Thursday, February 22, 2024
Latest:

ប្រជាសហគមន៍បុរីកីឡា និងភ្នំបាតប្រារព្ធពិធីរំលឹកខួប ៥ឆ្នាំនៃការបណ្តេញ

នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍រងគ្រោះដោយសារទំនាស់ដីធ្លី​ មានសហគមន៍បុរីកីឡា ភ្នំបាត (អតីតអ្នកបុរីកីឡា) ​អតីតអ្នកបឹងកក់​ និងបណ្តាសហគមន៍ដ៏ទៃទៀតប្រមាណជា ១០០នាក់ បានមកជួបជុំគ្នានៅតំបន់បុរីកីឡា ដើម្បីប្រារព្ធខួបគម្រប់ ៥ឆ្នាំនៃការបណ្តេញរបស់ពួកគេចេញតំបន់នេះ។ ប្រជាសហគមន៍បានមកជួបជុំគ្នា ហើយបានស្រែកទាមទារ និងលើកជាបដាផ្សេងៗ ដើម្បីអោយរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន ផាន អ៊ីម៉ិច ត្រូវដោះស្រាយជូនពួកគាត់នូវបញ្ហាដីធ្លីដែលបានកើតឡើងអស់រយៈពេល ៥ឆ្នាំកន្លងមកហើយ គឺចាប់ពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១២ មកម្ល៉េះ។  លើសពីនេះទៅទៀត ពួកគាត់ក៏បានទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារពីក្រុមហ៊ុន និងឡើងទៅរស់នៅលើអគារចាស់នោះវិញប្រសិនបើក្រុមហ៊ុនមិនព្រមផ្តល់សំណង។ គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នេះក៏មានការដាក់កម្លាំងកងសន្តិសុខខណ្ឌ ៧មករា ជាច្រើននាក់មករារាំងប្រជាសហគមន៍ឡើងទៅលើអគារនោះផងដែរ ៕