នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាងមកពីខេត្តកំពង់ឆ្នាំងប្រមាណជា ៤០នាក់ តំណាងឱ្យ៤៥គ្រួសារ បានមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ឯកសារជាភស្តុតាងបន្ថែម ដែលខាងតុលាការតម្រូវឱ្យស្វែងរកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ បន្ទាប់ពីបានដាក់ឯកសារជាភស្តុតាងជូនសាលាដំបូងរាជធានីភ្នំពេញ ប្រជាសហគមន៍ទាំងនោះបានបន្តដំណើរទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌ពីបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC)។ តំណាងក្រសួងយុត្តិធម៌ បានចេញមកទទួលញត្តិពីប្រជាហគមន៍ និងបានសន្យាថានឹងជូនដំណឹងនៅពេលក្រោយ។
បញ្ហាជម្លោះដីធ្លីដ៏រ៊ាំរៃនៃសហគមន៍ឡពាង ដែលស្ថិតនៅភូមិ ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអូសបន្លាយអស់រយៈពេល ១៣ឆ្នាំហើយ គឺតាំងពីឆ្នាំ២០០៦ មកម្ល៉េះ តែនៅមិនទាន់បានដំណោះស្រាយសមស្របណាមួយ ដែលប្រជាសហគមន៍អាចទទួលយកបាននៅឡើយទេ។
លោកស្រី អ៊ុម សុភី ប្រធានសហគមន៍ឡពាងបានឱ្យដឹងថា “ ពួកគាត់មិនត្រូវការអ្វីច្រើននោះទេ គ្រាន់តែចង់ឱ្យតុលាការរាជធានីភ្នំពេញ បើកសវនាការរឿងជម្លោះដីធ្លីដ៏រ៊ាំរ៉ៃ ជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) ព្រោះកន្លងមកតុលារការមិនទាន់មានចំណាត់ការណាមួយនៅឡើយ” ។
លោកស្រីបានបន្តទៀតថា “កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពួកគាត់បានមកតុលាការម្តងហើយ តែតុលាការតម្រូវឱ្យ ពួកគាត់រកភស្តុតាងបន្ថែមទាក់ទងសុំណុំរឿងសុំមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងភាគីក្រុមហ៊ុន និងប្រជាសហគមន៍ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។ តែពេលដែលពួកគាត់ទៅសួរខាងសាលាស្រុក សាលាស្រុកថាអត់មានទេ ព្រោះកិច្ចសន្យាគឺស្ថិតនៅក្នុងដៃលោក ផាត់ ពៅសៀង ជាមេធាវីរបស់លោកជំទាវ ជា ខេង។ មានន័យថា កិច្ចសន្យាមានតែភាគីខាងក្រុមហ៊ុនតែម្ខាង សូម្បីតែសាលាស្រុកក៏អត់មានផង។”
គួរបញ្ជាក់ផងដែរថា បញ្ហាជីវភាពរបស់ប្រជាសហគមន៍ឡពាងកាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីដីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនព័ទ្ធរបង និងមានជម្លោះរហូតមកដល់ពេលនេះ។