ប្រជាសហគមន៍រងគ្រោះដីធ្លីខេត្តកោះកុងរកអន្តរគមន៍ពីក្រសួងដែនដីបញ្ជាក់ពីសំណង

ប្រជាសហគមន៍រងគ្រោះដីធ្លីខេត្តកោះកុងប្រមាណ៥០នាក់បានប្រមូលផ្ដុំគ្នារកកិច្ចអន្តរគមន៍ពីក្រសួងដែនដី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោយពី ក្រសួងផ្ដល់ដីជាសំណងដល់ពួកគាត់ ប៉ុន្តែដីនោះត្រូវបានហាមឃាត់ដោយអាជ្ញាធរមូលដ្ឋាន។

អ្នកស្រី ផាវ ញឹងលើកឡើងថា៖ «ក្រសួងថាបើប្រជាជនព្រមយកដីនៅហ្នឹង នឹងដោះស្រាយលឿន ទាំងលុយនិងដី តែដល់ពេលឥឡូវពេលប្រជាជនព្រមយកបែរជាមានប្រតិកម្មពីមេឃុំជីខលើ ប្រតិកម្មពីក្រុមហ៊ុនមកថា ដីគេសោះអ្នកឯងទៅមើលអីហ្នឹង អ្នកណាអោយមកមើលដីហ្នឹង»។

តំណាងក្រសួងដែនដីដែលចេញមកជួបប្រជាសហគមន៍និយាយថា៖ ក្រសួងកំពុងតែធ្វើការលើរឿងហ្នឹងហើយ សូមឲ្យប្រជាសហគមន៍ត្រឡប់ទៅផ្ទះវិញសិន ខាងក្រសួងនឹងផ្ដល់ដំណឹងតាមក្រោយ។

ប្រជាសហគមន៍ខេត្តកោះកុងទាំង១៧៥គ្រួសារព្រមទទួលសំណង ដីបីហិចតា និងលុយពីពាន់ប្រាំរយដុល្លា ពីក្រុមហ៊ុនកោះកុងស៊ូហ្គ័រ ហើយក្រសួងដែនដីជាអ្នកសម្របសម្រួល។ ក្នុងនោះផងដែរ ប្រជាសហគមន៍ក៏បានស្នើដល់ក្រសួងជួយពន្លឿនការដោះស្រាយ ដើម្បីងាយស្រួលពួកគាត់រៀបចំដីសម្រាប់ធ្វើស្រែចំការ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី មានចំនួន១៧៥គ្រួសារ លើផ្ទៃដីសរុប ៧៨២,១៦ ហិចតា ស្ថិតនៅក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និង ភូមិតាធង ភូមិព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្ដាល ភូមិជីខ ឃុំជីខលើ ឃុំជីខក្រោម ភូមិព្រែកជីក ភូមិកណ្ដាល ឃុំកណ្ដាល។ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ៕