កងសន្តិសុខរារាំងការដាក់ញត្តិសុំអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់

In front of US embassy to seek for intervention to release her.

នៅព្រឹកថ្ងៃទី១២​ ខែឧសភានេះ ក្រុមស្ត្រីបឹងកក់ប្រមាណ២០នាក់បានបន្តដាក់ញត្តិនៅធនាគារពិភពលោក ស្ថានទូតអាមេរិច និងបារាំង ដើម្បីស្នើសុំឲ្យស្ថាប័នទាំងនោះជួយរកយុត្តិធម៌ និងអន្តរាគមន៍ដល់រដ្ឋាភិបាលឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី។

ការដាក់ញត្តិរបស់ពួកគេនៅធនាគារពិភពលោកមិនបានសំរេចទេ ដោយមានការរារាំងពីកងសន្តិសុខខណ្ឌដូនពេញប្រមាណជា៥០នាក់។ កងសន្តិសុខឲ្យប្រជាសហគមន៍ត្រឡប់ទៅផ្ទះវិញ ដោយលើកហេតុផលថាធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងខូចមុខមាត់ប្រទេស ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះវេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic forum on Asean)។

ក្រុមស្ត្រីទាំងនោះបានបន្តទៅដាក់ញត្តិនៅស្ថានទូតអាមេរិច និងបារាំង ក្រោមការឃ្លាំមើលពីសំណាក់សន្តិសុខ។ តំណាងស្ថានទូតទាំងពីរបានចេញមកទទួលញត្តិរបស់ពួកគេ។

ក្រុមស្ត្រីទាំងនោះលើកឡើងថា នេះជាការបំបិទសិទ្ធសេរីភាពនៃការជួបជុំរបស់ពួកគេ។

អ្នកស្រី ប៉ូវ សោភា លើកឡើងថា៖ «ពួកខ្ញុំមិនមែនជាអ្នកធ្វើអោយខូចមុខមាត់ទៅថ្នាក់ដឹកនាំទេ ខ្ញុំសុំឲ្យមានការអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នីតែប៉ុណ្នឹងទេ។ ញត្តិរបស់ពួកខ្ញុំមិនបានដាក់ទៅដើម្បីធ្វើបាបទៅថ្នាក់ដឹកនាំ ឬមួយក៏ប្រមាថទៅដល់ថ្នាក់ដឹកនាំទេ តែថ្នាក់ដឹកនាំទេដែលធ្វើអោយខ្លួនឯងធ្លាក់ទាបទៅតាមអ្វីដែលខ្លួនកំពុងតែធ្វើសព្វថ្ងៃហ្នឹង ហើយសូម្បីសណ្ដាប់ធ្នាប់ហាឡើងចាប់ដាក់គុក ចាប់ដាក់ស្នងការ​ ខ្ញុំមិនដឹងថាឥឡូវនឹងគេប្រើច្បាប់អី»។

អ្នកស្រីទេព វន្នីត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងយុទ្ធនាការណ៍ថ្ងៃច័ន្ទពណ៍ខ្មៅ។ អ្នកស្រីកំពុងជាប់ពន្ធធនាគារ ក្រោមបណ្ដឹងរបស់អាជ្ញាធរ ដែលប្ដឹងអ្នកស្រីដឹកនាំឲ្យមានអំពើហឹង្សា ក្នុងពេលតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ពួកគេក៏ធ្លាប់បានមកដាក់ញត្តិសុំអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រីទេព វន្នី នៅ​​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ស្ថានទូត​ជប៉ុន និងសហភាពអឺរ៉ុបប្រចាំកម្ពុជាម្តងរួចមកហើយ៕