Friday, April 19, 2024
Latest:

នាយក​រដ្ឋមន្ត្រី​វាយប្រហារ​លោក​ខាង​លិច​​​ ខណៈ​​ទិវា​សិទ្ធិ​មនុស្ស​ចាប់​ផ្តើម​​

ស្របពេលរដ្ឋាភិបាលព្យាយាមឃាឃាំងមិនឲ្យបរទេសលូកដៃចូលក្នុងកិច្ចការអធិប តេយ្យភាពរបស់ខ្លួន រដ្ឋាភិបាលបានបញ្ចេញខ្សែវីដេអូមួយកាលពីម្សិលមិញ ដែលមានចំណងជើងថា ”សម្តេច ហ៊ុន សែន វាយប្រហារ យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់អឺរ៉ុបជុំវិញបដិវត្តន៍ពណ៌និងសង្គ្រាមនៅមជ្ឈិមបូពា៌”។

ការបញ្ចេញវីដេអូនេះ ដែលបង្ហោះនៅលើគេហទំព័រយូធ្យូប និងដែលបង្កើតឡើងដោយការិយាល័យកិច្ចការសាធារណៈនៃទីស្តីការគណៈរដ្ឋមន្ត្រី និងដកស្រង់ចេញពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីទៅកាន់សមាជិកសភាតំបន់អាស៊ីអំឡុងមហាសន្និសីទមួយកាលពីសប្តាហ៍មុននោះ ក៏កើតមានឡើងស្របពេលមានការចាប់ផ្តើមព្រឹត្តិការណ៍ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សផងដែរ។

នៅក្នុងសន្ទរកថារបស់លោកដែលមានទូរបទ(Subtitled) ជាភាសាអង់គ្លេស និងរំលេចឡើងនូវរូបភាពស្តីពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសតំបន់មជ្ឈិមបូពា៌ដែលហែកហួរដោយសង្គ្រាម និងជនភៀសខ្លួនកំពុងភៀសទៅកាន់តំបន់អឺរ៉ុបនោះ លោក ហ៊ុន សែន បានបន្ទោសស្ថានភាពនេះលើសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប និងអ្វីដែលលោកចាត់ទុកថា ជាការខិតខំមិនស្មោះត្រង់របស់ពួកគេនៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “កន្លែងដែលមានសង្គ្រាមផ្ទុះឡើង និងក្លាយជាតំបន់សង្គ្រាម ការផ្តួលរំលំដោយកម្លាំងយោធា និងការផ្តួលរំលំតាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរនោះក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យនៃសិទ្ធិមនុស្ស”។

លោកបានមានប្រសាសន៍បន្ថែមថា “តើបដិវត្តពណ៌វាជាការគួរឲ្យគេស្រលាញ់ ឬក៏ជាទីគួរឲ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរកាត់ទោសពួកមេខ្លោង ដែលធ្វើឲ្យប្រជាជនអុីរ៉ាក់និងប្រជាជននៃបណ្តាប្រទេសនៅមជ្ឈិមបូព៌ារងការឈឺចាប់យកទៅកាត់ទោសឬត្រូវពាក់មេដាយជាពានណូបែលឲ្យពួកអ្នកទាំងនេះ”។

លោក ហ៊ុន សែន បានបន្តពន្យល់ថា កម្ពុជា ក៏ជាជនរងគ្រោះដោយសារមហាអំណាចបរទេសដែរ ដែលស្អប់បុគ្គល គឺព្រះអង្គម្ចាស់នរោត្តម សីហនុ នៅពេលនោះ ហើយបានធ្វើបាបប្រទេសកម្ពុជាទាំងមូល ក្នុងរូបភាពដែលមានយន្តហោះសហរដ្ឋអាេមរិកទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “យើងខ្ញុំស្គាល់រស់ជាតិនៃសង្គ្រាម យើងខ្ញុំត្រូវការពារសន្តិភាព តែយើងខ្ញុំមិនមែនជ្រុលជាតិនិយមចង្អៀតចង្អល់គិតគូរខ្លួនឯងនោះទេ”។

លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំអំពាវនាវចំពោះប្រទេសអឺរ៉ុបទទួលយកជនភៀសខ្លួនទាំងនោះឲ្យមានការស្នាក់នៅ មានការងារធ្វើ ព្រោះនេះជាការទទួលខុសត្រូវអស់លោកអ្នក ដែលគាំទ្រលើនយោបាយសហរដ្ឋអាមេរិកលើបញ្ហាបដិវត្តន៍ពណ៌”

“ការវាយប្រហារយ៉ាងខ្លាំង” របស់លោក ហ៊ុន សែន លើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបអមដោយអនុសាសន៍ស្តីពីគោលនយោបាយរបស់លោក កើតមានឡើងស្របពេលរដ្ឋាភិបាលកំពុងគំរាមបណ្តេញការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញពីប្រទេសចំពោះការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពរបស់ខ្លួនតាមរយៈរិះគន់លើការសម្រេចរបស់គណបក្សកាន់អំណាច។

លោក ផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោក ហ៊ុន សែន មានសិទ្ធិរិះគន់រដ្ឋាភិបាលបរទេសក្នុងនាមជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រទេស កម្ពុជា ហើយគោលនយោបាយបែបនេះរបស់លោកខាងលិចគឺជាការគំរាមកំហែងប្រទេសនានាទូទាំងពិភពលោក។

លោកបានមានប្រសាសន៍ថា “យើងគ្មានបដិវត្តន៍ពណ៌ទេ ការព្យាយាមមួយចំនួនបានបរាជ័យ។ ពួកគេបានប្រើប្រាស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ពួកគេបានប្រើប្រាស់ សិទ្ធិមនុស្សជាអាវុធដើម្បីបង្កភាពចលាចល គ្មានអ្វីផ្សេងក្រៅពីនេះទេ”។

រដ្ឋាភិបាលបានចាត់ទុកបាតុកម្មទ្រង់ទ្រាយ ធំរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ថាជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ជាពាក្យដែលហាក់បីដូចជាការបញ្ជូលគ្នារវាងសង្គ្រាមស៊ីវិល និងរដ្ឋប្រហារយោធា ហើយក៏បានចាត់ទុកយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលមានបំណងទាមទារឲ្យដោះលែងសកម្ម ជនសិទ្ធិមនុស្សថា ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដែរ។

ថ្មីៗនេះរដ្ឋាភិបាលបានលើកឡើងថា ខ្លួននឹងមិនអនុញ្ញាតឲ្យអង្គការមិនមែនរដ្ឋាភិបាលហែក្បួននៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃសៅរ៍ឡើយ។តែទោះជាយ៉ាងណាក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនេះនៅតែប្តេជ្ញាបន្តធ្វើតាមគម្រោងរបស់ខ្លួន ហើយសកម្មជនមួយចំនួនបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនកាលពីម្សិលមិញ ដោយមានមនុស្សប្រហែល២៥០នាក់ហែក្បួននៅក្នុងខេត្តកំពង់ឆ្នាំង នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។

អំឡុងកិច្ចពិភាក្សាស្តីពីសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ Maina Kiai អ្នកជំនាញពិសេសខាងសេរីភាពនៃការជួបជុំ និងប្រមូលផ្តុំរបស់អង្គកាសហប្រជាជាតិបានលើកឡើងថា រដ្ឋាភិបាលទំនងជាមានជំនឿខុសដែលថា សិទ្ធិទាំងនោះគឺជាបញ្ហាអធិបតេយ្យភាព។

លោកបានមានប្រសាសន៍ទាក់ទិននឹងសេចក្តី ប្រកាសពីសិទ្ធិមនុស្សដែលចុះហត្ថលេខាដោយប្រទេសកម្ពុជាថា “យើងជាពិភពលោកមួយដែលសម្រេចថា មានរឿងមួយចំនួនដែលរដ្ឋាភិបាលមួយត្រូវធ្វើ”។

លោកបានមានប្រសាសន៍បន្តថា “ពេលពួកគេនិយាយថាសិទ្ធិមនុស្សជាបញ្ហាផ្ទៃក្នុងយើងនិយាយថាទេ។ ពេលរដ្ឋាភិបាលមួយហាមឃាត់មិនឲ្យធ្វើការតវ៉ាដោយសន្តិវិធី នោះមិនមែនជាបញ្ហាផ្ទៃក្នុងទេ នោះគឺជាបញ្ហាអន្តរជាតិ”។

លោក Maina Kiai បានលើកឡើងបន្តទៀតថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបការតវ៉ាតែងតែផ្តល់ផលផ្ទុយហើយថា ការស្តាប់យកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់សាធារណជន គឺទំនងជាអាចមានប្រសិទ្ធភាពខ្លាំងក្នុងការរកដំណោះស្រាយដោយសន្តិវិធី។

លោកបានមានប្រសាសន៍ថា “គេមិនចង់បញ្ចេញកំហឹងទេ តែគេសំដែងវាចេញមក ដើម្បីដោះស្រាយវា។ វាប្រហែលជាមានការ ឈឺចាប់ ប៉ុន្តែរដ្ឋាភិបាលគឺអ៊ីចឹង។ ដូចដែលពួកគេនិយាយថា ប្រសិនបើអ្នកឯងមិនអាចទ្រាំទ្រនឹងស្ថានភាពលំបាកបានទេ អ៊ីចឹងគួរតែឈប់ទៅ”៕

ប្រភព៖ cambodiadailykhmer