Friday, March 29, 2024
Latest:

ករណីអាជ្ញាធរចុះទៅរុះរើសំណង់របស់សហគមន៍សំរោងត្បូង

អាជ្ញាធរខណ្ឌព្រែកព្នៅបានចុះទៅហាមឃាត់ និងរុះរើសំណង់មួយកន្លែងរបស់សមាជិកសហគមន៍សំរោងត្បូងកាលពីព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ហើយសកម្មភាពនេះដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ។ក្នុងអំឡុងពេលនៃការចុះទៅហាមឃាត់នោះ អាជ្ញាធរបានសួររកច្បាប់អនុញ្ញាត និងឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីផ្សេងៗ ខណៈសមាជិកសហគមន៍បានអះអាងថា អាជ្ញាធរខណ្ឌ ធ្លាប់អនុញ្ញាតឱ្យបន្តរស់នៅទីនោះ និងអាចសាងសង់សំណង់ផ្សេងៗបាន។ ផ្ទុយទៅវិញ ពេលនេះបែអាជ្ញាធរបានចោទប្រកាន់ថាប្រជាពលរដ្ឋបានកំពុងរស់នៅលើដីបឹង និងមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំនោះទេ។

ចំណែកប្រជាពលរដ្ឋវិញបានអះអាងថាពួកគាត់ជាប្រជាពលរដ្ឋរស់នៅទីតាំងនេះ តាំងពីឆ្នាំ១៩៩០ រៀងមក ហើយប្រជាពលរដ្ឋតែងតែគោរពអាជ្ញាធរជាម៉ែជាឪជានិច្ច។ ហើយកន្លងមក ពួកគាត់ធ្លាប់បានដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញចំនួន ៣ដង និងធ្លាប់ស្នើសុំទៅខាងសាលាខណ្ឌ និងសង្កាត់ជាហូរហែដើម្បីឱ្យអាជ្ញាធរជួយធ្វើប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ និងបញ្ជាក់ឱ្យបានច្បាស់ពីទំហំដីចំណីផ្លូវដែលត្រូវរក្សាទុក និងព្រំប្រទល់របស់បឹងឱ្យបានជាក់លាក់ ក៏ប៉ុន្តែហាក់បីដូចជាមិនមានវិធានការ និងដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋនោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះ  អង្គការសមាគមធាងត្នោតធ្លាប់បានផលិតផែនទីឱ្យប្រជាសហគមន៍នេះកាលពីឆ្នាំ២០១៩ ដោយប្រើនិយាមការចម្លងចេញពីអនុក្រឹត្យលេខ ២០ ស្តីពីការកំណត់ផ្ទៃបឹងតាមោក។ តាមរយៈផែនទីបានបង្ហាញថាខ្នងផ្ទះប្រជាពលរដ្ឋភាគច្រើនមិនស្ថិតនៅលើផ្ទៃបឹងតាមោកដែលកំណត់ផ្លូវការនោះទេ ដោយមានចំងាយជាមធ្យមប្រហែល ៥២ម៉ែត្រគិតពីខាងក្រោយខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ចំណែកអ័ក្សថ្នល់វិញ ប្រសិនបើអាជ្ញាធរពង្រីក២៥ម៉ែត្រ អាចមានខ្នងផ្ទះប្រជាពលរដ្ឋជាច្រើនដែលនឹងរងផលប៉ះពាល់  តែទោះបីជាយ៉ាងណាការកំណត់ទំហំផ្លូវដែលត្រូវរក្សាទុក២៥ម៉ែត្រនេះគឺប្រជាពលរដ្ឋមិនដែលទទួលបានឯកសារផ្លូវការណាមួយនោះឡើយ  ក្រៅតែពីការអះអាងផ្ទាល់មាត់ពីអាជ្ញាធរ។ ប្រជាពលរដ្ឋបានអះអាងបន្ថែមទៀតថាអាជ្ញាធរក៏មិនដែលពិភាក្សាជាមួយប្រជាពលរដ្ឋទាក់ទងនឹងការកំណត់ដីចំណីផ្លូវនេះទេ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ អង្គការសមាគមធាងត្នោត សូមឱ្យអាជ្ញាធរពាក់ព័ន្ធគួរកំណត់ឱ្យបានច្បាស់ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានដឹងច្បាស់ថាតើត្រឹមណាជាព្រំប្រទល់បឹង ក៏ដូចជា ការបង្ហាញថាតើដីចំណីផ្លូវដែលត្រូវទុក២៥ម៉ែត្រដូចការអះអាងផ្ទាល់មាត់នោះ តើផ្អែកលើអ្វី និងត្រូវតែផ្សព្វផ្សាយឯកសារទាំងនោះដល់ប្រជាពលរដ្ឋបានដឹងនិងតវ៉ាទៅតាមនីតិវិធីច្បាប់ជាមុនសិន។ ម្យ៉ាងវិញទៀត អាជ្ញាធរមូលដ្ឋានគួរចាត់តាំងមន្ត្រីជំនាញក្នុងការដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងមានការមិនទុកចិត្តគ្នា។

សូមបញ្ជាក់ថា សហគមន៍សំរោងត្បូង មានទីតាំងស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមាន៩៦ខ្នងផ្ទះ និងមាន១០០គ្រួសារហើយប្រភពចំណូលសំខាន់ៗរបស់ប្រជាសហគមន៍បានមកពីមុខរបរមួយចំនួនដូចជាការនេសាទ ធ្វើការរោងចក្រ ក្រុមហ៊ុនឯកជននិងលក់ដូរបន្តិចបន្តួចនៅតាមមុខផ្ទះ។