នៅព្រឹកថ្ងៃទី២៩ ខែមិនានេះ ប្រជាពលរដ្ឋសហគមន៍ជ្រោយចង្វាប្រមាណ៣០ នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងគោលបំណងស្នើសុំអោយស្ថាប័នមួយនេះជួយអន្តរាគមន៍រកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន OCIC ។
ប្រជាសហគមន៍បានលើកឡើងនៅក្នុងញត្តិនោះថា៖ សុំបដិសេធចំពោះសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ ០១២/១៧ សជណច ដែលសំរេចប្រគល់ដីគោលនយោបាយ ១០% នៃផ្ទៃដីកាន់កាប់របស់ប្រជាពលរដ្ឋម្នាក់ៗ និងសំណើសុំអោយ ឯកឧត្តមទេសរដ្ឋមន្រ្តី មេតា្តជួយរកយុត្តិធម៌ និងដំណោះស្រាយសមរម្យអាចទទួលយកបានទាំងអស់គ្នា។
លោកពូ ជា សុផាត ដែលជាតំណាងសហគមន៍ជ្រោយចង្វាបានថ្លែងថា៖ ប្រជាសហគមន៍សុខចិត្តបរិចាកដីស្រែចំការ៥០%ជូនរដ្ឋដើម្បីអភិវឌ្ឍន៍ លើកលែងតែដីលំនៅដ្ឋានត្រូវឆ្វៀលចេញ និងប្រជាសហគមន៍ដែលមានដីធ្លីតិចតួចត្រូវចេញប័ណ្ណកម្មសិទ្ធិជូនពួកគេ។
តំណាងរបស់ក្រសួងបានចេញមកទទួលញត្តិរបស់ពួកគាត់ ហើយថានឹងផ្ដល់ដំណឹងនៅពេលក្រោយ។
