Tuesday, March 5, 2024
Latest:

ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងដីរដ្ឋ និងឯកជន និងដីសហគមន៍ជនជាតិដើមភាគតិច

២១ តុលា ២០១៥/ 21 October 2015 – ព័ត៌មានល្អៗ

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ និង​នគរូប​នីយកម្ម​ និង​សំណង់​បាន​ថ្លែង​ថា​ក្រសួង​នឹង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំង​ដី​រដ្ឋ​ ឯកជន​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​ពី ៥៧ ​ភាគរយ​ទៅ​ ៦៥​ ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ ខណៈ​ដែល​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​តែ​បន្ត​មាន​។

លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​បាន​​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះ​បណ្តាល​ច្បាប់​ និង​​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដល់​ក្រុម​ប្រឹក្សា​រាជធានី​ និង​ក្រុម​ប្រឹក្សា​ខណ្ឌ​កាលពី​ម្សិលមិញ​ដោយ​បាន​លើក​ឡើង​ថា​​ ក្រសួង​នឹង​ជំរុញ​ល្បឿន​​ចុះ​បញ្ជី​ដីធ្លី​ និង​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំង​ដី​រដ្ឋ​ ទាំង​ដី​ឯកជន​ និង​ដី​ជនជាតិ​ភាគតិច​ប្រកប​ដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ឲ្យ​បាន​ពី​ ៥៧ ​ទៅ​ ៦៥ ​ភាគរយ​នៅ​ឆ្នាំ​នេះ ៧០ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ និង​ ១០០ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២។

លោក​ថ្លែង​ថា​៖ «រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៥ ​ប្តេជ្ញា​បន្ត​អនុវត្ត​កាន់​តែ​ស៊ី​ជម្រៅ​លើ​ការ​កែទម្រង់​ដីធ្លី​ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ ការ​ធានា​សន្តិសុខ​ស្បៀង ការ​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ និង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច»។

លោក​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​លិខិត​បទដ្ឋាន​ជា​សារវន្ត​ក្រោម​ច្បាប់​សម្រាប់​ការងារ​ដីធ្លី​ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​ និង​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​ដូចជា​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​គ្រប់គ្រង់​ដី​រដ្ឋ ការ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ភាគតិច​ជាដើម​ខណៈ​ដែល​បច្ចុប្បន្ន​ក្រសួង​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ទូទាំង​ប្រទេស​បាន​ជាង​ ៤ ​លាន​ប័ណ្ណ​។

ក្នុង​របាយការណ៍​ស្ថានភាព​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​​ ២០១៤ និង​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៥ នេះ​ស្តីពី​ «ដី​របស់​នរណា?» របស់​​​សមាគម​អាដហុក​លើក​ឡើង​ថា​អំឡុង​ពេល ៦ ​ខែ​ដើម​ឆ្នាំ​នេះ​អាដហុក​បាន​ទទួល​ ៦៦ ​​​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​​ ៣៥៦៤ ​គ្រួសារ​លើ​ផ្ទៃដី​ទំហំ ៨៦៦៨៧ ហិកតា​ដែល​ក្នុង​នោះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ដណ្តើម​ដីធ្លី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គមកិច្ច និង​​​ធនធាន​ធម្មជាតិ​ជាដើម។ ចំណែកឯ​ការ​ចោទប្រកាន់​ និង​ចាប់​ខ្លួន​លើ​សកម្មជន​ដីធ្លី​វិញ​គឺ​​មាន​ចំនួន​ ១៨ ​នាក់៕

ដកស្រង់ចេញពីការសែត ភ្នំពេញប៉ុស្តិ៍

អានបន្តដោយ៖ រក្សា