(Khmer) គជប ថា NGO និង បក្ស​អាច​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ មក​ពិនិត្យ​បញ្ជី​បាន

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) ថា​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​តាម​​ទីសាធារណៈ​បាន​តែ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​ខណៈ​ដែល​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​​នៅ​ទីតាំង​យ៉ាង​តិច​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ការ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ទីស្នាក់ការ​ គ.ជ.ប. កាលពី​ម្សិលមិញ​ភាគី​គ.ជ.ប. បាន​កំណត់​យក​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃ​ទី​ ១៤ ខែ​កមរា ឆ្នាំ​ ២០១៧ ជា​រយៈពេល​ដែល​ត្រូវ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង។

ក្នុង​រយៈពេល​នេះ​ពលរដ្ឋ​អាច​ពិនិត្យ​​ឈ្មោះ​របស់​ខ្លួន​ និង​ថា​បើ​មាន​រក​ឃើញ​ថា​ខុស​ទិន្នន័យ​ ឬ​បាត់​ឈ្មោះ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​សុំ​កែ​សម្រួល ឬ​ចុះ​ឈ្មោះ​ជាថ្មី​បាន​ក្នុង​ករណី​មាន​បង្កាន់​ដៃ​។ ជាមួយ​គ្នា​នោះ​​ពលរដ្ឋ​ក៏​អាច​ប្តឹង​ជំទាស់​នឹង​ឈ្មោះ​អ្នក​ផ្សេង​ដែល​ពួកគាត់​សង្ស័យ​ ឬ​ដឹង​ថា​មិន​មាន​លក្ខណ​សម្បត្តិ​​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត​ផង​ដែរ​។

ដើម្បី​ឲ្យ​ព័ត៌មាន​ទាំង​នេះ​បាន​ដឹង​ដល់​​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​អគ្គលេខាធិការ​ គ.ជ.ប. លោក ទេព ​នីថា ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា​ គ.ជ.ប. បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តាំងពី​ខែ​មុន​ម៉េះ។

លោក​បន្ត​ថា​ មធ្យោ​បាយ​ផ្សព្វផ្សាយ​កន្លង​មក​មាន​ដូចជា​តាម​ទូរទស្សន៍ និង​វិទ្យុ និង​ថា​មាន​អង្គការ​ដៃគូ​មួយ​ចំនួន​ក៏​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ។

មួយ​វិញ​ទៀត​ លោក​ថា​នៅ​ថ្ងៃ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង​ គ.ជ.ប. នឹង​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​តាម​ឧបករណ៍​បំពង​សំឡេង​ចល័ត​​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ។ ​ត្រង់​ចំណុច​នេះ​ដែរ​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​ចង់​ផ្សព្វផ្សាយ​បន្ថែម​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​តែ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​ជា​មុន​សិន។

លោក ទេព នីថា ឲ្យ​ដឹង​ថា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​តាម​សាលា​ឃុំ ឬ​សង្កាត់ និង​ទី​ពីរ​អាច​ថា​នៅ​តាម​ទីប្រជុំជន​ណា​មួយ​ក្នុង​ឃុំ​សង្កាត់​នោះ។

ទោះ​យ៉ាង​ណា ​លោក​ថា ​គណបក្ស​នយោបាយ​ក៏​អាច​ទិញ​បញ្ជី​ឈ្មោះ​នេះ​ពី គ.ជ.ប. ដើម្បី​យក​ទៅ​បិទ​ផ្សាយ​នៅ​តាម​ស្នាក់ការ​បក្ស​របស់​ខ្លួន​បាន​ដែរ​ដោយ​​​ឯកសារ​នោះ​មាន​តម្លៃ​ទៅ​តាម​តម្លៃ​ផលិត​ជាក់ស្តែង។

លោក​បន្ថែម​ថា៖ «រួម​មក​វិញ​នេះ​ជា​ការងារ​ដែល​យើង​បាន​ធ្វើ​ជា​យន្តការ​ដែល​យើង​បាន​ផ្សព្វផ្សាយ​…ជាមួយ​គ្នា​នេះ​នៅ​ទី​នេះ​មាន​តំណាង​អង្គការ​គណបក្ស​នយោបាយ​អ្នក​យក​ព័ត៌មាន​ក៏​អំពាវនាវ​ផង​ដែរ​សហការ​ផ្សាយ​ព័ត៌មាន​នេះ​ដល់​ពលរដ្ឋ…ទាក់ទង​នឹង​ការ​​ផ្សព្វផ្សាយ​​របស់​គណបក្ស​នយោបាយ..ជា​សាធារណៈ​ណា​មួយ​នោះ​ត្រូវ​សុំ​ទៅ​អាជ្ញាធរ»។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី ម៉េង សុភារី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​គណបក្ស​នឹង​ដាក់​ពាក្យ​ទិញ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាម​នីតិវិធី​របស់​ គ.ជ.ប. ដើម្បី​បិទ​ផ្សាយ​នៅ​តាម​ស្នាក់ការ​របស់​ខ្លួន។

ទោះ​យ៉ាង​ណា លោកស្រី​ថា​ តម្លៃ​របស់​ឯកសារ​ទាំង​នេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ជាមួយ​គ្នា​នេះ​អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ផង​ដែរ។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​ក៏​ត្រៀម​ដាក់​ពាក្យ​ប្តឹង​ជំទាស់​លើ​អ្នក​ចុះ​ឈ្មោះ​ប្រហែល​ជា​ប្រាំ​ពាន់​នាក់​លើ​លក្ខខណ្ឌ​សញ្ជាតិ​ដោយ​ថា​អ្នក​ទាំង​នោះ​ជា​ជនជាតិ​វៀតណាម​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ថា​ភាគច្រើន​នៅ​ភ្នំពេញ និង​​ខេត្ត​ស្វាយរៀង។

លោកស្រី​បន្ថែម​ថា៖ «យើង​ឃើញ​ថា​ជន​ទាំង​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​ប៉ុន្តែ​ថា​តើ​អត្តសញ្ញាណប័ណ្ណ​នោះ​ត្រឹមត្រូវ​តាម​សញ្ជា​តូបនីយកម្ម​ដោយ​មាន​ព្រះរាជក្រឹត្យ​ដែរ​ឬ​យ៉ាង​ណា?

ភ្នាក់ងារ​គណបក្ស​តាម​មូលដ្ឋាន​អាច​ដឹង​ពី​រឿង​នេះ​ច្រើន»។

ជា​បណ្តោះអាសន្ន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ត្រូវ​បិទ​ផ្សាយ​នោះ​មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ចំនួន​ ៧ ៨៧៥ ៥១២ នាក់។

ដោយ​ឡែក​សុពលភាព​ និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នឹង​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពី​ដោះស្រាយ​បណ្តឹង​ទាស់​រួច​រាល់។ ក្រោយ​ការ​ប្រកាស​បញ្ជី​ផ្លូវការ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្តឹង​តវ៉ា​ចំពោះ​បញ្ជី​ឈ្មោះ​នេះ​ទៀត​ទេ៕

ប្រភព៖ postkhmer