ប្រជាសហគមន៍តាមបណ្តោយផ្លូវរថភ្លើង ដាក់ញត្តិនៅសាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍ប្រមាណជា ៥០នាក់ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ មានដូចជា សហគមន៍ភូមិ២ ភូមិ១៧ ភូមិ២១ ភូមិ២៣ សហគ​មន៍១០៤ និង១០៥ និងសហគមន៍អភិវឌ្ឍន៍ថ្មី បានមកជួបជុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ និងតាមដានញត្តិដែលពួកគេបានដាក់ជូនសាលារាជធានីភ្នំពេញកាលពីពេលកន្លងមក ដើម្បីស្នើសុំសាលារាជធានីភ្នំពេញជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស ។

អ្នកស្រី មាស ស្រីម៉ុម តំណាងសហគមន៍ភូមិ២៣ បានលើកឡើងអំពីគោលបំណងនៃការជួបជុំនេះថា៖ “គោលបំណងនៃមកលើកនេះគឺមាន បីសំខាន់ៗ ទី១ ស្នើសុំឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង ទី២ ស្នើសុំកម្មសិទ្ធិដីធ្លីស្របច្បាប់ និងទី៣ ស្នើសុំឲ្យមានការផ្តល់នូវទីតាំងថ្មីដែលស្ថិតនៅមិនឆ្ងាយទីកន្លែងដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះ  ប្រសិនបើមានការអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះមែន។”

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះអតីតអភិបាលសាលារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រកាសពីគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវដែកចាប់ពីផ្លូវលេខ៧០ រហូតដល់ផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការព្រួយបារម្ភ និងបានស្មើសុំសាលារាជធានីភ្នំពេញបង្ហាញប្លង់មេ (Master Plan) អំពីការអភិវឌ្ឍនេះ៕