អតីតស្ត្រីរងគ្រោះដីធ្លីនៅតំបន់បឹងកក់ប្រមាណ ៣០នាក់ បានប្រមូលផ្ដុំគ្នានៅមុខធនាគារពិភពលោក ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឲ្យផ្អាកការផ្ដល់ជំនួយគ្រប់ប្រភេទ មករដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។
បណ្ដាញអតីតស្រ្តីបឹងកក់យល់ឃើញថា៖ ការផ្ដល់ជំនួយជាថ្មីរបស់ធនាគារពិភពលោកមកអោយកម្ពុជាមិនបានជំរុញឲ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សទេ និងបានរារាំងការតស៊ូមតិ ដើម្បីទាមទារដីធ្លីរបស់ពួកគេទៀតផង។
«ការសម្រេចមិនផ្ដល់ ឬ ផ្អាកការផ្ដល់ជំនួយឲ្យរាជរដ្ឋាភិបាលកន្លងមក បានជួយយ៉ាងច្រើនដល់ ការតស៊ូមតិរបស់យើងខ្ញុំទាំងអស់គ្នា ដើម្បីទាមទារដីធ្លីរបស់ពួកយើងមកវិញ»។
ការដាក់ញ្ញត្តិមិនទទួលបានជោគជ័យទេ ខណៈពួកគាត់កំពុងជួបជុំគ្នាត្រូវបានកងសន្តិសុខខណ្ឌរារាំង និងចាប់អ្នកតំណាងចំនួន ០៨នាក់ និងម៉ូតូពីរគ្រឿងលើកដាក់ឡាន រួចដឹកយកនៅដាក់នៅក្បែរវត្តភ្នំ។ ក្រុមសន្តិសុខមិនបានអនុញ្ញាតិអោយស្ត្រីទាំងនោះចាកចេញពីទីនោះទេ រហូតដល់ម៉ោង ១១និង៣០ នាទី ថ្ងៃត្រង់ទើបអនុញ្ញាតិ។
គួរបញ្ជាក់ថា ធនាគារពិភពលោក បានសម្រេចផ្តល់កម្ចីឥតការប្រាក់ទំហំ ១០០លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ គម្រោងលើកកម្ពស់គុណភាពអប់រំ ស្ថាបនាផ្លូវលំតាមជនបទឲ្យកាន់តែប្រសើរ និង ការប្រែប្រួលអាកាសធាតុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
គួររំលឹកឡើងថា ក្នុងកំឡុងឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធឲ្យក្រុមហ៊ុនឯកជន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលធ្វើឲ្យប៉ះពាល់ជាង ៣០០០គ្រួសារក្នុងតំបន់នោះ៕


