ផ្លូវ​កាត់​វិហារ​អ៊ិស្លាម ​បឹងកក់ ​នឹង​ត្រូវ​ធ្វើ ​ទោះបី​នៅ​មាន​ការ​តវ៉ា

ប្រភព៖ The Phnom Penh Post

ភ្នំពេញ: ផ្លូវ​កាត់​វិហារ​អ៊ិស្លាម​នៅ​បឹងកក់​អាច​នឹង​ត្រូវ​សាងសង់​នាពេល​ឆាប់ៗ​នេះ​ក្រោយ​ពេល​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​វាស់វែង​ចាក់​បង្គោល​ស៊ីម៉ងត៍​កំណត់​ទីតាំង​ធ្វើ​ផ្លូវ​ដ៏ចម្រូង​ចម្រាស​នេះ​ខណៈ​ការ​តវ៉ា​ប្រឆាំង​នៅ​តែ​បន្ត។

សមត្ថកិច្ច​ប៉ូលិស​ប្រជាការពារ​ខណ្ឌ​ដូនពេញ​រួម​ទាំង​អាវុធហត្ថ​ជាច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​បរិវេណ​វិហារ​អ៊ិស្លាម Al-Serkal កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ដើម្បី​ការពារ​ការ​តវ៉ា​ពី​អ្នក​ដែល​ប្រឆាំង​នឹង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​នេះ​ដែល​អាច​កើត​មាន​ជាយថាហេតុ។

លោក ឃួង ស្រេង អភិបាលរង​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការ​វាស់វែង​ផ្លូវ​នេះ​បាន​ថ្លែង​ថា​នេះ​គ្រាន់​តែ​ជា​ដំណាក់កាល​វាស់វែង​ប៉ុណ្ណោះ​ដោយ​ទុក​ឱកាស​ឲ្យ​អ្នក​មិន​យល់​ស្រប​ធ្វើការ​តវ៉ា​តាម​ក្រោយ​បន្ទាប់ពី​ការ​វាស់វែង​ត្រូវ​បាន​ធ្វើ​រួចរាល់។

យោង​តាម​ផែនទី​ដែល​មន្ត្រី​សាលា​ក្រុង​ម្នាក់​បាន​បង្ហាញ​កាលពី​ម្សិលមិញ​ផ្លូវ​នេះ​មាន​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ២០០ ម៉ែត្រ​ពី​ច្រក​ចូល​ខ្លោង​ទ្វារ​ធំ​ខាង​កើត​ទៅ​របង​វិហារ។

លោក អាម៉ាត់ យ៉ះយ៉ា ដែល​ជា​អ្នក​ប្រឆាំង​នឹង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​នេះ​បាន​ថ្លែង​នៅ​ក្នុង​បរិវេណ​វិហារ​ថា លោក​នៅ​តែ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ផ្លូវ​នេះ។ ប៉ុន្តែ​លោក​ថា​នៅ​ទីបំផុត​រដ្ឋាភិបាល​ជា​អ្នក​ឈ្នះ។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជា​ចុងក្រោយ​ថា​គម្រោង​ផ្លូវ​ដែល​បាន​វាស់វែង​កាលពី​ម្សិលមិញ​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ៕

អ្នកអាចរកប្រភពដើមនៅទីនេះ​​
រូបភាពដោយ The Phnom Penh Post