នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ សហគមន៍បុរីកីឡាបានប្រារព្ធខួប៧ឆ្នាំនៃការបណ្តេញចេញដោយបង្ខំពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមកពីសហគមន៍ផ្សេងៗ និងក្រុមសង្គមស៊ីវិល ប្រមាណ ៥០ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍បុរីកីឡា ដើម្បីប្រារព្ធពិធីសាសនា និងថ្លែងទៅកាន់អ្នកសារព័ត៌មាន អំពីការបណ្តេញចេញដោយបង្ខំ និងសិទិ្ធដីធ្លីរបស់អ្នកទាំងនោះ។ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន បាននិយាយថា សមាជិករបស់អ្នកស្រីដែលនៅសេសសល់ចំនួន ៧គ្រួសារទៀត មិនព្រមទទួលនូវសំណងរបស់ក្រុមហ៊ុន ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា សំណងដែលក្រុមហ៊ុនផ្តល់ឱ្យកន្លងមកនោះគឺមិនសមរម្យ ដែលមិនអាចឱ្យក្រុមគ្រួសារទាំងនោះអាចយកទៅទិញផ្ទះនៅកន្លែងផ្សេងទៀតបានឡេីយ។ ដូច្នេះ អ្នកស្រី និងសមាជិកផ្សេងទៀតនៅតែបន្តទាមទារការអភិវឌ្ឍនៅនឹងកន្លែងតែម្តង។ កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង ៨ព្រឹក និងបានបញ្ចាប់នៅម៉ោង ១០ព្រឹក ដោយស្ថិតនៅក្នុងការឃ្លាំមើលពីអាជ្ញាធរខណ្ឌ ៧មករា ប្រមាណ ១០នាក់ និងបានហាមឃាត់ប្រជាសហគមន៍មិនឲ្យមានការព្យួរ ឬកាន់បដាអ្វីទាំងអស់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ពលរដ្ឋសហគមន៍បុរីកីឡា ត្រូវបានអាជ្ញាធរបណ្តេញចេញដោយបង្ខំពីទីតាំងសហគមន៍របស់អ្នកទាំងនោះ នៅពេលក្រុមហ៊ុន ផាន អ៊ីមិច ដែលគ្រប់គ្រងដោយអ្នកស្រី ស៊ុយ សុផាន បានឈូសឆាយផ្ទះសំបែងរបស់អ្នកទាំងនោះ ដោយមិនបានជូនដំណឹងជាមុន និងមានការជួយពីកងកម្លាំងប្រដាប់អាវុធជាច្រើន។
ក្រុមហ៊ុន ផាន អ៊ីមិច បានទទួលដីសម្បទាននៅទីតាំងនោះ ដោយមានកិច្ចសន្យាថា នឹងត្រូវសាងសង់អាគារចំនួន ១០ នៅលើទីតាំងនោះ ដើម្បីអភិវឌ្ឍនៅនឹងកន្លែងជូនពលរដ្ឋបុរីកីឡា ហើយដីដែលនៅសល់ចំនួន ២,៦ ហិកតា នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន។ ប៉ុន្តែ នៅឆ្នាំ ២០១០ ក្រុមហ៊ុន បានរំលោភកិច្ចសន្យា បន្ទាប់ពីបានសាងសង់អាគារទី ៨ ដោយធ្វើឲ្យពលរដ្ឋចំនួន ៣០០ គ្រួសារ មិនទាន់បានទទួលផ្ទះសំបែង៕