(Khmer) ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើសុំ​លុបបំបាត់​ការប្រើប្រាស់​កងសន្តិសុខខណ្ឌ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ជាការឆ្លើយតបនឹងលិខិតរបស់តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិដែលស្នើសុំឱ្យរដ្ឋាភិបាលឈប់ប្រើប្រាស់កងសន្តិសុខខណ្ឌដែលល្បីខាងប្រើអំពើហិង្សាដើម្បីបង្ក្រាបលើការតវ៉ា ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងនឹងពិនិត្យមើលភាពស្របច្បាប់របស់ក្រុមសន្តិសុខគណបក្សសង្គ្រោះជាតិជំនួសវិញ។

នៅក្នុងលិខិតមួយផ្ញើជូនក្រសួងមហាផ្ទៃកាលពីចុុងខែមុន តំណាងរាស្ត្រគណបក្សសង្គ្រាះជាតិចំនួនប្រាំបីរូប បានលើកឡើងថា ការប្រើប្រាស់កងសន្តិសុខគ្មានអត្តសញ្ញាណដើម្បីបង្ក្រាបបាតុកម្មគឺខុសច្បាប់ ហើយត្រូវតែបញ្ឈប់។
លិខិតនេះមានខ្លឹមសារដូច្នេះថា “យើងជាតំណាងរាស្ត្រមើលឃើញថា ការប្រើប្រាស់កងសន្តិសុខខណ្ឌ និងកងសន្តិសុខគ្មានអត្តសញ្ញាណរបស់អាជ្ញាធរដើម្បីបង្ក្រាបការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្ម គឺជាទង្វើខុសច្បាប់ ហើយត្រូវតែមានការចាត់វិធានការភ្លាមៗដើម្បីលុបបំបាត់ពួកគេ ហើយអ្នកដែលប្រើអំពើហិង្សាត្រូវនាំយកមកផ្តន្ទាទោស”។

នៅក្នុងលិខិតឆ្លើយតបចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរថា ក្រសួងមិនបានធ្វើរឿងបែបនេះទេ ហើយបន្ទោសអ្នកតវ៉ាចំពោះការតតាំងដ៏ហិង្សាជាមួយអ្វីដែលលោកចាត់ទុកថាជា “ប្រជាការពារភួមិ” ស្ម័គ្រចិត្ត។

លិខិតនេះមានខ្លឹមសារដូច្នេះថា “ក្នុងខណៈពេលដែលមន្ត្រីនគរបាលរបស់យើងនៅមានចំនួនតិច មិនអាចទាន់ឆ្លើយតបបានទាំងស្រុងទៅនឹងសំណូមពរចំាបាច់ជាក់ស្តែង កម្លាំងប្រជាការពារនេះ ក៏បានចូលរួមចំណែក ជាកម្លាំងអន្តរាគមន៍យ៉ាងសកម្មដើម្បីជាប្រយោជន៍របស់ប្រជាជនទូទៅនៅមូលដ្ឋាន ជាពិសេសលើការងារផ្នែកសណ្តាប់ធ្នាប់សាធារណៈ”។

លោក ស ខេង បានពន្យល់ថា ក្រុមនេះដែលចាប់កំណើតចេញពីកម្មវិធីមួយនៅក្នុងឆ្នាំ២០១០ ត្រូវបានបង្កើតឡើងដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខតាមភូមិ-ឃុំ ហើយបានលើកសរសើរសមាជិករបស់ក្រុមនេះចំពោះការងារ ដូចជា ការរៀបចំចរាចរណ៍នៅកន្លែងមានពិធីបុណ្យសព និងពិធីរៀបមង្គលការជាដើម។

ដោយបន្តបន្ទោសគណបក្សសង្គ្រោះជាតិ ចំពោះអំពើហិង្សានាពេលកន្លងមក លិខិតនេះមានខ្លឹមសារបន្តដូច្នេះថា “កម្លាំងប្រជាការពារនៅរាជធានីភ្នំពេញ មិនមែនបង្កើតឡើងសម្រាប់បង្រ្កាបការជួបជុំ ការធ្វើបាតុកម្ម ឬកូដកម្មដោយសន្តិវិធីដូចគណបក្សសង្គ្រោះជាតិបានលើកឡើងនោះទេ”។

ដោយលើកឡើងពីបាតុកម្មទ្រង់ទ្រាយធំដ៏អូសបន្លាយ ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ លិខិតនេះមានខ្លឹមសារបន្តទៀតដូច្នេះថា “ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើសង្គ្រាមចិត្តសាស្ត្រកៀរគរប្រជាពលរដ្ឋធ្វើបាតុកម្មខុសច្បាប់ជាច្រើនលើក ច្រើនថ្ងៃ អូសបន្លាយពេលរហូតជិតមួយឆ្នាំ”៊។

តាមពិត កងសន្តិសុខរដ្ឋាភិបាល ជាពិសេសសន្តិសុខដែលត្រូវបានដាក់ពង្រាយនៅខណ្ឌដូនពេញ បានប្រើអំពើហិង្សាម្តងហើយម្តងទៀតលើអ្នកតវ៉ាដោយសន្តិវិធី ក្នុងនោះជួនកាលធ្វើតាមតែអំពើចិត្ត ហើយមានពេលខ្លះបានឆ្លើយតបចំពោះការជេរប្រមាថ ឬដោយសារអ្នកតវ៉ាមិនព្រមធ្វើតាមបញ្ជារបស់ពួកគេ។

ដោយបញ្ចប់លិខិតរបស់ខ្លួន លោក ស ខេង បានសរសេរថា សន្តិសុខរបស់គណបក្សសង្គ្រោះជាតិ ដែលតែងតែមានវត្តមាន ពេលថ្នាក់ដឹកនាំគណបក្សបង្ហាញខ្លួនជាសាធារណៈ នឹងត្រូវពិនិត្យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា សន្តិសុខរបស់គណបក្សសង្គ្រោះជាតិ មានចំនួនរាប់រយនាក់ ដោយបំពាក់ឯកសណ្ឋាន និងបំពាក់វិទ្យុទាក់ទង ហាក់បីដូចជាអាជ្ញាធរអ៊ីចឹង។

លោកបានសរសេរថា “ក្រសួងនឹងពិនិត្យផ្លូវច្បាប់ទាក់ទងនឹងការរៀបចំកម្លាំងសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ និងធ្វើសេចក្តីណែនាំដើម្បីឱ្យអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្តិ”។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និង លោកស្រី មូរ សុខហួរ ដែលបានចុះហត្ថលេខាលើលិខិតដំបូង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក ឡុង រី ប្រធានផ្នែកសន្តិសុខនៅគណបក្សនេះ បានបង្វែរសំណួរទៅលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។

លោក យឹម សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើលិខិតនេះ ឬលិខិតឆ្លើយតបរបស់លោក ស ខេង ឡើយ ប៉ុន្តែបានលើកឡើងថា គណបក្សរបស់លោកនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលពិនិត្យក្រុមសន្តិសុខរបស់ខ្លួនទេ។

លោក បានមានប្រសាសន៍ថា “អ្នកទាំងនេះជាមនុស្សរបស់យើង គ្មានអ្វីជាប់ពាក់ព័ន្ធនឹងច្បាប់ទេ។ តើច្បាប់អ្វីតម្រូវឲ្យពួកគេពិនិត្យសន្តិសុខរបស់យើង?។ នេះជារឿងឯកជន មិនមែនជារឿងសាធារណៈទេ”៕

ប្រភព៖ cambodiadailykhmer