ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ – អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងសមាគមធាងត្នោត ធ្វើការសិក្សាស្រាវជ្រាវលើការរំលោភបំពានសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដោយយោងតាមរបាយការណ៍រួមរបស់អង្គការ លីកាដូ និងសមាគមធាងត្នោត បានរកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់ព័ត៌មានលម្អិតអំពីទំហំនិងវិសាលភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្សដែលអ្នកស្រាវជ្រាវបានរកឃើញ។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញ ហើយការសិក្សាស្រាវជ្រាវនេះរួមបញ្ចូលទាំង ករណីសិក្សាលម្អិតចំនួន៧ នៃការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីអ្នកស្រាវជ្រាវបានសម្ភាសន៍ជាមួយនឹងអតិថិជនចំនួន២៨នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ដែលមានវិស័យមីក្រូហិរញ្ញវត្ថុរីកចម្រើនលឿនជាងគេក្នុងពិភពលោក។ ក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជា ២,៣៨លាននាក់ បានខ្ចីប្រាក់ពីឥណទានខ្ចាតតូចដែលសរុបជាទឹកប្រាក់ប្រមាណជាង ៨.០០០លានដុល្លារ ហើយជាប្រទេសមួយដែលមានមធ្យមភាគឥណទានខ្ពស់ជាងគេ ដែលមានចំនួនប្រមាណជា ៣.៣៧០ដុល្លារ ក្នុងមួយកម្ចី។ មធ្យមភាគនេះគឺលើសពីចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងប្រទេស ដែលមានចំនួនត្រឹមតែ ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើប្រតិបត្តិការកម្ចីដោយអត្រាការប្រាក់ខ្ពស់ ដែលតម្រូវឱ្យដាក់បញ្ចាំប្លង់ដីជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះដាក់គោលដៅលើអតិថិជនក្រីក្រដែលងាយរងគ្រោះក្នុងការបាត់បង់ដីធ្លី។ ទម្រង់នៃប្រាក់កម្ចីដែលមានសភាពធ្ងន់ធ្ងរនេះ បានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែវាបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាពនៃសិទិ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។ ការកំណត់ពិដានអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹម១៨% សម្រាប់កម្ចីថ្មី ដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកាលពីខែមីនា ឆ្នាំ២០១៧ មិនបានកាត់បន្ថយការកើនឡើងនៃទំហំការប្រាក់ ឬជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានឡើយ។ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារក្នុងឆ្នាំ២០១៧។
វិធីសាស្រ្តមួយចំនួនដែលមានហានិភ័យខ្ពស់ ហើយត្រូវបានប្រជាពលរដ្ឋយកទៅអនុវត្ត ដើម្បីសងបំណុលនោះ បានក្លាយវិធីសាស្ត្រទូទៅមួយ។ កសិករកំពុងតែបាត់បង់ដីស្រែចំការសម្រាប់ដាំដំណាំកសិកម្មរបស់ខ្លួន តាមរយៈការលក់ដីដោយបង្ខំ ឬទទួលរងសម្ពាធ។ ការលក់ដីទាំងអស់នេះត្រូវបានធ្វើឡើងដោយសារតែមានសម្ពាធយ៉ាងខ្លាំងពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាអ្នកកាន់កាប់ប្លង់ដីរបស់ប្រជាពលរដ្ឋដែលបានដាក់បញ្ចាំ និងប្រើប្រាស់ប្លង់ដីទាំងអស់នោះ ដើម្បីបង្ខំឱ្យប្រជាពលរដ្ឋសងប្រាក់ទៀតទាត់ពេលវេលា។ បន្ថែមពីនេះទៀត មន្ត្រីជាន់ខ្ពស់ពីររូប ដែលម្នាក់ជាអតីត និងម្នាក់ទៀតបច្ចុប្បន្នជា នាយកប្រតិ្តបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា នេះជាគោលនយោបាយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការស្នើឱ្យអាជ្ញាធរភូមិឃុំ ជួយដាក់សម្ពាធដល់ប្រជាពលរដ្ឋឱ្យលក់ដី។ អ្នកស្រាវជ្រាវបានរកឃើញថា អតិថិជនមានការភ័យខ្លាចក្នុងការដែលត្រូវបានគេហៅជួបនៅសាលាឃុំ ឬសាលាស្រុក ដើម្បីនិយាយជាមួយអាជ្ញាធរ ជាអ្នកដែលពលរដ្ឋទាំងនោះដឹងថា នឹងធ្វើការបង្ខំឱ្យពួកគេ ជំនួសឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការលក់ដីធ្លីដើម្បីដោះបំណុល។
ពលរដ្ឋដែលជំពាក់បំណុលជាច្រើន ក៏បានខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជនផងដែរ ដើម្បីយកប្រាក់ទៅសងបំណុលរបស់អ្នកទាំងនោះជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះ ជាហានិភ័យមួយដែលគួរឱ្យព្រួយបារម្ភ។ បញ្ហានេះ ក៏បានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេ ដូចជាកូនរបស់អ្នកទាំងនោះ សម្រេចចិត្តឈប់រៀន ដើម្បីធ្វើការងាររកប្រាក់ ជួយដោះបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ រីឯអតិថិជនមួយចំនួនទៀត ត្រូវបង្ខំចិត្តទទួលទានម្ហូបអាហារតិចជាងមុន ឬមិនមានជីវជាតិគ្រប់គ្រាន់ ដើម្បីសន្សំប្រាក់ដោះបំណុល។
ទីភ្នាក់ងារអភិវឌ្ឍន៍មួយចំនួន និងធនាគាររដ្ឋរបស់បណ្តាប្រទេសមួយចំនួន គឺជាម្ចាស់ភាគហ៊ុន ឬដៃគូកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជា។ ស្ថាប័នទាំងនេះរួមមាន ទីភ្នាក់ងារអភិវឌ្ឍន៍ ឬធនាគាររដ្ឋរបស់ប្រទេសអេស្ប៉ាញ អូទ្រីស បារាំង អាឡឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស ធនាគារវិនិយោគអឺរ៉ុប ក៏ដូចជាការវិនិយោគមួយចំនួនមកពីទីភ្នាក់ងារសហប្រតិបត្តិការបារាំង ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។
កសិករក្រីក្រ គួរតែមិនត្រូវបានក្លាយជាកម្មវត្ថុនៃសកម្មភាពហិរញ្ញវត្ថុអសីលធម៌នោះទេ ប៉ុន្តែគួរតែទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុតាមបែបសហគមន៍ និងប្រកបដោយនិន្តរភាព។ អង្គការ លីកាដូ និងសមាគមធាងត្នោត សូមអំពាវនាវដល់រាជរដ្ឋាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកវិនិយោគឯកជន សូមមេត្តាធ្វើកំណែទម្រង់ការអនុវត្តអវិជ្ជមានទាំងនេះ និងធានាថាពលរដ្ឋកម្ពុជា នឹងមិនត្រូវបានគេបង្ខំឱ្យលក់ដីធ្លី និងទទួលរងគ្រោះពីការរំលោភបំពានសិទិ្ធមនុស្សរបស់អ្នកទាំងនោះ ដើម្បីដោះបំណុលដែលពួកគេជំពាក់នោះទេ។
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
▪ អ្នកនាង ណាលី ពីឡូក, នាយិកាអង្គការ លីកាដូ, Wire @nalypilorge ឬ Signal៖ +៨៥៥ ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
▪ លោក អំ សំអាត, នាយករងផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស, Wire @samatham ឬ Signal៖ +៨៥៥ ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)
▪ លោក សឿង សារ៉ន, នាយកប្រតិបត្តិនៃសមាគមធាងត្នោត, Signal៖ +៨៥៥ ៨៩ ៦៦៦ ០១៣