ការចាប់ខ្លួន​សកម្មជន២នាក់​បង្ហាញទៅកាន់សាធារណជនថា​ អាជ្ញាធរខ្វះ​ការគោរពសេរីភាព​​ក្នុងការបញ្ចេញមតិ ​និងជួបជុំគ្នា

លោក សួង នាគព័ន្ធ​ បានកាន់​ខិត្តប័ណ្ណ​មានភ្ជាប់សារ​ “បញ្ឈប់ការ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធច្បាប់”​ អំឡុងពេល​ប្រារព្វពិធី​រំលឹក​ខួប​៣ឆ្នាំ​នៃឃាតកម្មលើ​អ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត ​កែម ឡី។

ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ – យើងខ្ញុំ ​ជាក្រុមសង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមសម្ដែង​ការសោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការប្រើប្រាស់កងកម្លាំងសន្ដិសុខដោយ​មិនសមហេតុផល​ ​ អំឡុងពេល​ប្រារព្វពិធី​រំលឹក​ខួប​៣ឆ្នាំ​នៃឃាតកម្មលើ​អ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត ​កែម ឡី ​និងសូមស្នើសុំ​ដោយទទូច​ឱ្យអាជ្ញាធរ​ដោះលែង​សកម្មជន​លោក គង់ រ៉ៃយ៉ា​ និងលោក​ សួង នាគព័ន្ធ ​ពីការឃុំខ្លួន​ឱ្យបានឆាប់រហ័ស​ដោយគ្មាន​លក្ខខណ្ឌ​ និងទម្លាក់ចោល​បទចោទលើ​អ្នកទាំងពីរ។​

យុរជនទាំងពីរ​ត្រូវបានចាប់ខ្លួន ​ដោយសារប្រើប្រាស់​សេរីភាព​នៃការបញ្ចេញមតិ​ដោយ​អហិង្សា អំឡុងពេល​ចូលរួមពិធី​រំលឹកខួប​នៃឃាតកម្ម​លើអ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត​ កែម ឡី​ ដែលត្រូវបាន​ឃាតករបាញ់​សម្លាប់ ​កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ ភ្លាមៗបន្ទាប់ពី​ការចាប់ខ្លួន​ អ្នកទាំងពីរ​ត្រូវបានចោទប្រកាន់​ពីបទញុះញង់ ​តាមបញ្ញត្តិ​មាត្រា៤៩៤​ និងមាត្រា៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ ហើយកំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុងមណ្ឌល​អប់រំកែ​ប្រែទី១​ (ព្រៃស)​ ក្នុងរាជធានី​ភ្នំពេញ។

លោក គង់ រ៉ៃយ៉ា ​អាយុ ២៨ឆ្នាំ ​និងសមាជិក​ក្រុមគ្រួសារ៣នាក់ទៀត​ ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី៩ ​ខែកក្កដា​ ឆ្នាំ២០១៩​ បន្ទាប់ពី​លោកបាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក​អំពីការ​លក់​អាវយឺត​ដែលមាន​រូបលោក​បណ្ឌិត ​កែម ឡី។​ រ៉ៃយ៉ា ​ក៏បានបង្ហោះ​សារអំពី​ លេខទូរស័ព្ទ​អ្នកបើកបរ​រថយន្ត​ឈ្នួលម្នាក់​ដែលអាច​ដឹកមនុស្ស​ទៅរាជធានី​ភ្នំពេញ ​ដើម្បីចូលរួម​ក្នុងពិធី​រំលឹក​ខួបអ្នកវិភាគ​ដែលត្រូវបាន​ធ្វើឃាតនេះ​ផងដែរ។​ ផ្អែកតាម​សកម្មភាព​ទាំងនេះហើយ​ ដែលអាជ្ញាធរ​សម្រេចចោទ​ប្រកាន់លោក​ គង់ រ៉ៃយ៉ា ​ពី “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជាអាទិ៍”​។ ការ​ចោទប្រកាន់នេះធ្វើឱ្យសាធារណជនយល់ឃើញថា គ្មាន​មូលដ្ឋាន ​ដែលរំលោភ​លើសិទ្ធិរបស់​លោក រ៉ៃ យ៉ា ក្នុងការ​សម្ដែងមតិ​ដោយសន្ដិវិធី​ ដូចមាន​ចែងក្នុងមាត្រា៤១​នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណា​ចក្រកម្ពុជា​។ លោក ​គង់ រ៉ៃយ៉ា ​ត្រូវបាន​ចាប់ខ្លួន​ម្ដងហើយ​ កាលពីខែសីហា​ ឆ្នាំ២០១៥​ និងត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​១៨ខែ​ ក្រោមបទចោទ​ដែលគ្មាន​មូលដ្ឋាន​ដូចគ្នា​ ពាក់ព័ន្ធ​នឹងការ​បង្ហោះសារ​មួយទៀត​លើហ្វេសប៊ុក។​

មួយថ្ងៃ​បន្ទាប់ពី​ការចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា ​គឺថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩​ លោក ​សួង នាគព័ន្ធ​ អាយុ ២៩ឆ្នាំ ​ត្រូវបាន​ចាប់ខ្លួន​នៅខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្ដុបបូកគោ ​ជាទីតាំង​ដែលលោក​បណ្ឌិត ​កែម ឡី ​ត្រូវបាន​ធ្វើឃាត​ កាលពី​៣ឆ្នាំមុន។​ នាគព័ន្ធ​ អតីតនៃ​សមាជិក​ក្រុមយុវជន​លោកបណ្ឌិត​ កែម ឡី ​បានកំពុង​ចូលរួម​ពិធីរំលឹក​ខួបនេះ ​នៅស្ថានីយ​ប្រេងឥន្ធនៈ​ខាងលើ​ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​សកម្មជន​ជាបងប្អូន​ភ្លោះពីរនាក់ទៀត​ គឺ លោក ជុំ ហួត​ និងលោក ជុំ ហួរ​ ខណៈដែល​អ្នកទាំងពីរនេះ​កំពុងកាន់​កម្រង​ផ្កាបម្រុង​ដាក់​នៅស្ថានីយ​ប្រេងឥន្ធនៈ។​ បងប្អូន​ភ្លោះ​ទាំងពីរនាក់​ ត្រូវ​បាន​​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នៅថ្ងៃដដែល។​

មុនពេល​ចាប់ខ្លួន​ នាគព័ន្ធ​ បានកាន់​ខិត្តប័ណ្ណ​មានភ្ជាប់សារ​ “បញ្ឈប់ការ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធច្បាប់”​ ជាមតិដែល​ហាមឃាត់​មនុស្ស ​និង​ស្ថាប័ន​ទាំងអស់ ​កុំឱ្យប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។​ ការចាប់ខ្លួន​ និង​ការចោទ​ប្រកាន់​លើរូបលោក​បង្ហាញពី​ចំណុចខ្សោយ​មួយទៀត​របស់​អាជ្ញាធរ​ដែលបាន​ធ្វើការ​បង្រ្កាប​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ និង​ជួបជុំគ្នា​ដោយសន្ដិវិធី​​ នៅក្នុង​ប្រទេស​កម្ពុជា។​

ការចោទ​ប្រកាន់​លើបុគ្គល​ទាំងនេះ​ បានធ្វើឱ្យ​ការចងចាំលោក​បណ្ឌិត​ កែម ឡី​ ក្លាយទៅជា​សកម្មភាព​ខុសច្បាប់ដូចជា​ការចូលរួម​ពិធីរំលឹកខួប​ ឬពាក់អាវ​យឺតដែលមានរូប​ និងសម្រង់សម្ដី​របស់​លោក​បណ្ឌិត​​ជាដើម។​ អ្នកវិភាគ​នយោបាយ​ដ៏គួរឱ្យ​គោរពរូបនេះ ​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ក្នុងខែកក្កដា​ ឆ្នាំ២០១៦​ ប៉ុន្តែករណីនេះ​នៅមិនទាន់​មានការស៊ើបអង្កេត​ដោយហ្មត់ចត់​ និងឯករាជ្យ​នៅឡើយទេ។​ ការចោទប្រកាន់​ទៅលើការជួបជុំគ្នា​ដោយសន្ដិវិធី​ ដោយការដាក់ទោស​ជាប់ពន្ធនាគារ​គឺជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ និងជាលក្ខណៈ​ប្រព័ន្ធ​ ចំពោះលំហ​ដែលនៅ​សល់តិចតួច​សម្រាប់​សេរីភាព​​នៃការបញ្ចេញ​មតិនៅ​ក្នុងប្រទេស​កម្ពុជា។​

ការចាប់ខ្លួន​ទាំងនេះ​កើតឡើង​ស្របពេល​ដែលព្រឹត្តិការណ៍​នៃការប្រារព្ធ​ពិធីរំលឹកខួបនេះ​នៅភ្នំពេញ ​និងនៅតាម​បណ្ដាខេត្ត​មួយចំនួនទៀត​ ក៏ត្រូវបាន​អាជ្ញាធរ​រឹតត្បិត​ផងដែរ។​ អាជ្ញាធរ​ទាំងនេះ​ហើយ​ដែល​បាន​ប្រាប់ទៅ​អ្នករៀបចំ​ពិធីថា ​ពួកគាត់​តម្រូវឱ្យមានការ​អនុញ្ញាតពី​អាជ្ញាធរ​ជាមុនសិន​ មុនពេល​រៀបចំ​ពិធីរំលឹកខួប​នៃឃាតកម្ម​លើលោកបណ្ឌិត​ កែម ឡី។ ​អ្នករៀបចំ​កម្មវិធី​នៅខេត្ត​បន្ទាយមានជ័យ​ កំពង់ចាម​ និងខេត្តកណ្ដាល​ ត្រូវបាន​រាយការណ៍ថា​ រងការ​គំរាមកំហែង​ដោយវត្តមាន​នគរបាល ​ដែល​ត្រូវបាន​ដាក់ពង្រាយ​ដើម្បីឃ្លាំមើល​ការរៀបចំ​ពិធីទាំងនេះ​ ខណៈដែល​ការរៀបចំ​ពិធី​នៅភ្នំពេញ​ត្រូវ​បាន​​ហ៊ុមព័ទ្ធ​ដោយកងកម្លាំង​ចម្រុះជាង៥០នាក់​ ដែលបាន​ធ្វើការរារាំង​សកម្មភាព​សន្ដិវិធីនេះ​យ៉ាង​ហិង្សា ​ដោយការ​ដកហូត​យកកម្រងផ្កា​ និងបង្ខំឱ្យ​ដោះអាវ​ចេញជាដើម។​ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​​មូលដ្ឋាន​ ដែលមាន​លោកបណ្ឌិត​ កែម ឡី ​ជាសហស្ថាបនិក​ ត្រូវបាន​អាជ្ញាធរ​រារាំងនៅខាងក្រៅ​ការិយាល័យ​គណបក្ស​ក្នុងរាជធានីភ្នំពេញ​ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​កន្លែង​ជួបជុំគ្នា​​នៅស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្តុបបូកគោ​ និងការ​ប្រារព្ធពិធី​ក្នុងខេត្តតាកែវ​ ដែលជា​ភូមិកំណើតរបស់​លោកបណ្ឌិត​ កែម ឡី។​

ជាថ្មីម្ដងទៀត​ យើងខ្ញុំ​ សូមសំណូមពរ​ដោយទទូច សូមមេត្តា​ឱ្យអាជ្ញាធរ​គោរពសិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ដែលធានា​ដោយមាត្រា៤១​នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រកម្ពុជា​ និងមាត្រា១៩ (២)​ នៃកតិកា​សញ្ញា​អន្តរជាតិ​ស្ដីពីសិទ្ធិពលរដ្ឋ​ និងនយោបាយ​ ហើយក៏​សូមស្នើសុំឱ្យ​ដោះលែង​លោក គង់ រ៉ៃយ៉ា​ និងលោក​ សួង នាគព័ន្ធ​ ឱ្យបានឆាប់រហ័ស​ដោយគ្មានលក្ខខណ្ឌ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​ពីរ​៕

សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. សហគមន៍ ២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍ កៅពីរ (ភ្នំពេញ)
៣. សហគមន៍ដីធ្លី ២៩៧ (កោះកុង)
៤. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍(AEC)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៧. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៨. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
៩. សហគមន៍បឹងឈូក (ភ្នំពេញ)
១០. សហគមន៍បឹងប្រាំ (បាត់ដំបង)
១១. សហគមន៍បុរីកីឡា (ភ្នំពេញ)
១២. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៣. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៤. សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា
១៥. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៨. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ( CDPLA)
១៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២០. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៣. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
២៤. បណ្តាញយុវជនកម្ពុជា (CYN)
២៥. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
២៦. សហគមន៍ឆេកូ (ភ្នំពេញ)
២៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣០. សហគមន៍ជាំក្រវៀន (កំពង់ចាម)
៣១. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៣២. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)
៣៣. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៤. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣៥. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
៣៦. អង្គការសមធម៌កម្ពុជា (EC)
៣៧. សហគមន៍ព្រៃឈើ និងធនធានធម្មជាតិ (ពោធិ៍សាត់)
៣៨. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤០. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤២. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៤៣. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤៤. សមាគមឥន្ទ្រទេវី (IDA)
៤៥. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤៦. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៤៧. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៤៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៩. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៥០. សហគមន៍ម៉ឺនជ័យ (ស្វាយរៀង)
៥១. ចលនាមាតាធម្មជាតិ (MNC)
៥២. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៥៣. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៥៤. សហគមន៍ភ្នំបាត (ភ្នំពេញ)
៥៥. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៥៦. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៥៧. សហគមន៍ភូមិ ២២ (ភ្នំពេញ)
៥៨. សហគមន៍ដីធ្លីភូមិក្តិបថ្ម (បន្ទាយមានជ័យ)
៥៩. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៦០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៦១. អង្គការពន្លកខ្មែរ (PKH)
៦២. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៦៣. សហគមន៍ជនជាតិដើមភាគតិចគួយ ខេត្តព្រះវិហារ
៦៤. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៦៥. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៦៦. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៦៧. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៦៨. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៦៩. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៧០. សហគមន៍នេសាទព្រៃពាយ (កំពត)
៧១. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៧២. សមាគមធាងត្នោត (STT)
៧៣. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
៧៤. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៧៥. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៧៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៧៧. សហគមន៍ដីធ្លីតានូ (កោះកុង)
៧៨. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៧៩. សហគមន៍ដីធ្លីថ្មដា (ពោធិ៍សាត់)
៨០. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៨១. សហគមន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)
៨២. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៨៣. សហគមន៍ដីធ្លីត្រពាំងក្រសាំង (សៀមរាប)
៨៤. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
៨៥. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង ( UPWD)
៨៦. សហគមន៍ដីធ្លីភូមិ ១
៨៧. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និង​យុត្តិធម៌ នៅកម្ពុជា (COMFREL)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ