បញ្ឈប់ការបណ្តេញចេញ៖ សហគមន៍បឹងឈូកអេមិនគួរត្រូវបានបណ្តេញចេញក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩ឡើយ

រូបភាពពីសហគមន៍

អាជ្ញាធរខណ្ឌឬស្សីកែវបានបណ្តេញទាំងបង្ខំលើប្រជាពលរដ្ឋ២០ខ្នងផ្ទះ នៃសហគមន៍បឹងឈូកអេ ដែលស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយអាជ្ញាធរបានអះអាងថា ដីនេះទុកសម្រាប់ការអភិវឌ្ឍគម្រោងសាធារណៈ។ គិតមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ផ្ទះប្រជាពលរដ្ឋ ១១ ខ្នង ក្នុងចំណោម ២០ខ្នងផ្ទះ ត្រូវបានរុះរើចេញដោយគ្មានសំណង។ អាជ្ញាធរមូលដ្ឋានបានសន្យាថានឹងផ្តល់ថវិកាចំនួន ៥០០,០០០ រៀល (ប្រហែលជា ១២៥ ដុល្លារអាមេរិក) សម្រាប់គ្រួសារទាំងនោះ​ ប៉ុន្តែពួកគេមិនទាន់ទទួលបាននៅឡើយទេ។

 

អាជ្ញាធរខណ្ឌឬស្សីកែវបានអញ្ជើញប្រជាពលរដ្ឋទាំង២០ខ្នងផ្ទះ ចូលរួមកិច្ច​ប្រជុំមួយកាលពីថ្ងៃទី២៨ ខែសីហា ២០២០ ដើម្បីពិភាក្សាក្នុងការផ្តល់សំណងមានលក្ខណៈជាការផ្តល់ដីឡូរ៍ជូនសមាជិកសហគមន៍ដែលប៉ះពាល់។ បើយោងទៅតាមតំណាងសហគមន៍ម្នាក់ អាជ្ញាធរខណ្ឌឬស្សីកែវបានសន្យាថានឹងផ្តល់ដីឡូរ៍ទំហំ ៤ x ១៥ ម៉ែត្រ ដែលស្ថិតនៅបណ្តោយប្រឡាយអូរវែង ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ជូនគ្រួសារដែលបានប៉ះពាល់នេះ។ នៅពេលនោះ ប្រជាពលរដ្ឋទាំង២០ខ្នងផ្ទះបានទទួលនូវសំណើរនេះ ប៉ុន្តែពួកគេមិនទាន់ទទួលបានដីឡូរ៍តាមការសន្យានោះទេ។

 

តំណាងសហគមន៍ម្នាក់បានលើកឡើងថា វាពិតជាលំបាកណាស់ ដែលយើងមិនទទួលបានសំណងសមរម្យ។​ ឥឡូវនេះ មានគ្រូសារខ្លះបានទៅសុំស្នាក់នៅជាមួយនឹងសាច់ញាតិរបស់់គេ ឬជួលផ្ទះគេ ហើយមានគ្រួសារមួយមិនមានកន្លែងដែលត្រូវទៅ ដូច្នេះពួគគេរស់នៅទីនេះដោយការបោះតង់””។​

 

ទាក់ទងនិងដំណើរការនែការផ្លាស់ប្តូរទីតាំងសហគមន៍ក្រីក្រនេះ សាលារាជធានីភ្នំពេញ និងអជ្ញាធរទាំងអស់គួរគោរព ការពារ និងបំពេញនូវសិទ្ធិមានលំនៅឋានសមរម្យ និងបទដ្ឋានសិទ្ធិមនុស្សនានាដូចជា គោលការណ៍ណែនាំស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី” របស់អង្គការសហប្រជាជាតិ គួរត្រូវបានយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ហើយប្រាកដថា វាជាការដោះស្រាយមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍តែម្តង។ លើសពីនេះទៅទៀត អជ្ញាធរគួរតែដោះស្រាយនូវបញ្ហាទាំងនេះដោយសន្តិវិធី ដោយផ្តល់សំណងសមរម្យ និងសមធម៌ទៅដល់គ្រួសារដែលនៅសេសសល់ ហើយបន្តការគាំទ្រទៅដល់គ្រួសារដែលបានផ្លាស់ប្តូរទីលំនៅ ដោយផ្តល់នូវសេវាសាធារណៈ ដូចជាប្រព័ន្ធទឹក ភ្លើង ផ្លូវ ព្រមទាំងឪកាសការងារ ឬកិច្ចគាំពារសង្គម ប្រសិនបើពួកគេមិនអាចរកការងារធ្វើបាន។

Comments