Friday, March 29, 2024
Latest:

ក្រសួង​រៀបចំ​ដែនដី ​ ផ្ទៀងផ្ទាត់​ព័ត៌មាន​ពលរដ្ឋ​ រស់នៅ​អាគារ​ប៊ូឌិញ​«ស»

ភ្នំពេញ៖ ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ប្រគល់​ឯកសារ​សម្រង់​ព័ត៌មាននិង​ពង្រាង​ប្លង់​បន្ទប់​របស់​ម្ចាស់​សហ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជាង៥០០​គ្រួសារដែល​រស់នៅ​អាគារ​ប៊ូឌិញ​«ស»ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​សម្រាប់​ជា​គោលដៅ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន នា​ពេល​ខាង​មុខ។​

អគ្គនាយក​រង ​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ហ៊ី ចិន្តា បាន​ថ្លែង​ថា ក្រោយ​ពី​បាន​ចុះ​ស្រង់​ស្ថិតិ និង​ទំហំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​អាគារ​ប៊ូឌិញ​«ស» កាល​ពី​ដើម​ខែ​ធ្នូ​ រួច​មក នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក្រុម​ការងារ​របស់​ក្រសួង​បាន​ចុះ​ចែក​ឯកសារ​សម្រង់​ព័ត៌មាន​ដែល​បាន​ចុះ​ស្រង់​នោះ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ផ្ទៀងផ្ទាត់​ទំហំ​ប្លង់​បន្ទប់ និង​ឈ្មោះ​សហ​កម្មសិទ្ធិ​របស់​ពួក​គាត់ មុន​នឹង​ឈាន​ដល់​ការ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន និង​ការ​ចរចា​ថា​ តើ​ប្រជាពលរដ្ឋ​ណា​ខ្លះ​ដែល​ចង់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ឬ​ចង់​លក់​ ហើយ​ចាក់​ចេញ។

​លោក​បាន​បញ្ជាក់​ថា៖ «ក្រោយ​ពី​យើង​ចែក​ឯកសារ​សម្រង់​ព័ត៌មាន​នេះ​ហើយ យើង​នឹង​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ប្លង់ និង​ទិន្នន័យ​យើង​ស្រង់​បាន​ហ្នឹង ដើម្បី​ឲ្យ​ពួក​គាត់​ផ្ទៀងផ្ទាត់ និង​តវ៉ា បើ​ក្នុង​ករណី​ណា​ខុស​ឆ្គង តែ​បើ​ត្រឹមត្រូវ​ហើយ ​យើង​នឹង​ធ្វើ​ការងារ​បន្ត​ទៀត​ទៅ​តាម​យន្តការ​របស់​យើង​ថា ​តើ​យើង​ត្រូវ​ជជែក​ចរចា​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​លើ​ការ​អភិវឌ្ឍ​នេះ»។​

​បើ​តាម​លោកហ៊ីចិន្តាការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ទាំង៥៥៤​គ្រួសារដែល​រស់នៅ​អគារ​ប៊ូឌិញ​ នេះ មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​បង្ហាញ​ពី​បំណង​ចង់​ចាក​ចេញ ជាជាង​ចង់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ តែ​យ៉ាង​ណា លោក​ថា ក្រសួង​នឹង​សម្របសម្រួល​ចរចា និង​រក​ដំណោះស្រាយ​សមស្រប និង​មាន​តម្លាភាព​ជាមួយ​ប្រជាពលរដ្ឋ​បន្ត​ទៀត​លើ​បញ្ហា​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ជប៉ុន​ បាន​បញ្ជាក់​ថា ខ្លួន​មាន​ថវិកា​សម្រាប់​ការ​វិនិយោគ​សាងសង់​អាគារ​ប៊ូឌិញ​ នេះ​ឡើង​វិញ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​ទិញ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ចង់​ចាក​ចេញ​ទេ។

​ប្រជាពលរដ្ឋ​រស់នៅ​អាគារ​ប៊ូឌិញ លោក ប៊ុន ធន់ បាន​លើក​ឡើង​ថា ការ​ចុះ​វាស់​វែង​ទំហំ​ផ្ទះ និង​ការ​ផ្តល់​នូវ​ឯកសារ​បញ្ជាក់​ពី​សំណាក់​ក្រសួង​រៀបចំ​ដែនដី​ នេះ មាន​ភាព​ត្រឹមត្រូវ និង​ទទួល​យក​បាន ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ចុះ​វាស់វែង​នេះ។
លោក​ថា៖ «ខ្ញុំ​មាន​ជំនឿ​លើ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នេះ គឺ​ត្រឹមត្រូវ​ហើយ គ្រាន់​តែ​គោលការណ៍​របស់​ខ្ញុំ គឺ​ត្រូវ​ការ​លុយ ដើម្បី​បែង​ចែក​ឲ្យ​កូន​ចៅ​ខ្ញុំ​មាន​អនាគត​ផ្សេងៗ​គ្នា»។

​ចំណែក​អ្នកស្រី ឈុំ សុខគឿន អាយុ​៧៥​ឆ្នាំ រស់នៅ​អាគារ​ប៊ូឌិញ​ជាន់​ទី​២ ក៏​បាន​ប្រកាន់​ជំហរ​លក់​ផ្ទះ​យក​លុយ​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ដែរ ដោយ​អ្នកស្រី​បារម្ភ​ខ្លាច​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ជួប​ឧបសគ្គ ស្រប​ពេល​ដែល​អ្នកស្រី បាន​ឃើញ​នូវ​បទពិសោធន៍​កន្លង​មក ដែល​សហគមន៍​ដីធ្លី​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយសារ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​នេះ។

គម្រោង​អភិវឌ្ឍ​អគារ​ប៊ូឌិញ​ស ស្ថិត​នៅ​ក្នុង​ការ​សិក្សា​រវាង​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa ដែល​គ្រោង​ចំណាយ​អស់​ប្រមាណ ៧០​ ទៅ​៨០​លាន​ដុល្លារ​អាមេរិក រួម​មាន ការ​សាងសង់​ទីតាំង​ស្នាក់​នៅ​បណ្ដោះអាសន្ន និង​អាគារ​ថ្មី​មាន​កម្ពស់ ២១​ជាន់ ដែល​ក្នុង​នោះ ត្រៀម​ធ្វើ​ទីតាំង​ចំណត ៣​ជាន់ កន្លែង​លក់ដូរ​ ១​ជាន់ និង​កន្លែង​ស្នាក់នៅ ​៥​ជាន់ ដែល​បន្ទប់​ស្នាក់នៅ​នីមួយៗ នឹង​មាន​ទំហំ​ធំ​ជាង​មុន ១០​ភាគរយ ហើយ​ចាប់​ពី​ជាន់​ទី​ ៩​ឡើង​ទៅ នឹង​ផ្តល់​ជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន Arakawa៕

ប្រភព៖ khmertimeskh