Friday, March 29, 2024
Latest:

និទ្ទណ្ឌភាព ​ធ្វើឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ខ្លះ​ក្លាយ​ជា​ជើងកាង​អាង​មេ

ប្រភព៖ postkhmer.com

ដោយសារ​តែ​រឿង​អាងកោង​ អាងកាច អាងកាប់ចាក់ អាងបាញ់​បោះ​អាង​គេច​ចេញ​ពី​គុក​ទៅ​ពួន​នៅ​ផ្ទះ​មេៗ​របស់​ខ្លួន​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​ចេះ​តែ​អាង​ខ្នង​មេៗ​ដើរ​រំលោភ​សិទ្ធិ​លើ​គេ​តាមរយៈ​ការ​ប្រើ​អំពើ​ហិង្សា ឬ​ក៏​បាញ់​បោះ​សេរី សម្លុត​គំរាម​កំហែង​គេ​ឲ្យ​តែ​គូ​បដិបក្ខ​អន់​ជាង ឬ​ក៏​ស្មើ​តែ​បន្តិច​ហើយ​ពេល​ខ្លះ​ទម្រាំ​តែ​ចាប់​បាន ឬ​ក៏​ចូល​ខ្លួន​មក​សារភាព​នោះ​ទាល់​តែ​មហាជន​រិះគន់​ធ្ងន់ៗ​ និង​ឮ​ដល់​ថ្នាក់​ដឹកនាំ​ទើប​សម្រេច​ឲ្យ​​ចាប់​ខ្លួន​ចូល​តុលាការ​។

ដូចជា​ករណី​ទណ្ឌិត ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ក្រុង​បាវិត​ដែល​បាន​បាញ់​បោះ​ឲ្យ​របួស​ស្ត្រី​កម្មការិនី​ ៣ ​នាក់​ទម្រាំ​តែ​បាន​ចូល​ខ្លួន​ឲ្យ​កាត់​ទោស​ក្នុង​តុលាការ និង​ចូល​ពន្ធនាគារ​នោះ​ដេក​ស៊ី​ផ្ទះ​មេៗ​យ៉ាង​ត្រជាក់​ល្ហឹម​រាប់​ខែ​ចូល​ដល់​ឆ្នាំ​ទៀត​ឯណោះ​។ បើ​ត្រឹម​តែ​ប្រកាស​ដោយ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ក៏​មិន​ចេញ​ពី​រន្ធ​ដែរ​ទាល់​តែ​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចេញ​មក​​បាន​អើត​ក​ចេញ​មក​ឲ្យ​ចាប់​ខ្លួន​។

ក្រៅពី​ទណ្ឌិត ឈូក បណ្ឌិត ក៏​នៅ​មាន​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ និង​ស៊ីវិល​ដទៃ​ទៀត​ដែល​​ប្រព្រឹត្ត​ខុស​ក្រម​ព្រហ្មទណ្ឌ​ដូចជា ការ​បាញ់​បោះ​តាម​សេវា​កម្សាន្ត ឬ ក៏​ទះ​កំផ្លៀង ឬ​ក៏​ការ​ជេរប្រមាថ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ជាដើម​គឺ​មេៗ​របស់​ជន​ប្រព្រឹត្ត​នោះ​បាន​ព្យាយាម​លាក់​បាំង​នូវ​កំហុស​របស់​ពួកគេ​ឲ្យ​ជ្រក​នៅ​ផ្ទះ ឬ​ក៏​ដី​ឡូត៍​របស់​ខ្លួន​ដែល​មាន​កងកម្លាំង​ជា​អ្នក​យាម​ឲ្យ​ទៀត​បើ​ទោះបី​ជា​សមត្ថកិច្ច​ស៊ើប​អង្កេត​ដឹង​ហើយ​ក៏ដោយ​ក៏​ព្យាយាម​លាក់​គ្នា​ដែរ​ហើយ​បើ​ស្ទាបស្ទង់​ទៅ​មហាជន​រាង​ភ្លេច​ខ្លួន​​លែង​នឹក​គិត​ក៏​បញ្ចេញ​មក​វិញ ឬ​ក៏​មេៗ​ចេញ​ថ្លៃ​សង​ការ​ខូចខាត​ជំនួស​ចំពោះ​ជន​រងគ្រោះ​ទៅ​រួច​គ្នា​ហើយ​។

ឥឡូវ​ចូល​ដល់​ករណី​លោក ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​បាន​វាយ​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ​សន្តិសុខ​យាម​បុរី​សម្បត្តិ​មានហេង​ម្នាក់​យ៉ាង​ដំណំ​កាលពី​សប្តាហ៍​មុន​នេះ​។ អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ចេញ​ពី​កន្លែង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​ហើយ​ក៏​បញ្ជូន​ចេញ​ទៅ​ប្រទេស​វៀតណាម​បើ​ទោះបី​ជា​ជន​ដៃដល់​ចៅសង្កាត់​ព្រែកប្រា​ព្យាយាម​ធានា​មើល​​ថែទាំ និង​ប្រើ​វិធី​ដោះ​បន្ទុក​​ឲ្យ​គ្រូពេទ្យ​ចេញ​របាយការណ៍​ថា​អ្នក​ជំងឺ​ដែល​ជា​ជនរងគ្រោះ​ហ្នឹង​ធ្លាប់​មាន​ជំងឺ​តេតាណូ រមួល​សាច់ដុំ និង​មាន​ជំងឺ​ចាស់​ខ្សោយ​ប្រព័ន្ធ​ប្រាសាទ​ដើម្បី​សម្រាល​ទោស​ដែល​ខ្លួន​ប្រព្រឹត្ត​។

តែ​ការ​ចេញ​របាយការណ៍​ដែល​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ​បែប​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​មួយ​ចំនួន​អំពាវនាវ​ឲ្យ​គណៈ​គ្រូពេទ្យ​កម្ពុជា​ពិន័យ​ទៅ​លើ​គ្រូពេទ្យ​ដែល​​ចេញ​របាយការណ៍​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​សិទ្ធិ​របស់​អ្នក​ជំងឺ​ជា​សាធារណៈ​។

ម្យ៉ាង​ទៀត​ជនល្មើស​បាន​ប្រាប់​សារព័ត៌​មាន​ថា​គាត់​គ្រាន់​តែ​ទះ​កំផ្លៀង​ទេ​តែ​បើ​មើល​រូបភាព​វីដេអូឃ្លីប​ដែល​ត្រូវ​បាន​​គេ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​វិញ​គឺ​គាត់​បាន​វ៉ៃ​សន្តិសុខ​នោះ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ទៅ​វិញ​។

បន្ទាប់ពី​ចេញ​ដីកា​​ចាប់​ខ្លួន​ជនដៃដល់ ហូរ ហួត យឺត​​ពេល​ធ្វើឲ្យ​គាត់​រត់​គេច​ខ្លួន​ទៅ​ផ្ទះ​មេៗ​ណា​មួយ​ដែល​ជិតស្និទ្ធ​​របស់​គាត់​នោះ​ បើ​ទោះបី​ជា​អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ខ​ខណ្ឌ​ច្បារអំពៅ​ដឹងឮ​ហើយ​ក៏ដោយ ក៏​គាត់​មិន​ចាប់​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ដែរ​តាមរយៈ​ការ​អនុវត្ត​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ៨៧ បាន​ចែង​ថា​៖ «​ក្នុង​ករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​គ្រប់​បុគ្គល​ទាំង​អស់​អាច​ចាប់​ខ្លួន​ជនល្មើស​ហើយ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​ជូន​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​​»។

ឬ​មួយ​​ក៏​ចាំ​ដល់​ពេល​ជនរងគ្រោះ​មាន​ពិការភាព​ធ្ងន់ធ្ងរ ឬ​ក៏​បាត់បង់​ជីវិត​ទើប​បាន​តាម​ចាប់​ខ្លួន​ហើយ​ចោទ​បទឧក្រិដ្ឋ​ដោយ​ចេតនា​? មើល​ទៅ​ករណី​នេះ​ហាក់​បី​ដូចជា​របៀប​អូស​ក្រឡា​របស់​សមត្ថកិច្ច​ដោយ​បណ្តោះ​ខ្លួន​ជនល្មើស​ដែល​ជា​ចៅសង្កាត់​ធ្លាប់​ស្គាល់​គ្នា​ច្បាស់​​នោះ​? ដោយសារ​តែ​​យល់​ញាតិ​ឃ្លាត​ច្បាប់​ហ្នឹង​ហើយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខឹង​សម្បា​​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព​ប្រសិន​បើ​ករណី​នេះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មកពី​គណបក្ស​ប្រឆាំង​វិញ​បើ​មិន​ចេញ​ដីកា​ចាប់​បាន​ភ្លាម​ទាំង​យប់​ក៏​បាន​​ដែរ​។

ដូច​ករណី​លោក ស៊ាង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ខាង​គណបក្ស​សមរង្ស៊ី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ និង​តុលាការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពី​បទ​ព្យាយាម​យក​ប្រាក់​ ៥០០ ​ដុល្លារ​ទៅ​ឱ្យ​ម្តាយ​ ស្រីមុំ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។

ចំពោះ​បញ្ហា​ថ្នាក់​ក្រោម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​ដូច​លោក ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា​នេះ​មិន​ត្រឹមតែ​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ដែនដី​របស់​ខ្លួន​ជាពិសេស​គឺ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​នោះ​ទេ​គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​នោះ​មិន​សូវ​សប្បាយ​ចិត្ត​​ចំពោះ​របៀប​ធ្វើ​ឫកពា​ខ្ពស់​ជាង​ចៅសង្កាត់​ដែល​គេ​បោះឆ្នោត​ឲ្យ​ទៀត​គឺ​ទារ​លុយ​រត់ការ​សាងសង់ និង​អ្នក​រកស៊ី​ដូច​ឆៅៗ​។

រឿង​ត្រី​ស្អុយ​ក្នុង​បក្ស​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើក​ថា​លោក​ខំ​ធ្វើ​ល្អ​ច្រើន​ហើយ​តែ​នៅ​ពេល​ដែល​មន្ត្រី​ថ្នាក់​ក្រោម​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្អប់​គឺ​គេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​នេះ​ជា​បញ្ហា​ដែល​លោក​ត្រូវ​តែ​កាត់​សាច់​ស្អុយ​ចោល​ដោយសារ​ធ្វើឲ្យ​ប៉ះពាល់​ដល់​បក្ស​នោះ​ដូច​លទ្ធផល​ជាក់ស្តែង​បាត់​អស់​ ២២ ​អាសនៈ​នៅក្នុង​សភា​ជាតិ​អាណត្តិ​ទី​ ៥ ​នេះ​ជាដើម​។

ចំពោះ​ករណី​បុណ្យ​ស័ក្តិ​ត្រឹម​ចៅសង្កាត់​នេះ​គឺ​រង់ចាំ​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​ចាប់​ខ្លួន​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​? ឬ​ក៏​ចាំ​ដល់​លោក​អំពាវនាវ​ឲ្យ​ចូល​ខ្លួន​?

តាមពិត​ប្រវត្តិ​ដើម​របស់​ជនល្មើស ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា​នេះ​ធ្លាប់​ធ្វើ​ជា​ស្មៀន​នៅ​សង្កាត់​និរោធ រួច​ក៏​ប្តូរ​មក​ឈរ​ឈ្មោះ​លេខ​រៀង​ទី​ ២ តំណាង​​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មកពី​គណបក្ស​ប្រជាជន​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១២​។ តែ​មិន​ដឹង​ជា​ត្រូវ​វ៉ូវ​គ្នា​ជាមួយ​ថ្នាក់​លើ​​យ៉ាង​ម៉េច​ខ្លះ​ទេ​បាន​​ជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅសង្កាត់​​ ៦ ​ខែ​បន្ទាប់ពី​បោះឆ្នោត​ឃុំ-សង្កាត់​ខែ​មិថុនា​ឆ្នាំ​ ២០១២ ដើម្បី​ជំនួស​ចៅសង្កាត់​ចាស់​លោក ជួប ស៊ីថា ដែល​មាន​ប្រជាប្រិយភាព​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​ទៅ​វិញ (http://www.cen.com.kh)​។ ការ​ដាក់​លោក ហួរ ហួត ​ជំនួស​នេះ​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​សង្កាត់​ព្រែកប្រា​មួយ​ចំនួន​ធំ​មិន​ពេញ​ចិត្ត​ទេ​ព្រោះ​ពួកគាត់​បោះឆ្នោត​ឲ្យ​ចៅ​សង្កាត់​ចាស់​តែ​ការ​តវ៉ា​នោះ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។

ករណី​តែងតាំង​ជំនួស​ចៅ​សង្កាត់​ចាស់ ជួប ស៊ីថា ដែល​មាន​ប្រជាប្រិយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ហាក់បី​ដូចជា​ស៊ី​ភ្នែក​ជញ្ជីង​អ្នក​បោះឆ្នោត​ពេក​ហើយ​ព្រោះ​​កាល​ដែល​រក​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចង់​បាន​អ្នក​ធ្វើការ​ល្អ​ហើយ​មាន​ប្រជាប្រិយភាព​​ក្នុង​ដែនដី​ខ្លួន​តែ​ដល់​ពេល​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​តំណាង​ហើយ​មិន​ទាន់​បាន​ពាក់​កណ្តាល​អាណត្តិ​ផង​បែរ​ជា​បក្ស​លើក​បន្តុប​អ្នក​ពូកែ​រក​លុយ​គាប​ស៊ី​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​ខ្លួនឯង​ទៅវិញ​។

នេះ​គឺជា​ចំណុច​មួយ​សម្រាប់​អ្នក​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ថា​តើ​ត្រូវ​ជ្រើសរើស​តំណាង​ខ្លួន​បែប​ណា​? បែប​លេង​ល្បិច​ដដែល​នេះ​ទៀត​? ហើយ​បក្ស​កាន់​អំណាច តើ​អាច​ចាត់​វិធានការ​ចំពោះ​ត្រី​ស្អុយៗ​ក្នុង​បក្ស​នោះ​យ៉ាង​ដូច​ម្តេច​ដើម្បី​ស្រង់​ដើម ២២ ​កៅអី​វិញ​នោះ​? ឬ​ក៏​ឲ្យ​តែ​មាន​លុយ​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត ធ្វើការ​ដោះដូរ​តំណែង​កន្លែង​ចាស់​ដែល​មាន​បញ្ហា និង​ទៅ​កាន់​ប៉ុស្តិ៍​ថ្មី​ទៅ​វិញ​? តើ​រាជរដ្ឋាភិបាល​បង្ហាញ​គោល​ជំហរ​យ៉ាង​ដូច​ម្តេច​ចំពោះ​ការ​លុប​បំបាត់​ចោល​បញ្ហា​មន្ត្រី​ថ្នាក់​ក្រោម​ជើង​កាង​អាង​មេ​នោះ​ចោល​អស់​ពី​សង្គម​?