាំ២០២០នេះ​ លោកត្រូវបាន​ឃាត់ខ្លួន​ជាច្រើនម៉ោង​ បន្ទាប់ពី​តវ៉ាឱ្យ​មានការ​សម្រាល​បន្ទុកបំណុល​ពីសំណាក់​ធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អំឡុងពេល​មានវិបត្តិ​ជាសកល​នៃវីរុសកូវីដ១៩​នេះ ។​

ខណៈដែល​មានការ​ចាប់ខ្លួន​ជាបន្ត​បន្ទាប់​បណ្ដាល​មកពី​ការឃុំខ្លួន​លោក រ៉ុង ឈុន​ កងកម្លាំង​នគរបាល​ និង​សន្ដិសុខ​បានបង្កើន​ការប្រើប្រាស់​អំពើហិង្សា ​ដើម្បី​បង្ក្រាប​ការជួបជុំ​បែបសន្ដិវិធី​ទាំងនេះ ​។ នៅ​ប៉ុន្មាន​សប្ដាហ៍មុន​ សាច់ញាតិ​របស់អតីត​សមាជិក​គណបក្ស​ជំទាស់​កំពុងជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ដែល​បាន​អំពាវនាវ​ជាសាធារណៈ​ឱ្យដោះលែង​ក្រុមគ្រួសារ​របស់​ពួកគាត់​វិញ ​ត្រូវបាន​រុញច្រាន​ ទាត់ធាក់​ និង​អូសទាញ​ឆ្លង​ផ្លូវ​ធ្វើដំណើរ​ពីសំណាក់ ​ កងសន្ដិសុខ​ប្រដាប់​ដោយអាវុធ ។​

អាជ្ញាធរ​ក៏បាន​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ជាច្រើន​ក្នុងការ​រារាំង​អ្នកតវ៉ា​តាមដងផ្លូវ ។​ កាលពីថ្ងៃទី០៣​ ខែសីហា ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្នុងចេតនា​ ហាមឃាត់​រាល់ការតវ៉ា​ទាំងឡាយណា ​ដែលមាន​ការ​សម្ដែង​មតិ​អំពីរឿងក្ដី​នៅខាង​មុខ​តុលាការ ។​ សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន ​ គំរាមកំហែង​អំពី​ការចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​អ្នកតវ៉ា​ ដែល​អំពាវនាវ​ឱ្យមាន​ការដោះលែង​លោក រ៉ុង ឈុន​ ដោយបានចោទ​ប្រកាន់​ការតវ៉ា​ដោយ​សន្ដិវិធី​របស់​អ្នកទាំងនោះ​ថាជា ​ទង្វើ​ដាក់សម្ពាធ​លើស្ថាប័ន​តុលាការ​ ដែលអាច​ត្រូវផ្ដន្ទាទោសឱ្យ​ជាប់ពន្ធនាគារ​រហូតដល់៦ខែ​ តាមមាត្រា៥២២​ នៃក្រមព្រហ្មទណ្ឌ ។​ នៅថ្ងៃ​ដដែលនោះ​ សាលារាជធានីភ្នំពេញ​ បានចេញ​សេចក្ដីណែនាំ​ដោយប្រកាសថា​ ការតវ៉ា​ទាំងនេះ​គឺបាន​អនុវត្ត​ផ្ទុយពី​វិធានការ​ ក្នុងការ​ទប់ស្កាត់​វីរុសកូវីដ១៩​ ដែលនេះ​ជាមធ្យោបាយ​ផ្សេងមួយទៀត​ដើម្បី​រារាំង​ការតវ៉ា​ផ្សេងៗ ។​

យើងខ្ញុំ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​និង​តុលាការ​ អាច​ដោះលែង​អ្នកឃុំ​ក្នុង​ពន្ធនាគារ​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគាត់​ និង​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​ប្រឆាំង​នឹង​អ្នកតវ៉ា​ផ្សេងៗទៀត ៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
3. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
4. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
5. សហគមន៍អមលាំង (កំពង់ស្ពឺ)
6. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
7. សហគមន៍បឹងប្រាំ (បាត់ដំបង(
8. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
9. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
10. សម្ព័ន្ធសហជីពកម្ពុជា (CATU)
11. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
12. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
13. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
14. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
15. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
16. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
17. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
18. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
21. សហភាព​ការងារ​កម្ពុជា​ (CLC)
22. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
23. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
24. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
25. បណ្តាញយុវជនកម្ពុជា (CYN)
26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
27. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
29. សហគមន៍ដីធ្លីជីខលើ (កោះកុង)
30. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
31. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
32. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
35. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
36. អង្គការសមធម៌កម្ពុជា (EC)
37. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
38. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
39. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
40. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
41. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
42. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
43. សមាគមឥន្ទ្រទេវី (IDA)
44. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
45. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
46. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
47. សហគមន៍នេសាទកោះស្រឡៅ )កោះកុង)
48. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល
49. សហគមន៍ដីធ្លី )ប៉ៃលិន)
50. សហគមន៍ឡពាង (កំពង់ឆ្នាំង)
51. សហគមន៍មានជ័យ (ស្វាយរៀង)
52. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
53. មាតាធម្មជាតិកម្ពុជា (MNC)
54. គណៈកម្មាធិការអព្យាក្រឹត ​និងយុត្តិធម៌ ដើម្បីការបោះឆ្នោត​ដោយសេរី​ និងត្រឹមត្រូវ​នៅកម្ពុជា (NICFEC)​
55. Not 1 More (N1M)
56. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
57. អង្គការស្ពានសន្តិភាព (PBO)
58. សហគមន៍ភ្នំក្រោម (សៀមរាប)
59. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
60. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
61. អង្គការពន្លកខ្មែរ​ (PKH)
62. សហគមន៍ព្រៃឡង់ (កំពង់ធំ)
63. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
64. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
65. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង(
66. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
67. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
68. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
69. សមាគមធាងត្នោត (STT)
70. អង្គការសាមគ្គី
71. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
72. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង(
73. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ(
74. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង(
75. សហគមន៍ដីធ្លីតានូន (កោះកុង(
76. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
77. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ(
78. អង្គការតម្លាភាពកម្ពុជា (TI(
79. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

Leave a Reply

Your email address will not be published.